ប្រធានអ្នកប្រឹក្សាសិក្សាសាលា
អ្នកស្រី លួន ស្រីទូច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១០។ អ្នកស្រីបានចូលបម្រើការងារជា អ្នកសម្របសម្រួលកម្មវិធី ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅ អង្គការសមាគមថែទាំគ្រួសារកម្ពុជា (រ៉ាក់) (RHAC) ផ្តោតទៅលើការអប់រំ និងការប្រឹក្សាយោបល់ដល់យុវវ័យ នៅក្នុងសហគមន៍ ដូចជា៖ ផលលំបាកនៃបោះបង់ការសិក្សានៅវ័យក្មេងពេក ការថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្ត អនាម័យក្នុងការរស់នៅ ការស្លៀកពាក់ ការបរិភោគ ការរៀបចំផែនការគ្រួសារ និងសុខភាពបន្តពូជ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ អ្នកស្រីក៏បានប្តូរទៅបម្រើការងារជា បុគ្គលិកកម្មវិធី នៅអង្គការមូលនិធិស្ម័គ្រចិត្តកម្ពុជា (Cambodia Volunteer Foundation) ក្នុងការសម្របសម្រួលចំពោះអ្នកស័្មគ្រចិត្តជាជនជាតិបរទេស ដែលពួកគាត់មកស្ម័គ្រចិត្តជួយនៅតាមអង្គការនានានៅប្រទេសកម្ពុជា ដូចជាជួយបង្រៀន ភាសាអង់គ្លេស ថែទាំទារក កុមារ ប្រឹក្សាយោបល់ដល់ប្អូនៗ។
អ្នកស្រី លួន ស្រីទូច បានចូលបម្រើការងារជាអ្នកប្រឹក្សាសិក្សាសាលា (School Counselor) នៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។ អ្នកស្រីបានរួមចំណែកក្នុងការចែករំលែកនូវវិធីសាស្រ្តសិក្សា អប់រំវិន័យ និងសីលធម៌ទៅដល់សិស្សានុសិស្សដែលកំពុងមានវត្តមាននៅសាលារៀន អន្តរទ្វីប អាមេរិកាំងយ៉ាងសកម្មដើម្បីឱ្យទទួលបាននូវគុណភាពសិក្សា វិន័យ និងសីលធម៌។ មិនតែប៉ុណ្ណោះ អ្នកស្រីបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិត្តសាស្រ្តក្នុងការជួយសម្របសម្រួល និងប្រឹក្សាបញ្ហាផ្លូវចិត្តទៅដល់សិស្សានុសិស្ស និងក្រុមការងារផ្ទាល់ ។
ដោយយោងទៅលើសមត្ថភាពការងារ ខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ ក្នុងការបំពេញការងារអស់រយៈពេល៦ឆ្នាំ អ្នកស្រីត្រូវបានដំឡើងតួនាទីពីអ្នកប្រឹក្សាសិក្សាសាលា ទៅជាប្រធានអ្នកប្រឹក្សាសិក្សាសាលា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដែលបច្ចុប្បន្ន នឹងត្រូវជួយសម្របសម្រួលលើអ្នកប្រឹក្សាសិក្សាសាលាទាំងប្រាំមួយសាខា។ សាលាមានការកោតសរសើរយ៉ាងស្មោះចំពោះអ្នកស្រី ដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។