
នៅក្នុងបរិយាកាសថ្នាក់រៀនដែលពោរពេញដោយការចាប់អារម្មណ៍ និងសំឡេងរីករាយ សិស្សានុសិស្សថ្នាក់ទី៥ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានចូលរួមសកម្មភាពពិសោធន៍មុខវិជ្ជាវិទ្យាសាស្រ្ត ស្តីពីអគ្គិសនី ដែលជាផ្នែកមួយនៃការសិក្សាដែលផ្តោតលើការអនុវត្តជាក់ស្តែង។
ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូ សោម សុជាតុល សិស្សានុសិស្សបានចាប់ផ្តើមឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃអគ្គិសនី តាមរយៈការតភ្ជាប់សៀគ្វីអគ្គិសនីជាស៊េរី និងជាខ្នែង។ ពួកគេមិនត្រឹមតែស្តាប់ទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមអនុវត្តដោយដៃផ្ទាល់ ដោយប្រើឧបករណ៍សាមញ្ញដូចជា ថ្មពិល ខ្សែភ្លើង និងអំពូលភ្លើង ដើម្បីសង្កេតឃើញលទ្ធផលជាក់ស្តែង។
តាមរយៈការអនុវត្តពិសោធនេះ សិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញសំខាន់ៗដូចជា ការធ្វើការជាក្រុម ការចែករំលែកយោបល់ និងការដោះស្រាយបញ្ហាដោយខ្លួនឯង។ បរិយាកាសសិក្សាបែបនេះបានជំរុញឱ្យសិស្សមានការចូលរួមយ៉ាងសកម្ម និងមានភាពទុកចិត្តលើខ្លួនឯងកាន់តែខ្ពស់។
លោកគ្រូបានបញ្ជាក់បន្ថែមថា សកម្មភាពពិសោធន៍ជាផ្នែកសំខាន់មួយដែលធ្វើឱ្យសិស្សមានការចាប់អារម្មណ៍ខ្លាំងជាងការសិក្សាទ្រឹស្តីតែមួយមុខ។ ជាក់ស្តែង លោកបានសង្កេតឃើញថា សិស្សភាគច្រើនចូលចិត្ត និងរីករាយក្នុងការចូលរួមសកម្មភាពអនុវត្តន៍បែបនេះ ព្រោះវាធ្វើឱ្យពួកគេយល់ដឹងបានច្បាស់ និងចងចាំបានយូរ។