របាំត្រុដិ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “របាំត្រុដិ”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE #AmericanInterconSchool  

របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិខ្មែរព្រៃភ្នំដូចជា ពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀតនៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើនតែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមានរបាំម៉ុងសាយ ដើម្បីសម្តែងដេញឧបទ្រពចង្រៃ។
 
តាមការពិត របាំត្រុដិនេះគឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរសប្បាយផង។ ពាក្យត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗ ក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់រាប និងវាលទំនាប។ 

ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន។ នេះជាអត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរ ពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃដូចជា ត្រកួត ប្រើស ឈ្លូស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពិធីរាំឡើងភូមិ។
 
និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឱ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួកអ្នករាំកាន់សញ្ញាសម្រាប់កំណត់ ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាងផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នាដោយមានពាក់ស្នែងទន្សោងលើក្បាលរបស់គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើសដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវគេបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខលាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។ 

ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬអាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការផ្តល់នូវផលប្រយោជន៍ សុភមង្គលរបស់មនុស្សក្នុងសង្គមដោយរួមរឹតសម្ព័ន្ធភាព សាមគ្គីភាពរបស់ពួកគេឡើងវិញ។ ទស្សនៈបែបនេះ ពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ ក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈវណ្ណៈក្នុងសង្គម ត្រូវពង្រឹងសាជាថ្មីឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គលដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវរូបភាពឯកភាពផ្នែកជំនឿសាសនា។ 

សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំង ចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ៕ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/របាំត្រុដិ