អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “៦កន្លែងដ៏ស្រស់ស្អាតនៅទីក្រុងដាណាង”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE #AmericanInterconSchool
ភាពទាក់ទាញរបស់ដាណាងគឺ វត្តអារាមជាច្រើនសតវត្ស អគារអាណានិគមបារាំង ក៏ដូចជាឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ជាមួយទឹកពណ៌ខៀវស្រងាត់ និងឧទ្យានជាតិពណ៌បៃតង។ ទីក្រុងដាណាងត្រូវបានគេស្គាល់ថាជាទីក្រុងទេសចរណ៍របស់ប្រទេសវៀតណាមនៃភាគខាងត្បូងដែលមានទីតាំងស្ថិតនៅភាគខាងលិចឆ្នេរ សមុទ្រ។ ខាងក្រោមនេះគឺទីកន្លែងដ៏ស្រស់ស្អាតជាគេនៅដាណាង៖
១. ឆ្នេរ My Khe :
ឆ្នេរ My Khe ដែលមានប្រវែងចម្ងាយប្រហែល៦គីឡូម៉ែត្រ ភាគខាងកើតនៃដាណាង។ ឆ្នេរនេះត្រូវបានគេចាត់ទុកថាជាឆ្នេរសមុទ្រស្អាតបំផុតមួយរបស់ប្រទេសវៀតណាម។ ក្រៅពីការផ្ដល់ជូននូវរមណីយដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងភោជនីយដ្ឋានដែលមានលក់អាហារសមុទ្រគ្រប់ប្រភេទ ឆ្នេរ My Khe នេះក៏ជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការដេកហាលថ្ងៃ ការស្ទូចត្រី ការជ្រមុជទឹកមើលត្រី ការជិះ Jet Ski និងការជិះក្ដារលើទឹក។
២. វិហារកាតូលិក Da Nang :
វិហារកាតូលិក Da Nang គឺជាវិហារកាតូលិកដែលប្លែកខុសគេទាំងអស់ក្នុងចំណោមវិហារកាតូលិកផ្សេងៗទៀតនៅប្រទេសវៀតណាមដែលមានអគារលាបពណ៌ផ្កាឈូក បង្អួចកញ្ចក់ពណ៌ និងប៉មកណ្ដឹងដ៏ធំ។ វិហារនេះត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅឆ្នាំ១៩២៣ ហើយវាត្រូវបានគេស្គាល់ថាជាវិហារ Con Ga Church ហើយបម្រើដល់សហគមន៍កាតូលិករហូតដល់សព្វថ្ងៃនេះ។ វិហារនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ Tran Phu ដែលមានចម្ងាយប្រហែល១៥នាទីពីស្ពាននាគ។
៣. សារមន្ទីរ Cham :
សារមន្ទីរ Cham ជាកន្លែងដែលរំលឹកវប្បធម៌ ជីវិតរស់នៅ និងការអនុវត្តរបស់ជនជាតិកុលសម្ព័ន្ធ Cham ដែលជាជនជាតិដើមវៀតណាម។ ទីនេះត្រូវបានបង្កើតឡើងក្នុងសម័យអាណានិគមបារាំងនៅឆ្នាំ១៩១៥។
៤. Marble Mountains :
Marble Mountains ជាតំបន់នៃថ្មកំបោរ និងថ្មកែវនៅស្រុក Hoa Hai ប្រហែលជា ៩គីឡូម៉ែត្រខាងត្បូងនៃ ដាណាង។ ភ្នំនេះត្រូវបានគេដាក់ឈ្មោះតាមធាតុទាំង៥ដូចជា Thuy Son (ទឹក) Moc Son (ឈើ) Hoa Son (ភ្លើង) Kim Son (ដែក) Tho Son (ផែនដី) អ្វីដែលល្អសម្រាប់អ្នកដែលទើបតែទៅទីនោះជាលើកដំបូងនោះគឺការឡើងភ្នំដើម្បីមើលទេសភាពដ៏អស្ចារ្យនៅលើកំពូលភ្នំ។
៥. Son Tra Mountain :
Son Tra Mountain គឺជាឧទ្យានជាតិមួយដែលជាដង្ហើមរបស់ដាណាង មានកម្ពស់ ៦៩៣ម៉ែត្រលើនីវ៉ូ សមុទ្រ។ អ្នកដែលចូលចិត្តទស្សនាព្រៃឈើដ៏ស្រស់ស្អាត ក៏អាចឃើញប្រភេទសត្វស្វាកម្រដូចជា ស្វាមុខក្រហមជាដើម។ វត្ត Linh Ung មានទីតាំងនៅកំពូលភ្នំនេះក៏ជាកន្លែងទាក់ទាញមួយនៅដាណាងដែរ។ វត្តនេះមានរូបពុទ្ធបដិមាខ្នាតតូចសរុបចំនួន២១ នៅក្នុងចំណោមរូបចម្លាក់ទាំង៦៧។
៦. ស្ពាននាគ :
ស្ពាននាគនេះមានប្រវែង ៦៦៦ម៉ែត្រជាស្ពានវែងជាងគេនៅប្រទេសវៀតណាម។ ស្ពាននេះឆ្លងកាត់ទន្លេហានក្នុងរូបរាងជានាគមាស ប្រជាជននៅទីនោះជឿថាជានិមិត្តរូបអំណាច និងសំណាងល្អ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://der.sabay.com.kh/article/1096019