អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ៖ “គន្លឹះ៥យ៉ាងជួយឱ្យការរៀនសូត្រមិនមានការរំខានអារម្មណ៍”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE #AmericanInterconSchool
នៅពេលយើងនិយាយអំពីការសិក្សា មានឧបសគ្គធំៗចំនួនពីរគឺការចាប់ផ្ដើម និងអំឡុងពេលដែលកំពុងសិក្សា។ ពេលខ្លះការរំខានណាមួយអាចទាក់ទាញជាងការសិក្សាទៅទៀត មិនថាការទំនាក់ទំនងសង្គម ការមើលទូរទស្សន៍ ឬសូម្បីតែការសម្អាតបន្តិចបន្តួច ហើយរឿងកាន់តែពិបាកជាងនេះ គឺយើងរស់នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាកំពុងរីកចម្រើន ដោយរំខានក្នុងន័យបែបទាញចំណាប់អារម្មណ៍របស់យើង។ ប្រសិនបើអ្នកមានការរំខានពេលកំពុងសិក្សា វាមិនមែនជាកំហុសរបស់អ្នកទេ។ ទោះយ៉ាងណាក៏ដោយ មានរឿងជាក់ស្តែងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីកែលម្អវិធីសាស្រ្តសិក្សារបស់អ្នក និងកាត់បន្ថយការរំខាន។ ខាងក្រោមនេះជាគន្លឹះសិក្សាមួយចំនួនដើម្បីរក្សាឱ្យអ្នកផ្ដោតលើការសិក្សា៖
១. សរសេរគោលដៅរបស់អ្នកដាក់លើក្រដាស :
ការស្រាវជ្រាវបង្ហាញឱ្យឃើញថា អ្នកទំនងជាអាចសម្រេចបាននូវគោលដៅរបស់អ្នក ប្រសិនបើអ្នកសរសេរវាដាក់ក្នុងសៀវភៅ។ សរសេរគោលដៅសិក្សាដែលជាក់លាក់ (specific) ដែលអាចវាស់វែងបាន (measurable) ដែលអាចសម្រេចបាន (achievable) ដែលសមស្រប (relevant) និងកំណត់ពេលវេលា (time-bound) (SMART)។
២. កម្មវិធីដែលបង្កើនការសិក្សារបស់អ្នកឱ្យប្រសើរ :
វាជាការហួសចិត្តដែលឧបករណ៍សម្រាប់ការសិក្សាដ៏មានតម្លៃបំផុត គឺកុំព្យូទ័រ និងស្មាតហ្វូន ក៏ផ្តល់នូវការរំខានដ៏គួរឱ្យទាក់ទាញបំផុតផងដែរ។ ជាសំណាងល្អ ពួកវាអាចបត់បែនបានដោយគ្រាន់តែចុចប្តូរតែបន្តិច។ សូមចងចាំថា អ្នកមានសមត្ថភាពក្នុងការកែតម្រូវសារជូនដំណឹងនៅលើទូរសព្ទទាំងអស់របស់អ្នក គ្រាន់តែប្តូរទៅកាន់ Airplane Mode ពេលចាប់ផ្តើមសិក្សា។ ប្រសិនបើអ្នកនៅតែរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលខ្លាំងចំពោះអ្នកដែលមិនអាចទប់ទល់បាននោះ Anti-Social គឺជាកម្មវិធីស្មាតហ្វូនដែលអាចជួយបាន។ វានឹងធ្វើសវនកម្មអំពីពេលវេលាដែលអ្នកចំណាយលើទូរសព្ទរបស់អ្នក បន្ទាប់មកផ្តល់ឧបករណ៍មួយចំនួនដើម្បីជួយការពារអ្នកពីការល្បួង។
៣. បង្កើតទីតាំងសិក្សា :
អ្នកបានប្តេជ្ញាចិត្តយ៉ាងខ្លាំងហើយថានឹងដាក់ចិត្តសិក្សា ដូច្នេះត្រូវបង្កើតបរិយាកាសដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការសិក្សា។ ស្វែងរកកន្លែងស្ងប់ស្ងាត់ និងផាសុកភាពជាមួយនឹងពន្លឺដ៏ល្អ។
ប្រសិនបើអ្នកឃើញថាអ្នករៀនបានល្អនៅក្នុងទីតាំងណាមួយ ចូរទៅទីនោះដើម្បីរៀននៅពេលក្រោយទៀត។
៤. កុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយ :
យើងដឹងថា យើងអាចធ្វើកិច្ចការពីរក្នុងពេលតែមួយ ក៏ប៉ុន្តែលទ្ធផលទូទៅគឺថា កិច្ចការទាំងពីរនោះយើងបំពេញមិនបានល្អឡើយ។ អ្នកជំនាញខាងផ្នែកសរសៃប្រសាទនិយាយថា តាមពិតយើងមិនបានធ្វើកិច្ចការច្រើនទេ យើងគ្រាន់តែប្តូរការផ្តោតអារម្មណ៍របស់យើងពីកិច្ចការមួយទៅកាន់កិច្ចការមួយទៀតតែប៉ុណ្ណោះ។ កុំច្រលំថាខ្លួនអ្នកនឹងអាចរៀនពេលកំពុងមើលទូរទស្សន៍ ឬទស្សនាតន្រ្តីក្នុងទូរសព្ទ មើល ឬទស្សនាឱ្យសប្បាយរីករាយ។ ពេលចប់ការកម្សាន្ត សូមយកចិត្តទុកដាក់តែលើការសិក្សារបស់អ្នក។
៥. ផ្តល់រង្វាន់ដល់ខ្លួនអ្នកឱ្យបានញឹកញាប់ :
ការបញ្ចប់ការសិក្សា២៥នាទីដោយមិនមានការរំខានគឺជាសមិទ្ធផលមួយក្នុងទម្លាប់ល្អសម្រាប់ផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងពេលវេលាទំនេរ៥នាទី មុនពេលអ្នកចាប់ផ្តើមសិក្សា ២៥នាទីដោយមិនមានការរំខានទៀត។ វិធីសាស្ត្រនេះហៅថា Pomodoro គឺជាវិធីសាស្រ្តជួយអ្នកទៅលើការផ្តោត អារម្មណ៍ បង្ការភាពអស់កម្លាំង បែងចែកកិច្ចការធំឱ្យជាតូចៗ និងផ្តល់ការលើកទឹកចិត្ត។ ការផ្តល់ រង្វាន់ដល់ខ្លួនអ្នកគឺអាស្រ័យលើអ្នក អាចជាកាហ្វេមួយពែង ដើរក្រោមពន្លឺថ្ងៃ ចូលទៅលេងប្រព័ន្ធផ្សព្វផ្សាយសង្គមបន្តិចបន្តួច ឬអ្វីមួយក៏បានដែរឱ្យតែអ្នកចូលចិត្តធ្វើនៅពេលទំនេរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://studyonline.ecu.edu.au/blog/tips-to-balance-study-and-life