និន្នាការថ្មីៗនៃការធ្វើដំណើរកម្សាន្ត

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “និន្នាការថ្មីៗនៃការធ្វើដំណើរកម្សាន្ត”
អត្ថបទដកស្រង់ដោយ : តាំង វិបុល
#MJQE #AmericaninterconSchool

ដឹងទេថានិន្នាការនៃការធ្វើដំណើរកម្សាន្តបានដើរដល់ណាហើយ?   ជាទូទៅគេចូលចិត្តទៅណា? ដើរលេងលក្ខណៈបែបណា? យករបស់បែបណាខ្លះជាប់ខ្លួន? ជាពិសេសផ្នត់គំនិតទៅលើការធ្វើដំណើរកម្សាន្តមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ?
ដំណើរកម្សាន្តមានច្រើនប្រភេទដូចជា ការដើរលេងស្ពាយសាកាដូបែបលំហែកាយ បែបផ្សងព្រេង និងការដើរលេងលក្ខណៈការងារជាដើម។ ដោយឡែក     ប្រជាជននៅកម្ពុជាយើងភាគច្រើននិយមចូលចិត្តដំណើរកម្សាន្តបែបកូនកាត់ គឺបែបលំហែ និងការផ្សងព្រេង ដោយយើងឃើញមានជាការបោះតែនតិ៍ត្រឹម២ទៅ៣យប់នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា។ 

សកម្មភាពពេញនិយម :
ភាគច្រើនចូលចិត្តសាកអ្វីដែលថ្មីៗ ជាពិសេសគឺទៅភ្លក្សម្ហូបដែលល្បីតាមតំបន់ ហើយអ្វីដែលខានមិនបាននោះ គឺការផ្តិតយករូបភាពស្អាតៗ ឬការថតជាវីដេអូបន្តផ្ទាល់ ឬមិនផ្ទាល់ចែកចាយទៅលើបណ្តាញសង្គមផ្សេងៗ ក៏ដូចជាសកម្មភាពទៅតាមតំបន់តែម្តងដូចជាតំបន់ដងព្រែកត្រូវជិះទូក Kayak ជាដើម។

កន្លែងទេសចរណ៍ដែលពេញនិយម :
៣តំបន់រួមមាន តំបន់អភិវឌ្ឍ តំបន់អភិរក្ស និងតំបន់ធម្មជាតិគឺជាគោលដៅទេសចរណ៍ដែលកំពុងមានសក្តានុភាព ដោយតំបន់អភិវឌ្ឍជាកន្លែងដែលគ្រប់គ្នាចង់ទៅដល់មុនគេ និងចង់ដឹងអំពីការផ្លាស់ប្តូររបស់វា ហើយតំបន់អភិរក្ស គឺជាកន្លែងដែលបង្កប់ដោយប្រវត្តិសាស្រ្ត អាថ៌កំបាំង និងភាពអស្ចារ្យដ៏គួរ   ឱ្យចង់ស្វែងយល់ និងចុងក្រោយគឺតំបន់ធម្មជាតិដែលមានភាពទាក់ទាញដោយអ្វីៗដែលកើតឡើងដោយខ្លួនឯង។

ការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ  :
ទីកន្លែងដែលចង់ទៅ ពេលវេលាដែលត្រូវទៅ រយៈពេលចំណាយនៅទីនោះ កញ្ចប់ថវិកាគួរមាន និងជាពិសេស គឺការរៀបចំសម្ភារៈដោយឆ្លាតវៃសម្រាប់ការធ្វើដំណើរតែម្តង សុទ្ធតែជាអ្វីដែលយើងត្រូវគិតដល់នៅពេលរៀបចំដំណើរកម្សាន្តណាមួយ។

វ៉ាលិស :
វ៉ាលិសមានសារៈសំខាន់ខ្លាំងណាស់ចំពោះដំណើរកម្សាន្ត ដោយវាជាអ្នកផ្ទុកនូវសម្ភារៈតូចធំដែលអ្នកត្រូវការជាចាំបាច់ ដោយធានាថាសម្ភារៈទាំងនោះមានសុវត្ថិភាព និងរក្សាបាននូវគុណភាព។ 

ស្បែកជើង :
ការធ្វើដំណើរកម្សាន្តនីមួយៗ  គឺត្រូវការដើរ ហើយដើរច្រើនទៀតផង ឬក៏អ្នកអាចចំណាយពេលមួយថ្ងៃពេញពាក់វា  ដូចនេះស្បែកជើងរបស់អ្នកត្រូវតែប្រាកដថាអាចផ្តល់ផាសុកភាពដល់ជើងរបស់អ្នក មិនឱ្យក្លិនរំខាន មិនឱ្យឈឺ ឬពិបាកដើរ និងផ្តល់ភាពរហ័សរហួន។

សម្លៀកបំពាក់ :
សម្លៀកបំពាក់មិនសូវចោទជាបញ្ហានោះទេចំពោះការដើរលេងធម្មតា។   ផ្ទុយទៅវិញ ដំណើរកម្សាន្តបែបផ្សងព្រេងទាមទារនូវសម្លៀកបំពាក់ដែលមានលក្ខណៈពិសេសជាមួយនឹងគុណភាពល្អ  ដើម្បីធានាថាការពាក់រយៈពេលយូរ   នឹងមិនផ្តល់ភាពស្អុះស្អាប់ ឬស្កៀបរមាស់ ហើយជាទូទៅគួរប្រើជាសាច់       ក្រណាត់ដែលអាចធន់នឹងទឹក ឬការប្រឡាក់ផ្សេងៗ។

សម្ភារៈបន្ទាប់បន្សំ :
វាអាចខុសគ្នាទៅតាមប្រភេទដំណើរកម្សាន្ត សកម្មភាព និងតំបន់ដែលគ្រោងនឹងទៅ។ ឧទាហរណ៍ ក្នុងករណីរប្រភេទដំណើរកម្សាន្តបោះតែនតិ៍ អ្នកគួរមានតែនតិ៍ ពិល កូនភួយ  និងខ្នើយជាដើម៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.healthtime.tips/km/library/article/217