នាយិកាចាងហ្វាង
ជម្រាបសួរ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់! ស្វាគមន៍ប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់។ នាងខ្ញុំឈ្មោះ គាក ម៉ាណែត ជានាយិកាចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។
នាងខ្ញុំបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៣ ទទួលការបណ្តុះបណ្តាលគរុកោសល្យគ្រូកម្រិតឧត្តម បរិញ្ញា+១ នៅវិទ្យាស្ថានជាតិអប់រំក្នុងឆ្នាំ២០០៤ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអក្សរសាស្រ្តខ្មែរក្នុងឆ្នាំ២០១៣។ ក្នុងឆ្នាំ២០០៥ នាងខ្ញុំបានចូលបំរើការងារក្នុងវិស័យអប់រំ ក្រោយមកនៅក៏បានចូលបំរើការងារជាគ្រូបង្រៀន ពាក់ពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីឆ្នាំ២០០៧។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា ដោយមានចក្ខុវិស័យមួយជាក់លាក់គឺធានាបាននូវគុណភាព វិន័យ និងសេវាកម្ម។ សាលារៀនបានបណ្តុះឆន្ទៈសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ ស្វ័យសិក្សា តាមរយៈប្រព័ន្ធអ៊ីនធឺណេត បណ្តុំឯកសារជាច្រើននៅក្នុងបណ្ណាល័យ ការសិក្សាជាក្រុម ក្លិបមិត្តជួយមិត្ត ជម្រុញការអានបន្ថែម លើកទឹកចិត្តសិស្សានុសិស្សឱ្យមានភាពក្លាហាន ចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ទទួលយកនូវអ្វីដែលថ្មីដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងឱ្យទាន់សម័យកាល។ ផែនការគោលដៅរបស់សាលាគឺចូលរួមក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់អភិវឌ្ឍសង្គមជាតិ គឺមានទាំងចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និងចេះរស់នៅក្នុងសង្គមបានល្អប្រសើរនិងមានទំនួលខុសត្រូវខ្ពស់។
ជាចុងក្រោយនាងខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
«អភិវឌ្ឍសង្គមត្រូវការធនធាន ធនធានសម្រេចបាន អាស្រ័យនឹងការអប់រំដែលមានគុណភាព»