អត្ថបទព័ត៌មានស្តីពីវិទ្យាសាស្ត្រ និងរបកគំហើញ
ក្រោមប្រធានបទ “ចិនបញ្ជូនយានទៅយកសំណាកដីនៅតំបន់ងងឹតនៃភពព្រះចន្ទ”
អត្ថបទដកស្រង់ដោយ : ជុំ ប៊ុន្នី
#MJQE #AmericanInterconSchool
ប្រទេសចិនបានបានបញ្ជូនយាន Chang’e 6 ហោះឡើងជាមួយនឹងរ៉ុក្កែត Long March 5 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Wenchang លើកោះ Hainan កាលពីថ្ងៃទី០៣ ខែឧសភា វេលាម៉ោង១៦:២៧នាទី ម៉ោងនៅកម្ពុជា។ ក្នុងរយៈពេលនៃការហោះហើរអស់រយៈពេល53ថ្ងៃ យានអវកាស Chang’e 6 នឹងឆ្ពោះទៅកាន់តំបន់ទំនាបនៅប៉ូលខាងត្បូង Aitken (SPA) ដែលស្ថិតក្នុងតំបន់ងងឹតរបស់ព្រះចន្ទ ជាទីដែលមិនអាចមើលឃើញភពផែនដី។ នេះបើតាមទីភ្នាក់ងារអវកាសចិន (CNSA)។
បេសកកម្មនេះបានរើសយកសំណាកដី និងថ្មចំនួនពីរគីឡូក្រាមពីតំបន់ចុះចត និងនាំយកមកកាន់ផែនដីដើម្បីវិភាគលម្អិត។ ដំណើរការរើសយកសំណាកដីព្រះចន្ទនឹងត្រូវបានគាំទ្រដោយផ្កាយរណប Queqiao-2 ដែលត្រូវបានបាញ់បង្ហោះកាលពីខែមីនា និងកំពុងគោចរជុំវិញព្រះចន្ទ រង់ចាំយាន Chang’e 6។ នោះគឺជាសំណាកដីព្រះចន្ទដំបូងដែលត្រូវបាននាំយកមកកាន់ផែនដី បន្ទាប់ពីបេសកកម្ម Apollo របស់អាមេរិក និង Luna របស់អតីតសូវៀតកាលពីប្រាំទសវត្សរ៍មុន។
យានចុះចត និងយានយកសំណាកបានចុះចតក្នុងភាគឦសានលើតំបន់ទំនាប SPA ជាទីដែលមានភូមិសាស្ត្រស្មុគស្មាញ និងមានតម្លៃខ្ពស់ផ្នែកវិទ្យាសាស្ត្រ។ បន្ទាប់ពីបានរើសយកសំណាកដី និងថ្ម គេបានយកសំណាកនេះហោះត្រឡប់ទៅកាន់គន្លងតារាវិថីព្រះចន្ទ ដើម្បីប្រគល់ឱ្យម៉ូឌុលដែលនៅចាំទទួលក្នុងអវកាស មុននឹងនាំយកសំណាកទាំងនេះមកកាន់ផែនដី។
កាលពីឆ្នាំកន្លងទៅ អ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសចិន បានកំណត់ទីតាំងចំនួនបីដ៏មានសក្ដានុពលសម្រាប់ការចុះចតរបស់យាន Chang’e 6 នៅក្នុងតំបន់ទំនាប SPA ដែលជារណ្ដៅយក្សទំហំ 2,500គីឡូម៉ែត្រ និងជម្រៅ8គីឡូម៉ែត្រ កើតឡើងក្រោយពីករណីធ្លាក់អាចម៍ផ្កាយកាលពីរាប់ពាន់លានឆ្នាំមុន។
យោងតាមទិន្នន័យដែលបានសង្កេតពីចម្ងាយ តំបន់ទំនាប SPA សម្បូរទៅដោយសារធាតុគីមី និងមានអាយុកាលយូរ។ យានរបស់ចិននឹងជ្រើសយកទីតាំងសុវត្ថិភាពបំផុតដើម្បីចុះចត នៅពេលហោះបន្ទាបខ្លួនបន្តិចម្ដងៗ។ យាន Chang’e 6 ទំនងជាអាចរកឃើញ និងនាំយកអ្វីដែលថ្មី basalt ដែលជាកម្អែភ្នំភ្លើង ដែលបានត្រជាក់នៅតំបន់ទំនាបខាងលើ។ អ្នកវិទ្យាសាស្ត្រអាចវាស់ស្ទង់អាយុកាលសមាសធាតុ និងរបៀបកកើតរបស់វាតាមរយៈការប្រៀបធៀបថ្មដែលនាំយកពីតំបន់ភ្លឺរបស់ព្រះចន្ទ ពួកគេនឹងអាចរកឃើញតម្រុយដែលទាក់ទងនឹងមូលហេតុដែលនាំឱ្យមានតំបន់ងងឹត និងតំបន់ភ្លឺនៅលើឋានព្រះចន្ទ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://lareine.com.kh/news/inter/148261/