ភេសជ្ជៈ៥ប្រភេទ ជួយសម្រួលបំពង់ក និងបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “ភេសជ្ជៈ៥ប្រភេទ ជួយសម្រួលបំពង់ក និងបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ”
អត្ថបទដកស្រង់ដោយ : តាប់ សោភ័ណ្ឌ
#MJQE #AmericanInterconSchool

ក្នុងរដូវកាលត្រជាក់ យើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ថែរក្សាខ្លួនឱ្យមានសុខភាពល្អ។ យើងត្រូវរក្សាខ្លួនឱ្យមានភាពកក់ក្តៅ កុំឱ្យឈឺ ឬរលាកបំពង់ក ព្រមទាំងបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង។ ដោយហេតុនេះ ថ្ងៃនេះ ខ្ញុំសូមចែករំលែកដល់អ្នកទាំងអស់គ្នាឱ្យទទួលទានភេសជ្ជៈ៥ប្រភេទ ដែលល្អសម្រាប់សុខភាព ដូចខាងក្រោមនេះ៖
 
១. តែទឹកឃ្មុំក្រូចឆ្មា :
តែនេះស្រួលធ្វើណាស់គ្រាន់តែលាយទឹកក្តៅធម្មតាជាមួយទឹកឃ្មុំ២ស្លាបព្រាបាយ និងច្របាច់ក្រូចឆ្មាបន្តិចដាក់ចូលជាការស្រេច តែកុំមើលងាយឱ្យសោះ ព្រោះតែនេះមានប្រសិទ្ធភាពជាងអ្វីដែលអ្នកគិតទៅទៀត។ វាជួយឱ្យយើងធូរស្បើយពេលឈឺបំពង់ក ក្អក និងកាត់បន្ថយហៀរសំបោរ។ តែនេះមានវីតាមីនសេច្រើនដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ 

២. តែខ្ញី និងស្លឹកគ្រៃ :
ប្រជាជនខ្មែរភាគច្រើនចូលចិត្តផឹកតែខ្ញី និងស្លឹកគ្រៃពេលផ្តាសាយ និងឈឺបំពង់ក។ ខ្ញីនិងស្លឹកគ្រៃ គឺជាគ្រឿងផ្សំដែលមានអត្ថប្រយោជន៍ច្រើនណាស់ដោយវាអាចការពារអ្នកពីវីរុសឆ្លង ជួយធ្វើឱ្យធូរស្បើយពេលឈឺបំពង់ក និងកាត់បន្ថយការកកស្ទះសំបោរនៅក្នុងច្រមុះ។ អ្នកអាចលាយទឹកក្តៅជាមួយខ្ញី និងស្លឹកគ្រៃទុកមួយសន្ទុះរួចទទួលទានបានជាស្រេច។

៣. តែឈើអែម :
តែនេះមានក្លិនក្រអូបប្រហើរ។ តែឈើអែម ផ្តល់ភាពកក់ក្តៅដល់ខ្លួនយើង និងជួយសម្រួលដល់បំពង់ក ព្រមទាំងកាត់បន្ថយការរលាកបំពង់កជាដើម។ ដើម្បីធ្វើតែមួយប្រភេទនេះ យើងត្រូវកម្តៅទឹកដោះគោ១ពែង ឱ្យក្តៅ ល្មម ហើយដាក់ម្សៅឈើអែម១ស្លាបព្រាកាហ្វេ ម្សៅខ្ញីកន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាបាយ ជាការស្រេច។ 

៤. តែបៃតង :
អ្នកណាមិនចូលចិត្តតែបៃតងនោះ? តែបៃតងមិនត្រឹមតែឆ្ងាញ់នោះទេ យើងអាចយកតែបៃតងទៅធ្វើភេសជ្ជៈច្រើនប្រភេទទៀតផង។ តែនេះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង និងអាចជួយការពារជំងឺផ្តាសាយផងដែរ។

៥. តែក្រូចឆ្មារ :
ទឹកតែក្រូចឆ្មារ ជាភេសជ្ជៈចម្បងតែម្តងសម្រាប់ប្រជាជនកម្ពុជា។ មនុស្សគ្រប់គ្នានៅខ្មែរប្រាកដជាធ្លាប់បានផឹកតែក្រូចឆ្មារហើយ។ វានឹងរឹតតែល្អប្រសិនជាអ្នកទាំងអស់គ្នានឹងបន្តផឹកតែក្រូចឆ្មារនោះ ព្រោះវាល្អចំពោះសុខភាពយើង។  វាល្អត្រង់ថាក្រូចឆ្មារមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសេខ្ពស់ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជួយឱ្យសាច់ស្អាតទៀត។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ INSIDER, Healthline, Keyingredient, Good Housekeeping