វប្បធម៌ និងប្រពៃណីកម្ពុជា

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទៈ "វប្បធម៌ និងប្រពៃណីកម្ពុជា”
អត្ថបទដកស្រង់ដោយ :  ស្រី មន្នី
#MJQE #AmericanInterconSchool      

វប្បធម៌ និងប្រពៃណីកម្ពុជាមានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សមកហើយ។ តាមរយៈការរួមបញ្ជូលគ្នារវាងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ។ កម្ពុជាជាប្រជាជាតិមួយដែលឱ្យតម្លៃខ្ពស់លើសិល្បៈ    វប្បធម៌ និងទំនៀមទំលាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញអំពីចរិកលក្ខណៈល្អៗ ដែលបង្ហាញពីភាពទន់ភ្លន់ រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា នៅពេលដែលពួកគេជួបគ្នា។

  កិច្ចស្វាគមន៍ :
តាមធម្មតាប្រជាជនកម្ពុជាបង្ហាញគារវៈដោយការសំពះ លើកម្រាមដៃទាំងពីរផ្គុំគ្នា អមនឹងការឱនលំទោន និងស្វាគមន៍ដោយពាក្យ “ជម្រាបសួរ”។ ការសំពះបែបខ្មែរ មាន៥បែបគឺ៖
•  ចុងម្រាមកណ្ដាលត្រឹមទ្រូង : សំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដីជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង។
•  ចុងម្រាមកណ្ដាលត្រឹមមាត់ : សំពះអ្នកមានវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ។
•  ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ : សំពះឪពុក ម្ដាយ ជីដូនជីតា គ្រូបាអាចារ្យ ឬអ្នកមានគុណ។
•  ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម : សំពះព្រះសង្ឃ សេ្ដច ជាការក្រាបបង្គំគាល់ ឬថ្វាយបង្គំ។
•  ចុងម្រាមមេដៃផ្ដុំលើចញ្ចើម : សំពះឥន្រ្ទព្រហ្ម ទេវតា អ្នកតា គឺសំពះអ្វីៗដែលខ្ពស់ហួសពីមនុស្ស។

  របាំខ្មែរ :
របាំ គឺជាកាយវិការរបស់មនុស្សដែលធ្វើត្រាប់តាមចង្វាក់ភ្លេង និងចម្រៀង។ ខ្មែរយើងចែករបាំជា៣ក្រុមគឺ៖ 
•  របាំព្រះរាជទ្រព្យ ជារបាំស្ដេច គេសម្ដែងតែក្នុងរាជវាំង។
•  របាំប្រពៃណី ជារបាំសម្ដែងកម្មវិធីបែបប្រពៃណី មានរបាំជូនពរ របាំអប្សរា របាំមណីមេខលា ជាដើម។
•  របាំប្រជាប្រិយ ជារបាំប្រជាជន មានរបាំត្រុដិ របាំក្ងោក របាំគោះត្រឡោក របាំបុកស្រូវ របាំរាំវង់។ល។

  ល្ខោនខ្មែរ :
ល្ខោន គឺជាមហោស្រពដែលគេលេងរាំរឿងផ្សេងៗ តាមរោងល្ខោន តាមភូមិ វត្តអារាម នៅពេលមានពិធីបុណ្យផ្សេងៗ។ ល្ខោនខ្មែរមាន៖
•  ល្ខោនអាប៉េ ជាល្ខោនបែបកំប្លែង មានកំណើតនៅខេត្តកំពង់ចាម តាកែវ កំពត និងព្រះបរមរាជវាំង។
•  ល្ខោនមហោរី ជាល្ខោនសម្ដែងអមដោយបទភ្លេង មានកំណើតផ្ទាល់ក្នុងរាជវាំង។
•  ល្ខោនបាសាក់ ឈ្មោះដើមល្ខោនទ្រើងឃ្លោក មានកំណើតនៅខេត្តបាសាក់ កម្ពុជាក្រោម។
•  ល្ខោនខោល ឬល្ខោនបើកបទ សម្ដែងដោយពាក់មុខ ចាប់កំណើតក្នុងរាជព្រះបាទជ័យវរ្ម័នទី៥។
•  ល្ខោននិយាយ មានប្រភពពីប្រទេសក្រៅ សម្ដែងរឿងទំនើបទាក់ទងបញ្ហាវណ្ណៈ។
•  ល្ខោនយីកេ មានដើមកំណើតពីជ្វា សម្ដែងជារឿងបុរាណ ឬទំនើបក៏បាន។
•  ល្ខោនស្រមោល ឬល្ខោនស្បែក មានស្បែកតូច ឬអាយ៉ង និងស្បែកធំ សម្ដែងរឿងរាមកេរ្តិ៍។

  ក្បាច់គុនបុរាណខ្មែរ :
ក្បាច់គុនបុរាណខ្មែរយើងត្រូវបានគេដឹងថា ត្រូវបានហ្វឹកហាត់តាំងពីសម័យបុរាណកាលមកម្ល៉េះ ដោយមានច្រើនប្រភេទខុសៗគ្នា។
•  ល្បុក្កតោ : ទម្រង់សិល្បៈក្បាច់គុនកម្ពុជាដែលពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយដៃទៅបាតជើង។ ល្បុក្កតោជាសិល្បៈក្បាច់គុនខ្មែរដំបូងបង្អស់ត្រូវបានគេយកទៅប្រើប្រាស់ក្នុងសឹកសង្រ្គាម ឬក្នុងការការពារខ្លួន។
•  បោកចំបាប់ : កីឡាដែលគូបដិបក្ខពីរព្យាយាមសង្កត់គ្នាទៅនឹងដី ដោយការប្រកួតមួយមានបីជុំ។
•  ប្រដាល់សេរី : ត្រូវបានហ្វឹកហាត់តាំងពីសម័យបុរាណ នៅអាស៊ីអាគ្នេយ៍។ នៅក្នុងតំបន់អង្គរ ទាំងទ័ព និងរាស្រ្តសាមញ្ញត្រូវបានហ្វឹកហាត់រៀនដោយជនជាតិខ្មែរ។ 

  ពិធីរៀបអាពាហ៍ពិពាហ៍ :
អាពាហ៍ពិពាហ៍ជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់ជីវិតជនជាតិខ្មែរម្នាក់ៗ ដោយការផ្សំផ្គុំបុរស និងនារីឱ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា។ ពីមុនឪពុកម្ដាយជាអ្នកទុកដាក់កូនចៅឱ្យមានគូស្រករ ប៉ុន្ដែបច្ចុប្បន្នយុវជន យុវតីខ្មែរមួយចំនួនមានសេរីភាពជ្រើសរើសគូស្រកររបស់ខ្លួនដោយខ្លួនឯងបាន តែត្រូវមានការយល់ព្រមពីអ្នកអាណាព្យាបាល។ 
កម្ជាប់ពាក្យ ជាពិធីដែលប្រារព្ធមុនអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ នៅកម្ពុជា ប្រពៃណីរៀបអាពាហ៍ពិពាហ៍តម្រូវឱ្យមានកម្មវិធីជាច្រើនដូចជា សូត្រមន្ដ កាត់សក់់ ចងដៃ ជាដើម។ ពិធីនេះ បង្ហាញវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្មែរ។ គូស្វាមីភរិយាថ្មីតែងបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។