លំហាត់ប្រាណដែលអ្នកមានបញ្ហាផ្លូវចិត្តគួរធ្វើ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ : “លំហាត់ប្រាណដែលអ្នកមានបញ្ហាផ្លូវចិត្តគួរធ្វើ”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE #AmericanInterconSchool

សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត ដូចជាបញ្ហាថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត វិធីព្យាបាលរបស់ពួកគាត់ គឺការជួបពិគ្រោះជាមួយអ្នកជំនាញ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ បន្ថែមពីលើនេះ ការធ្វើលំហាត់ប្រាណក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្ត ជាពិសេសអារម្មណ៍ដែរដោយហេតុថា កាលណាអ្នកធ្វើលំហាត់ប្រាណជាប្រចាំនោះ សុខភាពផ្លូវកាយ និងចិត្តរបស់អ្នកនឹងកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាដែលនឹងបង្កជាផលវិជ្ជមានដល់ជីវិតរបស់អ្នក។

ជាក់ស្តែង ការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថា “លំហាត់ប្រាណជាប្រចាំជួយបន្ធូរនូវអារម្មណ៍ក្រៀមក្រំរបស់អ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ” ហើយឥទ្ធិពលរបស់វា គឺមានយូរជាងថ្នាំរម្ងាប់អារម្មណ៍ទៅទៀត។ ហេតុនេះ ដើម្បីស្រាយចម្ងល់ ក៏ដូចជាការចែកជូននូវចំណេះដឹងបន្ថែមទាក់ទងលំហាត់ប្រាណបែបណាខ្លះល្អសម្រាប់អ្នកមានបញ្ហាផ្លូវចិត្តមានដូចខាងក្រោម៖

១. យោគៈ៖ គឺជាទូទៅធ្វើឱ្យមានអារម្មណ៍ថាស្រណុកកាយ និងចិត្ត ហើយឥទ្ធិពលរបស់វាមានរយៈពេលវែង។ មានការសិក្សាមួយបានបង្ហាញដែរថា អ្នកដែលចូលរួមក្នុងការហាត់យោគៈជាប្រចាំ ពិតជាមានអារម្មណ៍ធូរស្បើយអំពីបញ្ហាថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត កំហឹង និងបញ្ហាប្រព័ន្ធប្រសាទផ្សេងៗផង    ដែរ។ ជាក់ស្តែង យោគៈច្រើនតែជាការដកដង្ហើមវែងៗ និងការផ្តោតសំខាន់ទៅលើផ្នែកខាងក្នុងនៃរាងកាយ ដែលពិតជាមានគុណប្រយោជន៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត។

២. ការរត់៖ មនុស្សភាគច្រើនចាប់ផ្តើមរត់មួយភ្លែត (រត់មួួយអស់ជើង) ឬរត់ត្រឹកៗមួយរយៈពេល រាល់ពេលដែលមានអារម្មណ៍ពិបាកចិត្ត។ នេះគឺពិតជាជម្រើសដ៏ល្អ ដោយហេតុថា ការរត់នឹងធ្វើឱ្យអ្នកបញ្ចេញនូវអង់ដូហ្វីន (Endorphins) ដែលជាអ័រម៉ូនជំរុញឱ្យមានអារម្មណ៍ល្អ ហើយមិនខុសពីយោគៈដែរ វាមានឥទ្ធិពលមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ក្នុងការសម្រួលដល់អារម្មណ៍នៃការធ្លាក់ទឹកចិត្ត។

៣. ការឡើងភ្នំ៖ មិនត្រឹមតែជាសកម្មភាពដែលជាជំនួយដល់សុខភាពបេះដូងប៉ុណ្ណោះទេ ការឡើងភ្នំក៏បង្កើតនូវឱកាសក្នុងការនៅខាងក្រៅ និងចំណាយពេលច្រើនជាមួយនឹងធម្មជាតិទៀតផងដែរ ប្រាកដណាស់ គឺផ្តល់នូវផលវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ លទ្ធផលស្រាវជ្រាវមួយដោយ Environmental Health and Preventive Medicine បានរកឃើញថា អ្នកដែលបានដើរកម្សាន្ត ឬចំណាយពេលនៅក្នុងតំបន់ព្រៃ គឺមានអ័រម៉ូនស្ត្រេសទាបជាងអ្នកដែលដើរកម្សាន្តនៅក្នុងទីក្រុង ឬទីប្រជុំជន។

៤. ការរាំ៖ មិនថាការរាំចង្វាក់ហ្សូមបា ឬចង្វាក់ដែលមានដៃគូរាំការហាត់ប្រាណតាមចង្វាក់ភ្លេងជាក្រុម ឬការរាំតាមចង្វាក់ភ្លេង (បែប Freestyle) តែម្នាក់ឯងនោះទេ ការរាំ គឺពិតជាមានប្រសិទ្ធភាពក្នុងការបំបាត់នូវអាការៈស្ត្រេស និងថប់អារម្មណ៍។ ប្រៀបធៀបនឹងថ្នាក់កីឡាធម្មតា ថ្នាក់រាំ គឺមានឥទ្ធិពលលើបញ្ហាផ្លូវចិត្តច្រើនជាងគេ ព្រោះតែការរាំប្រៀបបានជាការបង្ហាញចេញនូវអ្វីពីក្នុងខ្លួន ដែលអាចពង្រឹងដល់ទំនាក់ទំនងរវាងសុខភាពផ្លូវកាយ និងចិត្ត។

៥. ថៃជី៖ នេះប្រហែលជាធ្លាប់បានស្គាល់ហើយថា វាជាប្រភេទលំហាត់ប្រាណដែលមានដើមកំណើតមកពីប្រទេសចិនដែលជាការលាយឡំគ្នារវាងក្បាច់គុណ និងចលនាសមាធិ។ ជាក់ស្តែងណាស់ វាជាប្រភេទលំហាត់ប្រាណដែលតម្រូវឱ្យមានការផ្តោតអារម្មណ៍ ការរក្សាលំនឹងរាងកាយ ការសម្រាកនៃសាច់ដុំ និងការដកដង្ហើមដោយមិនបង្ខំ ដែលសុទ្ធតែជាសកម្មភាពអំណោយផលដល់ផ្លូវចិត្ត។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ 
https://www.manulife.com.kh/km/insights/exercise-mental-problem-people-should-do.html