អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការរស់នៅ
ក្រោមប្រធានបទៈ “កត្តាសំខាន់ៗដែលធ្វើឱ្យជនជាតិហ្វាំងឡង់មានសុភមង្គលបំផុតលើលោក”
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
#MJQE #AmericanInterconSchool
តាមការផ្តល់ពិន្ទុចេញពីអង្គការសហប្រជាជាតិក្នុងចំណោម១៤៣ប្រទេស ប្រទេសដែលជាប់ជាប្រទេសមានសុភមង្គលជាងគេក្នុងលោកនោះ គឺប្រទេសហ្វាំងឡង់។ តើមានកត្តាអ្វីបានជាប្រទេសនេះក្លាយជាប្រទេសដែលសុភមង្គលជាងគេក្នុងលោក?
ប្រទេស ហ្វាំងឡង់ មានផ្ទៃដីសរុប ៣៣៨,៤៥៥ គីឡូម៉ែត្រការ៉េ។ គិតត្រឹមដើមឆ្នាំ២០២២ ប្រទេសនេះមានប្រជាជនសរុប ៥,៥៥៤,៩៦០នាក់។ ហ្វាំងឡង់ជាប់ជាប្រទេសមានសុភមង្គលបំផុតរបស់ពិភពលោកក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នារហូតមកដល់ឆ្នាំ២០២៤នេះ ហើយរបាយការណ៍ World Happiness Report បានចាត់ចំណាត់ថ្នាក់ល្អបែបនេះគឺផ្អែកលើការវាយតម្លៃពីការពេញចិត្តក្នុងជីវិត ក៏ដូចជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ការគាំទ្រសង្គម អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ សេរីភាព សប្បុរសធម៌ បច្ចេកវិទ្យាទំនើប និងអំពើពុករលួយតិចតួចជាដើម។
អ្នកស្រាវជ្រាវ និងទស្សនវិទូជនជាតិហ្វាំងឡង់ លោក Frank Martela បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាជនហ្វាំងឡង់អាចរស់នៅដោយមានក្ដីសុខមាន៣យ៉ាងគឺ
១. ទំនាក់ទំនងល្អក្នុងសហគមន៍
២. ការធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមក
៣. ស្គាល់គោលបំណងនៃជីវិតខ្លួនឯងច្បាស់។
បើយោងតាមបាយការណ៍អ្នកស្រាវជ្រាវខាងលើ លោកក៏បានបង្ហាញដែរថា សមត្ថភាពរបស់និយោជក ក្នុងការទាក់ទាញ អភិវឌ្ឍ និងរក្សាបុគ្គលិកដែលមានជំនាញខ្ពស់ ឬធនធានបញ្ញា កាន់តែមានសារៈសំខាន់សម្រាប់វឌ្ឍនភាពរបស់ស្ថាប័នមួយ ទោះជាក្នុងវិស័យសាធារណៈ ឬឯកជន។ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាក្នុងវិស័យផ្សេងៗដូចជា បញ្ញាសិប្បនិម្មិត និងគ្រឿងយន្ត ពិភពលោក ក្នុងបដិវត្តន៍ឧស្សាហកម្មទំនើប កំពុងផ្លាស់ប្តូរការងារដែលយើងកំពុងធ្វើ និងរបៀបដែលយើងកំពុងអនុវត្ត។
សូមបញ្ជាក់ជូនដែរថា កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសហ្វាំងឡង់ បានប្រកាសដាក់ឱ្យដំណើរការនូវបច្ចេកវិទ្យាផលិតថ្មផ្ទុកអគ្គិសនីប្រភេទថ្មីដំបូងគេបំផុតរបស់ពិភពលោក ដែលផលិតឡើងចេញពីខ្សាច់ ។ បច្ចេកវិទ្យាថ្មថ្មីនេះនឹងអាចជួយដល់វិស័យថាមពលកកើតឡើងវិញដែលកំពុងប្រឈមមុខទៅនឹងបញ្ហាខ្វះខាតនៅក្នុងប្រទេស ហើយមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងអាចធានាបាននូវការប្រើប្រាស់អគ្គិសនីបានពេញមួយឆ្នាំទៀតផង។ សម្រាប់ដំណើរការនៃបច្ចេកវិទ្យានេះមានភាពងាយស្រួល និងសាមញ្ញ ដោយគេអាចប្រើប្រាស់ជាបន្ទះសូឡា ឬតួប៊ីនខ្យល់ដើម្បីបង្កើតជាអគ្គិសនី ហើយបំប្លែងវាទៅទីតាំងដែលបានរក្សាខ្សាច់ទុកប្រមាណជា១០០តោន។ ការបំប្លែងនេះនឹងធ្វើឱ្យខ្សាច់ទាំងនោះអាចកើនឡើងកំដៅដល់ទៅ៥០០អង្សា ហើយមានសមត្ថភាពរក្សាសីតុណ្ហភាពកម្រិតនេះបានរយៈពេលជាច្រើនខែ។ នៅរដូវរងា ថាមពលថ្មធ្វើពីខ្សាច់នេះនឹងត្រូវប្រើប្រាស់សម្រាប់បង្កើនកំដៅនៅតាមលំនៅដ្ឋាន និងអាជីវកម្មបូករួមទៅដល់ឧស្សាហកម្មខ្នាតធំៗទៀតផង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
- make-finns-the-happiest-people-in-the-world
- https://ams.com.kh/central/detail/1087492
- https://www.tnaot.com/zh/m/detail/article/13663647
- https://education.ams.com.kh/education-update/international/news/three-important-factors-that-