អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ផលប៉ះពាល់សុខភាពនៃការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE #AmericanInterconSchool
គ្រឿងស្រវឹង ឬស្រា គឺជាសារជាតិពុលម្យ៉ាងដែលត្រូវបានផលិតចេញពីម្សៅមេ វាជាសារជាតិដែលមាន ឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់។ ស្រាធ្វើឱ្យប៉ះពាល់ ឬខូចខាតស្ទើរគ្រប់សរីរាង្គក្នុងខ្លួនយើង ប្រសិនបើមានការទទួលទានច្រើនពេក។ វាក៏នាំឱ្យមានការផ្លាស់ប្តូរដំណើរការក្នុងសរីរាង្គរបស់យើងទាំងរាងកាយ ខួរក្បាល ហើយក្នុងនោះអ្នកទទួលទានជាប់អាចនាំឱ្យ ញៀន។
នៅក្នុងសង្គមបច្ចុប្បន្ន គ្រឿងស្រវឹងភាគច្រើនត្រូវបានដាក់ជូនសម្រាប់បម្រើការនៅក្នុងពិធីជួបជុំនានាដូចជា ពិធីអាពាហ៍ពិពាហ៍ ឡើងគេហដ្ឋាន ខួបកំណើត និងកម្មពិធីជប់លៀងផ្សេងៗ។ គ្រឿងស្រវឹងមិនមានតែឈ្មោះស្រាបៀរប៉ុណ្ណោះទេ ក្នុងនោះក៏មានប្រភេទគ្រឿងស្រវឹងផ្សេងៗទៀតដូចជា ទឹកត្នោតជូរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។
គ្រឿងស្រវឹងប៉ះពាល់សុខភាព
១. ពេលខ្លី ឬភ្លាមៗ :
ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណមានផលប៉ះពាល់ភ្លាមៗដែលបង្កើនហានិភ័យនៃស្ថានភាពសុខភាពដែលបង្កគ្រោះថ្នាក់ជាច្រើនមានដូចខាងក្រោម៖
• នៅលើស្បែក អាចឡើងរោល ក្រហមមុខ ហើម ឬអាឡែកស៊ី
• បាត់បង់ការគ្រប់គ្រងអារម្មណ៍ ស្មារតី
• ងងុយគេង បាត់បង់ជាតិស្ករ រាគ ក្អួត ចង្អោរ ចង្វាក់បេះដូងមិនប្រក្រតី ខ្យល់គ សន្លប់
• គ្រោះថ្នាក់ចរាចរណ៍ លង់ទឹក រលាក ឆក់ខ្សែភ្លើង
• អំពើហឹង្សាផ្សេងៗទាំងក្នុងគ្រួសារ និងអ្នកដទៃ ការរំលោភផ្លូវភេទ ការធ្វើអត្តឃាត ឬសម្លាប់ខ្លួន
• ការពុលស្រា ឬអាល់កុលដែលបណ្តាលមកពីកម្រិតជាតិអាល់កុលក្នុងឈាមខ្ពស់ នាំឱ្យមានការសង្រ្គោះបន្ទាន់
• ប៉ះពាល់ដល់ផ្លូវភេទ រួមទាំងការរួមភេទដោយមិនបានការពារ ឬការរួមភេទជាមួយដៃគូច្រើន អាច
បណ្តាលឱ្យមានផ្ទៃពោះដោយអចេតនា ឬជំងឺកាមរោគ រួមទាំងមេរោគអេដស៍។
២. រយៈពេលវែង :
ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណអាចនាំទៅរកការវិវត្តនៃជំងឺរ៉ាំរ៉ៃ និងបញ្ហាធ្ងន់ធ្ងរផ្សេងទៀតរួមមាន៖
• អសមត្ថភាពផ្លូវភេទ ទាំងបុរស និងស្រ្តី (បុរសធ្វើឱ្យឆាប់ចេញទឹកកាម លិង្គមិនឡើងរឹង មេជីវិតបុរសថយចុះ ចំណែកស្រ្តី អាចប៉ះពាល់ទាំងសម្ភព និងរោគស្រ្តី និងអ្នកមានផ្ទៃពោះអាចឱ្យប៉ះពាល់ទារកក្នុងផ្ទៃ អាចរលូតកូន កូនកើតមុនកំណត់ ឬកូនមានសតិបញ្ញាមិនល្អ)
• ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ បង្កើនឱកាសនៃការឈឺចាប់
• មហារីកសុដន់ មាត់ បំពង់ក បំពង់អាហារ ប្រអប់សំឡេង ថ្លើម ពោះវៀនធំ និងរន្ធគូទ
• ជំងឺកង្វះអាហារូបត្ថម្ភ ដោយសារក្រពះ ពោះវៀនស្រូបអត់បានល្អ ដែលនាំឱ្យខ្វះជាតិវីតាមីន ប្រូតេ អ៊ីន និងសារជាតិរ៉ែផ្សេងៗ
• បញ្ហាក្នុងការសិក្សា និងការចងចាំថយចុះ ឬបាត់បង់ រួមទាំងជំងឺវង្វេង ជាពិសេសអ្នកកំពុងសិក្សា
• បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ
• ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម ប៉ះពាល់លំពែងដែលអាចឱ្យទៅជាជំងឺទឹកនោមផ្អែម បញ្ហារំលាយអាហារក្នុងក្រពះ ពោះវៀន ជំងឺតម្រងនោម
• បញ្ហាសង្គម រួមទាំងបញ្ហាគ្រួសារ បញ្ហាទាក់ទងនឹងការងារ និងភាពអត់ការងារធ្វើ
• អាចធ្វើឱ្យមុខចាស់ជាងវ័យ
• ក្លាយជាអ្នកញៀនសុរា៕
អត្ថបតដកស្រង់ និងកែសម្រួលចេញពី៖ https://www.rhac.org.kh