អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អ្នកនិពន្ធ និងអ្នកអាន”
អត្ថបទដោយ : ប៉ែន មាលតី
#MJQE #AmericanInterconSchool
តាំងពីបុរាណកាលមកប្រជាជនខ្មែរតិចណាស់ដែលទម្លាប់សរសេរនិងអាន ឬមួយនេះជាឫសគល់របស់ខ្មែរដែលមិនអាចរំលើងបាន ទើបសម័យនេះទៅហើយប្រជាជនកម្ពុជា ពិសេសយុវជនមិននិយម តែងនិពន្ធនិងអានសៀវភៅ។ មុនពេលមានអក្សរខ្មែរប្រើប្រាស់ជាផ្លូវការ បុព្វបុរសខ្មែរបានចាររឿងរ៉ាវនានានៅលើផ្ទាំងសិលា ពិសេសនៅតាមប្រាង្គប្រាសាទនានា។ រឿងរ៉ាវទាំងនោះសម្តែងឡើងជារូបភាពមនុស្ស សត្វ ទៅតាមរឿងរ៉ាវរបស់គម្ពីរវេទ និងជំនឿរបស់ព្រះពុទ្ធសាសនាដែលរូបភាពទាំងនោះ មានតែអ្នកសិក្សាដ៏តិចតួចប៉ុណ្ណោះអាចបកស្រាយ និងយល់ដឹងបាន។ សព្វថ្ងៃប្រជាជនខ្មែរមានអក្សរប្រើប្រាស់ជាផ្លូវការ មានការបោះពុម្ពផ្សាយ មានភាពយន្ត និងឈានទៅដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា កុំព្យូទ័រ ទូរសព្ទផងដែរ។ តែការសរសេរ និងការស្វះស្វែងអានសៀវភៅនៅតែជាបញ្ហា និងនៅមានកម្រិតនៅឡើយ។
មួយឆ្នាំម្តងមជ្ឈមណ្ឌលវប្បធម៌បារាំង រៀបចំកម្មវិធីពិព័រណ៍សៀវភៅដែលជួយជំរុញឱ្យមានការអាននៅកម្ពុជា។ រាល់ពេលមានកម្មវិធីនេះម្តងៗ តែងឃើញមានការផ្សព្វផ្សាយថា “កម្ពុជាកំពុងតែមានអ្នកអានច្រើនជាងមុន” ឬថា “សន្ទុះនៃការអានសៀវភៅកំពុងតែរីកដុះដាល” តែនេះគ្រាន់តែជាការភូតភរតែប៉ុណ្ណោះ ព្រោះអ្នកនិពន្ធនៅកម្ពុជាបានខិតខំប្រឹងប្រែងតាក់តែង និងបោះពុម្ពផ្សាយប្រលោមលោក និងកំណាព្យណាស់ តែស្នាដៃរបស់ពួកគេលក់មិនដាច់។ ចំនួនសៀវភៅប្រហែលមួយពាន់ក្បាល និងចំនួនមនុស្សរាប់លាននាក់ ខុសគ្នាឆ្ងាយណាស់ តែអ្នកនិពន្ធប្រើពេលពីរឆ្នាំនៅតែលក់មិនអស់ដដែល។ នេះបញ្ជាក់ឱ្យឃើញថា អ្នកអាននៅមិនទាន់ចង់ចេះដឹង ឬក្រេបជញ្ជក់រសជាតិនៃការផ្តួចផ្តើម ឬបង្ហាញនូវទស្សនៈថ្មីៗរបស់អ្នកនិពន្ធទេ។
ការមិននិយមអាន ធ្វើឱ្យអ្នកនិពន្ធជាប់គាំង អស់ទឹកចិត្តនឹងបន្តអាជីពរបស់ខ្លួនតទៅទៀត។ អ្នកនិពន្ធខ្មែរសម័យថ្មីប្រឹងប្រែងតែងនិពន្ធណាស់ តែបន្ទាប់ពីនិពន្ធបានហើយត្រូវដើរលក់ស្នាដៃរបស់ខ្លួនយ៉ាងលំបាកលំបិន ពិបាកជាងលក់សាច់ជ្រូកនៅផ្សារទៅទៀត ក្រោមក្រសែភ្នែកបន្ទាបបន្ថោករបស់ឈ្មួញសៀវភៅមួយចំនួន។ អាជីពជាអ្នកនិពន្ធត្រូវរងនូវការមើលងាយដោយប្រយោល ពីសំណាក់សាធារណជន ដែលធ្វើអ្នកនិពន្ធបាក់ទឹកចិត្ត រហូតដល់មានអ្នកនិពន្ធខ្លះសុខចិត្តបោះបង់អាជីពជាអ្នកនិពន្ធ និងរត់ភៀសខ្លួនចោលស្រុកទេសក៏មានដែរ ព្រោះតែមិនអាចប្រឈមមុខនឹងបញ្ហាទាំងនេះបាន។