អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពភ្នែក”
អត្ថបទដកស្រង់ដោយ : ជ្រឺ ផល្លា
#MJQE #AmericanInterconSchool
មិនថាតែវ័យចាស់ ឬក្មេងនោះទេ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពយើងច្រើនមិនថាសុខភាពបេះដូង ខួរក្បាល សរសៃឈាមនោះទេ ក្នុងនោះក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។ ការគេងមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រោះជាពេលវេលាដែលភ្នែកអាចសម្រាក បន្ទាប់ពីការសម្លឹងធ្វើចលនាអស់រយៈពេលជាច្រើនម៉ោង ប្រឈមនឹងបរិយាកាសខាងក្រៅដូចជា ពន្លឺ កម្ដៅ ធូលី និងខ្យល់ប៉ះផងទៀតនោះ។ ភ្នែករបស់យើងក៏ត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ មិនខុសពីសរីរាង្គផ្សេងទៀតនោះដែរ។ តាមការសិក្សាបានបង្ហាញថា ភ្នែកត្រូវការពេលវេលាសម្រាកយ៉ាងហោចបាន ៥ម៉ោង ក្នុងមួយថ្ងៃ តែបើចង់ឱ្យសុខភាពកាន់តែល្អ គួរសម្រាកឱ្យបានចាប់ពី៦ម៉ោង នោះសុខភាពភ្នែករបស់យើងនឹងល្អប្រសើរ។
ប្រសិនបើការគេងរបស់យើងមិនគ្រប់គ្រាន់ ឬតិចជាង៥ម៉ោង នឹងធ្វើឱ្យភ្នែកយើងអាចប្រឈមបញ្ហាដូចជា ការឡើងជាំខ្មៅជុំវិញរង្វង់ភ្នែក ភ្នែកឡើងក្រហម ក្ដៅភ្នែក ស្ងួតភ្នែក ហៀរទឹកភ្នែកច្រើនខុសធម្មតា ចុករួយភ្នែក រមាស់ក្នុងភ្នែក អាចប្រឈមការរលាកភ្នែកស្រួចស្រាល និងករណីខ្លះអាចធ្វើឱ្យយើងមិនអាចសម្លឹងមើលឃើញបានច្បាស់ល្អ។ អាការៈទាំងនេះថ្វីដ្បិតជាមិនសូវធ្ងន់ធ្ងរពិតមែន ប៉ុន្ដែយើងក៏មិនអាចបណ្ដែតបណ្ដោយនោះដែរ។
តើការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឱ្យភ្នែកមានជំងឺធ្ងន់ធ្ងរដែរទេ?
មិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបង្កភ្នែកកើតជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្ដែអាការៈមួយចំនួនអាចបង្កការរំខានដល់ការរស់នៅ ម្យ៉ាងទៀតអាការៈខាងលើក៏ជាមូលហេតុចម្បងមួយដែលអាចវិវត្ដទៅរកជំងឺធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានការពារ ឬព្យាបាលឱ្យបានត្រឹមត្រូវនោះទេ ពិសេសការទម្លាប់គេងមិនគ្រប់គ្រាន់ ឬតិចជាង៥ម៉ោងតែម្ដង។ តួយ៉ាងដូចជា អាការៈក្ដៅភ្នែក ស្ងួតភ្នែកជាដើម ដែលទាមទារការយកចិត្ដទុកដាក់ការពារ ពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ។
ការថែទាំភ្នែកឱ្យមានសុខភាពល្អ :
ភ្នែកគឺជាសរីរាង្គយ៉ាងសំខាន់ជួយឱ្យយើងអាចមើលឃើញនូវអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន ដូច្នេះយើងត្រូវតែយកចិត្ដទុកដាក់ថែទាំឱ្យបានល្អ៖
• គេងឱ្យបានគ្រប់គ្រាន់ លើសពី៥ម៉ោង
• ញ៉ាំអាហារមានជីវជាតិ ពពួកវីតាមីន A B C និងអាស៊ីតខ្លាញ់អូមេហ្គា៣
• ផឹកទឹកឱ្យបានច្រើន
• ហាត់ប្រាណ ឬលេងកីឡា ជាប្រចាំ
• ពាក់វ៉ែនតា មួក ពេលចេញក្រៅ
• សម្រកទម្ងន់
• កុំជក់បារី
• ទៅជួបគ្រូពេទ្យ ពេលភ្នែកមានបញ្ហា៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://hellokrupet.com/%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%
e1%9e%97%e1%9f%92%e1%9e%93%e1%9f%82%e1%9e%80/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9
e%90%e1%9f%82%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%97%e1%9f%92%e1%9e%93%e1%9f%82%
e1%9e%80/177612/