ប្រយោជន៍ចំពោះសុខភាព៦ប្រការ ដែលបានពីការដើរទេសចរណ៍កម្សាន្ត

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ “ប្រយោជន៍ចំពោះសុខភាព៦ប្រការ ដែលបានពីការដើរទេសចរណ៍កម្សាន្ត”

អត្ថបទដកស្រង់ដោយ : អ៊ុន ច័ន្ទនិមល

#MJQE #AmericanInterconSchool

 

ការធ្វើទេសចរណ៍ដើរលេងកម្សាន្តដើម្បីសម្រាកលម្ហែ មិនមែនត្រឹមផ្ដល់នូវភាពសប្បាយរីករាយដ៏សែនជក់ចិត្តប៉ុណ្ណោះទេ តែនៅហុចផលល្អដល់ទាំងសុខភាពរាងកាយ និងសុខភាពចិត្តរបស់មនុស្សយើងទៀតផង។ មិនថាតែការទៅទស្សនាទីក្រុងថ្មីៗ ចេញទៅទស្សនាទេសភាពដ៏ស្រស់ត្រកាល ឬទៅស្រូបខ្យល់អាកាសបរិសុទ្ធនៅទីជនបទនោះទេ បើលោកអ្នកមានឱកាសធ្វើរឿងទាំងអស់នេះ នោះគឺហេតុផលដែលលោកអ្នកគួរតែរៀបចំធ្វើដំណើរកម្សាន្តហើយ។ តើអ្នកធ្លាប់ដឹងទេថា ដំណើរកម្សាន្តរបស់លោកអ្នកបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការដើរទេសចរណ៍កម្សាន្ត៖

 

១. ការដើរលេងកម្សាន្តហុចផលល្អដល់បេះដូង :

មិនថាការដើរលេងនៅក្នុងទីក្រុង ឬក្នុងធម្មជាតិនោះទេ កិច្ចការងារនេះនឹងជួយឱ្យលោកអ្នកបានដើរដល់ ១០,០០០ជំហានក្នុងមួយថ្ងៃ ឬប្រមាណ៦.៥គីឡូម៉ែត្រ ដែលរាប់បានថា ជាការហាត់ប្រាណកម្រិតមធ្យមដែលល្អបំផុត។ ការធ្វើទស្សនាចរបែបដើរមើលទេសភាព បូកជាមួយការធ្វើការងារផ្សេងៗទៀតផងនោះ ហុចផលល្អដល់សុខភាពជារួម ជាពិសេសបំផុតចំពោះបេះដូង។

 

២. ការដើរលេងកម្សាន្តជួយឱ្យមានអារម្មណ៍ដូចបានវិលត្រឡប់ទៅវ័យកំលោះក្រមុំម្ដងទៀត :

របាយការណ៍របស់អង្គការ Global Coalition on Aging បានបញ្ជាក់ថា ភាពតានតឹងធុញថប់ ជាបច្ច័យជំរុញឱ្យមនុស្សឆាប់ចាស់ជរា។ ការធ្លាក់ចូលក្នុងសភាវធុញថប់តានតឹងអារម្មណ៍ ប្រៀបដូចជាការដែលយើងចាក់អ័រម៉ូន Cortisol ដែលជាអ័រម៉ូននៃភាពធុញថប់តានតឹងចូលទៅក្នុងរាងកាយរាល់ថ្ងៃ ហុចផលឱ្យប្រព័ន្ធការពារជំងឺចុះទន់ខ្សោយ និងបង្កើនឱកាសដល់ជំងឺដង្កាត់ផ្សេងៗដូច្នោះដែរ។ យ៉ាងណាក្ដី ការសម្រាកលម្ហែដោយការដើរលេងកម្សាន្តអាចជួយព្យាបាលបញ្ហាសុខភាពទាំងអស់នោះបាន។

 

៣. ការដើរលេងកម្សាន្តជួយឱ្យសតិបញ្ញាមុតស្រួច :

ការដើរលេងកម្សាន្តបើកឱកាសឱ្យយើងបានជួបនឹងស្ថានការណ៍ផ្សេងៗ ដែលជួយជំរុញខួរក្បាលរបស់យើងដូចជា ម្ហូបអាហារ និងបរិស្ថានជុំវិញខ្លួនថ្មីៗ ឬភាសាដែលយើងមិនដែលធ្លាប់ជួបជាដើម។ របាយការណ៍របស់អង្គការ Global Coalition on Aging បញ្ជាក់ថា ការបានជួបនឹងវប្បធម៌ប្រពៃណីជនបទ និងការបានឃើញទីកន្លែងថ្មីៗ មិនត្រឹមតែធ្វើឱ្យយើងកាន់តែឆ្លាតឡើងនោះទេ តែនៅជួយពន្យារជំងឺខាងខួរក្បាលផ្សេងៗបានដូចជា ជំងឺអាល់ហ្សៃមើរ៍ ជាដើម។ វេជ្ជបណ្ឌិតជំនាញនៃប្រទេសសហរដ្ឋអាមេរិកបានពោលថា “ការដើរលេងកម្សាន្ត គឺជាឱសថដ៏ល្អឯក” ព្រោះការបានជួបនឹងបទពិសោធ និងបរិស្ថានថ្មីៗ ជួយសំលៀងខួរក្បាលឱ្យមានការគិត និងសតិបញ្ញាមុតស្រួចជាប់ជានិច្ច។ អាចហៅបានថា ជាកិច្ចការងារសំខាន់មួយដែលជួយបង្កើនសុខភាពខួរក្បាល និងធ្វើឱ្យខួរក្បាលមានភាពរហ័សរហួន វាងវៃរហូតមួយជីវិត។

 

៤. ការដើរលេងកម្សាន្តជួយជំរុញការគិតបែបចម្រើន :

“បើអ្នកចង់បានគំនិតល្អៗ អ្នកត្រូវឈប់គិតអំពីវា” នេះគឺជាពាក្យណែនាំដែលអាចផ្ទុយនឹងការនឹកឃើញរបស់មនុស្សភាគច្រើនដែល ចេមស៍ វេបប៍ យ៉័ង អ្នកគ្រប់គ្រងក្រុមហ៊ុនផលិតភាពយន្តពាណិជ្ជកម្មដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកបានសរសេរទុកនៅក្នុងសៀវភៅបង្រៀនអំពីទិចនិកការបង្កើតគំនិតថ្មីៗឈ្មោះ A Technique for Producing Ideas។ ខណៈពេលជាមួយគ្នា គាត់ក៏មិនបានមានន័យថា កម្លាំងជំរុញចិត្តក្នុងការគិតការងារផលិតភាពយន្តពាណិជ្ជកម្មរបស់គាត់ វាធ្លាក់ចុះមកពីលើមេឃយ៉ាងគួរឱ្យអស្ចារ្យក្នុងចិត្តដែរ។ តែផ្ទុយទៅវិញ គាត់នឹងពិនិត្យពិច័យពាក់ព័ន្ធនឹងការងារនោះជាដំបូង តែចង្វាក់ដែលគាត់ “នឹកឃើញអៃឌៀភ្លែតឡើង” ច្រើនតែកើតឡើងនៅពេលក្រោយ នៅពេលដែលគាត់បង្វែរចំណាប់អារម្មណ៍ទៅធ្វើអ្វីផ្សេង ដូចជាការមើលកុនជាដើម។ បច្ចុប្បន្ន អ្នកជំនាញខាងប្រព័ន្ធប្រសាទវិទ្យាបានដឹងហើយថា បរិស្ថានជុំវិញ និងបទពិសោធថ្មីៗ ជួយជំរុញការតភ្ជាប់របស់សរសៃខួរក្បាលថ្មីៗបាន និងជួយបំផុសការគិតឱ្យឈ្លាសវៃជាប់ជានិច្ច។

 

៥. ការដើរលេងកម្សាន្តជួយបង្កើនប្រសិទ្ធភាពការធ្វើការងារ :

អាការនឿយហត់ក្នុងការធ្វើការងារ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលគេប្រទះឃើញយ៉ាងច្រើននៅក្នុងកន្លែងធ្វើការ។ បញ្ហានេះមិនបានហុចផលអាក្រក់តែលើនិយោជិតប៉ុណ្ណោះទេ តែវាថែមទាំងជាបន្ទុករបស់ប្រព័ន្ធផ្ដល់សេវាសុខភាពរបស់រដ្ឋ រួមទាំងក្រុមហ៊ុន និងស្ថាប័នទូទាំងពិភពលោកទៀតផង (ដែលកើតការខាតបង់ខាងធុរកិច្ចពីការដែលបុគ្គលិកសុំឈប់សម្រាក មានបញ្ហាក្នុងការធ្វើការងារជាដើម)។ លោកវេជ្ជបណ្ឌិត ឈិមិ ខាំង អ្នកដឹកនាំការសិក្សាស្រាវជ្រាវរឿងប្រព័ន្ធប្រសាទវិទ្យាសាស្រ្តនៃសេចក្ដីសុខ និងសុខភាពល្អឥតខ្ចោះ បានបញ្ជាក់ថា ការឱ្យខួរក្បាលបានសម្រាកលម្ហែដើម្បីឱ្យត្រឡប់ទៅរកសភាវការធ្វើការដូចដើមនោះ នឹងជួយលើផ្នែកខាងការគិតកែបញ្ហា និងតភ្ជាប់ការគិតផ្សេងៗឱ្យចូលជាមួយគ្នា។

 

៦. ការដើរលេងកម្សាន្តជួយជំរុញការអភិវឌ្ឍខ្លួនឯង :

បើអ្នកស្ថិតក្នុងវ័យកំលោះក្រមុំ និងមានឱកាសបានផ្លាស់ទៅរស់នៅប្រទេសក្រៅមួយរយៈនោះ ចូរកុំបណ្ដោយឱ្យឱកាសនោះរបូតផុតពីដៃឱ្យសោះ ព្រោះការងារស្រាវជ្រាវមួយបានចង្អុលបង្ហាញថា បទពិសោធទាំងនោះនឹងហុចផលល្អយ៉ាងខ្លាំងក្នុងការអភិវឌ្ឍខ្លួនឯង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតដែលបានទៅជួបនឹងជីវិតនៅក្រៅប្រទេស ច្រើនតែមានចំណាប់អារម្មណ៍លើអ្វីៗជុំវិញខ្លួនខ្លាំងជាងអ្នកឯទៀត។ អ្នកដែល      ត្រឡប់មកពីបរទេស ច្រើនតែមានសញ្ញាថា នឹងមានការគិតដែលបើកទូលាយចំពោះបទពិសោធថ្មីៗ និងភាពនឹងនរខាងអារម្មណ៍។ អ្នកស្រាវជ្រាវបញ្ជាក់ថា “មនុស្សទាំងនោះ ភាគច្រើនៗតែមានការរិះគិតល្អិតល្អន់ ចិត្តទូលាយ និងមានភាពនឹងនរខាងអារម្មណ៍ច្រើនជាងក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរពីយុវជនទៅជាមនុស្សចាស់”។ ដូច្នេះ មិនថាអ្នកស្ថិតក្នុងវ័យណា ឬចូលចិត្តការដើរលេងកម្សាន្តបែបណាក៏ដោយ គឺសុទ្ធតែនឹងបានទទួលប្រយោជន៍ពីការរកពេលវេលាទំនេរទៅដើរលេងធ្វើទេសចរណ៍កម្សាន្តទាំងអស់ បើមិនច្រើន ក៏តិចដែរ៕