អត្ថប្រយោជន៍របស់ខ្ទឹមស

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ : “អត្ថប្រយោជន៍របស់ខ្ទឹមស”
អត្ថបទដកស្រង់ដោយ : ប៉ាំង លាងស៊ីម
#MJQE #AmericanInterconSchool

ខ្ទឹមសជាអាហារមានក្លិនឈួលបន្ដិច ប៉ុន្ដែមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើន។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យមមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប្រូតេអ៊ីន ០.៥ក្រាម កាបូនអ៊ីដ្រាត ២.៩៨ក្រាម ថាមពល ១៣.៤១គីឡូកាល់ឡូរី កាល់ស្យូម ១៦.២៩មីល្លីក្រាម ម៉ាញ៉េស្យូម ២.២៥មីល្លីក្រាម     ផូស្វ័រ ១៣មីល្លីក្រាម ប៉ូតាស្យូម ៣៦មីល្លីក្រាម វីតាមីនB6 ០.១១មីល្លីក្រាម និងវីតាមីនC ០.៨មីល្លីក្រាម ។ ដោយសារតែមានសារធាតុចិញ្ចឹមច្រើនដូច្នេះហើយទើបខ្ទឹមសមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ខ្ទឹមស៖

១. ជំនួយខួរក្បាល :
ខ្ទឹមសមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និងដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះក៏ជួយសម្រួលទៅដល់ប្រព័ន្ធប្រសាទទៀតផង។

២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ :
ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ កន្លងមកយើងដឹងបានថា ភាគច្រើនវីតាមីន C មាននៅក្នុងប្រភេទផ្លែឈើដូចជា ផ្លែក្រូច ទំពាំងបាយជូរ ប៉ុន្ដែវាក៏មាននៅក្នុងខ្ទឹមសផងដែរ។

៣. ប្រឆាំងនឹងការរលាក :
ខ្ទឹមសក៏អាចប្រឆាំងទៅនឹងការលាកបានយ៉ាងមានប្រសិទ្ធភាព ពិសេសការរលាកដែលបង្កឡើងដោយ អុកស៊ីតកម្ម និងអាចកាត់បន្ថយហានិភ័យពីជំងឺមហារីកបានផងដែរ។ ការសិក្សាបានបង្ហាញថា ការរលាកដោយអុកស៊ីតកម្មក្នុងរាងកាយ អាចបង្កជាជំងឺរ៉ាំរ៉ៃ ប្រសិនជាមិនបានទទួលការព្យាបាលនោះទេ នឹងអាចវិវត្ដទៅជាជំងឺហារីកបាន។

៤. ជំនួយថ្លើម :
ការសិក្សាបានបង្ហាញថា ខ្ទឹមសក៏ជួយការពារថ្លើមពីជាតិពុលក្នុងអាហារប្រចាំថ្ងៃ និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរ។ ជាក់ស្ដែងណាស់ ប្រសិនថ្លើមមានសុខភាពល្អ គឺជួយឱ្យរាងកាយរបស់យើងធ្វើការបានរហ័ស និងបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព ដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូល។

៥. ជំនួយបេះដូង :
ការញ៉ាំខ្ទឹមសជាប្រចាំជួយដល់សុខភាពបេះដូង និងសរសៃឈាម។ យោងតាមការលើកឡើងរបស់អ្នកឯកទេសផ្នែកសុខភាពចំណីអាហារ អ្នកស្រីវេជ្ជបណ្ឌិត Vikki Petersen បេះដូងមានទំនាក់ទំនងជាមួយសរសៃឈាម ហើយការញ៉ាំខ្ទឹមស គឺអាចជួយបញ្ចុះកូលេស្ដេរ៉ូលក្នុងសរសៃឈាមបានល្អ ធ្វើឱ្យសម្ពាធឈាមមានសភាពធម្មតា លើសពីនេះទៀតសមត្ថភាពប្រឆាំងនឹងការរលាករបស់ខ្ទឹមស គឺជាអត្ថប្រយោជន៍ដ៏ធំមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនេះឯង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://hellokrupet.com/