អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ : “លក្ខណៈសម្បត្តិ៤ចំណុចរបស់គ្រូថែទាំ និងអប់រំកុមារតូចល្អ"
អត្ថបទដកស្រង់ដោយ : គុណ ប៊ុន្ថា
#MJQE #AmericanInterconSchool
កុមាររៀននៅមត្តេយ្យសិក្សាមានរយៈពេល១ឆ្នាំ ដល់៣ឆ្នាំ ហើយរយៈពេលដ៏សំខាន់នេះបានផ្ដល់ឱ្យគ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចនូវឱកាសដើម្បីធ្វើឱ្យលទ្ធផលសិក្សា និងការអភិវឌ្ឍរបស់កុមារតូចមានភាពល្អប្រសើរឡើង និងរៀបចំពួកគេជាស្រេចសម្រាប់ការអប់រំនៅបឋមសិក្សា។ ទន្ទឹមគ្នានេះ គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច ចាំបាច់ត្រូវមានសមត្ថភាព និងលក្ខណៈសម្បត្តិល្អ ដែលត្រូវអភិវឌ្ឍចំណេះដឹង និងជំនាញជាប្រចាំ។
បើយោងតាមឯកសារពង្រឹងគុណភាពសិក្សាដំបូង ភាគ១ ស្ដីពីក្របខណ្ឌសមត្ថភាពគ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច (ECCE) សម្រាប់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់គ្រូថែទាំ និងអប់រំកុមារតូច ត្រូវអនុវត្តរួមមាន៖
១. ចំណេះដឹងជំនាញ ការប្រតិបត្តិគរុកោសល្យ និងការវាយតម្លៃ :
គ្រូថែទាំ និងអប់រំកុមារតូច ត្រូវមានការយល់ដឹងអំពីការរៀនសូត្រ និងការអភិវឌ្ឍគ្រប់ផ្នែក ជួយសម្រួលដល់ការរៀនសូត្រ និងអភិវឌ្ឍរបស់កុមារ ដែលមានសមត្ថភាពពាក់ព័ន្ធនឹងវិធីសាស្រ្តបង្រៀនដែលរួមបញ្ចូលការប្រើប្រាស់ឧបករណ៍វាយតម្លៃ វិធីសាស្រ្ត និងលទ្ធផលដើម្បីជួយគាំទ្រការរៀនសូត្រ និងការអភិវឌ្ឍរបស់កុមារ។ ទន្ទឹមនោះ សមត្ថភាពគាំទ្រ និងជំរុញរួមមាន យល់ដឹងអំពីសិទ្ធិកុមារ ផ្ដោតការយកចិត្តទុកដាក់ចំពោះសិស្សលើសកម្មភាពរៀន និងបង្រៀន ផ្សារភ្ជាប់ខ្លួនឯងនូវចំណេះដឹងលើការរៀន និងការអភិវឌ្ឍកុមារគ្រប់ផ្នែក រួមបញ្ចូលទ្រឹស្ដីនៃការអភិវឌ្ឍកុមារតូចផងដែរ។ លើសពីនេះត្រូវចេះប្រើប្រាស់សកម្មភាពផ្នែកលើការលេងជាមូលដ្ឋាន ជំរុញឱ្យមានការគិតស៊ីជម្រៅ ច្នៃប្រឌិត ការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងជួយឱ្យកុមារក្លាយជាអ្នកសិក្សាសកម្ម។
២. បរិយាកាសរៀនសូត្រ :
គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច ចាំបាច់ត្រូវផ្ដល់ និងបង្កើតបរិយាកាសរៀនសូត្រ ដែលគិតគូរលើផ្នែកសង្គម និងអារម្មណ៍ ដែលតម្រូវការលូតលាស់ផ្នែករាងកាយរបស់កុមារ ដើម្បីឱ្យកុមារមានអារម្មណ៍ថា ទទួលបានការចិញ្ចឹមបីបាច់ដ៏ល្អប្រសើរ។ លើសពីនេះទៀត គ្រូត្រូវផ្ដល់នូវបរិយាកាសរៀនសូត្រ និងបង្ហាញពីការប្រតិបត្តិប្រកបប្រសិទ្ធភាព ដែលជួយជំរុញដល់ការអប់រំរបស់កុមារ ជាពិសេសកុមារដែលមានតម្រូវការពិសេសក្នុងសកម្មភាពរៀនសូត្រ និងអភិវឌ្ឍន៍។
៣. ការចូលរួម និងកិច្ចសហការ :
គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចដែលមានសមត្ថភាពអាចចូលរួមជាមួយតួអង្គពាក់ព័ន្ធក្នុងការអភិវឌ្ឍកុមារដោយហេតុផលផ្សេងៗគ្នា។ ឧទាហរណ៍ ការអាចរក្សាទំនាក់ទំនងជាប្រចាំជាមួយសមាជិកគ្រួសារ អ្នកអាណាព្យាបាល ឬអ្នកថែទាំកុមារស្របច្បាប់ ដើម្បីផ្ដល់ព័ត៌មានត្រឡប់លើបញ្ហានានាទាក់ទងនឹងការអភិវឌ្ឍរបស់កុមារក៏ដូចជា ការពង្រីកបទពិសោធរៀនសូត្រនៅផ្ទះរបស់ពួកគេ។ លើសពីនេះទៅទៀត គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូចអាចសហការជាមួយមិត្តរួមការងាររួមមាន គ្រូបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សាផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធការអភិវឌ្ឍរបស់កុមារ ព្រមទាំងធានានូវលទ្ធផលនៃការសិក្សាជាប់ជាប្រចាំនៅពេលដែលពួកគេផ្លាស់ទៅសាលារៀននៅបឋមសិក្សា។
៤. ការអភិវឌ្ឍវិជ្ជាជីវៈ :
គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច ដែលមានសមត្ថភាពត្រូវបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនឯង និងការអនុវត្តវិជ្ជាជីវៈជាប់ជានិច្ច ក្នុងនាមជាអ្នកធ្វើកិច្ចការផ្នែកថែទាំ និងអប់រំកុមារតូច។ គន្លឹះនៃសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនផ្នែកថែទាំ និងអប់រំកុមារតូច អាស្រ័យទៅលើការរប្ដេជ្ញាចិត្តក្នុងការធ្វើខ្លួនឯងឱ្យសកម្ម បន្តរៀនសូត្រជាប់ជាប្រចាំពេញមួយជីវិត និងអភិវឌ្ឍជំនាញផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរឡើង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/education-update/national/news/4-qualities-of-a-good-early-childhood-care-and-education-teacher