AIS បើកថ្នាក់រៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកថ្នាក់រៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ និងកម្មវិធីរៀនប្រឡងឡើងថ្នាក់ នៅតាមសាខាទាំង១២ ក្នុងនោះ មានដូចជា សាខាទួលគោក ទួលសង្ខែ ចាក់អង្រែ​ ចោមចៅ ផ្សារថ្មី សែនសុខ ចំការដូង ជ្រោយចង្វារ​ ច្បារអំពៅ ម៉ៅសេទុង និងសាខាពីរកន្លែងទៀត គឺខេត្តសៀមរាប និងតាកែវ។

តាមការសង្កេតជាក់ស្តែង យើងឃើញថា សិស្សានុសិស្សទាំងឡាយ មានទឹកមុខសប្បាយរីករាយ ដោយពួកគាត់បានជួបជុំមិត្តភក្តិទាំងចាស់ ទាំងថ្មី របស់ពួកគាត់ ដែលបានបែកគ្នាអស់មួយរយៈពេលកន្លងទៅ។ ចំណែកនៅមុខបរិវេណសាលារៀន លោកគ្រូ អ្នកគ្រូ ក៏មានទឹកមុខញញឹមរុះរាយរាក់ទាក់ ដោយបានសំពះស្វាគមន៍សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សជាច្រើន ដែលនាំកូនៗមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

គួររំលឹកជូនថា​ ការបើកថ្នាក់រៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ និងកម្មវិធីរៀនប្រឡងឡើងថ្នាក់នេះ គឺធ្វើឡើងដើម្បីឱ្យសិស្សានុសិស្ស បំប៉នចំណេះដឹងថ្នាក់មូលដ្ឋានរបស់គាត់ ឱ្យកាន់តែខ្លាំងក្លាឡើង។ មួយវិញទៀត ក៏ដើម្បីរំលឹកមេរៀនឆ្នាំចាស់ សម្រាប់ការសិក្សាឆ្នាំថ្មីផងដែរ។ ហើយបន្ថែមពីលើនេះ​ គឺដើម្បីឱ្យសិស្សានុសិស្ស មានឱកាសបានជួបជុំមិត្តភក្តិ  និងស្គាល់មិត្តភក្តិទៅវិញទៅមក ជាហេតុញ៉ាំងឱ្យបរិយាកាសសិក្សាកាន់តែស្និទ្ធស្នាល និងមានអារម្មណ៍សប្បាយរីករាយ។