តើអ្នកជាមនុស្សរីករាយមែនទេ?

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទៈ "តើអ្នកជាមនុស្សរីករាយមែនទេ?”
អត្ថបទដកស្រង់ដោយ :  ទ្រី ណូរី
#MJQE #AmericanInterconSchool      

ការរស់នៅដោយមានសេចក្ដីសុខសុភមង្គលទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាគោលបំណងដ៏ធំបំផុតរ​បស់មនុស្សគ្រប់គ្នា។ ភាពរីករាយរបស់មនុស្សគឺផ្អែកលើវត្តមាននៃអារម្មណ៍វិជ្ជមាន អារម្មណ៍អវិជ្ជមាន និងការពេញចិត្តចំពោះជីវិត។ មូលដ្ឋានគ្រឹះនៃភាពរីករាយដែលមនុស្សវិជ្្ជមានតែងតែអនុវត្តរួមមាន៖

ពេញចិត្តនឹងសមិទ្ធផលតូចៗ៖ មនុស្សទូទៅគិតថា លុយជាប្រភពនៃសុភមង្គល ហើយការមានប្រាក់រាប់លានដុល្លារក្នុងដៃនឹងធ្វើឱ្យអ្នកសប្បាយចិត្ត។ ប៉ុន្តែ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានលុយច្រើន គឺមិនសូវទទួលបានភាពសប្បាយចិត្តពេញលេញនោះទេ។ ការពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមាន រីករាយនឹងសមិទ្ធផលតូចៗដែលខ្លួនសម្រេចបាន និងអារម្មណ៍វិជ្ជមានទៅវិញទេ ដែលជាប្រភពនៃភាពរីករាយ។

មានគោលបំណងក្នុងជីវិត៖ ការបង្កើតគោលបំណងក្នុងជីវិតមានឥទ្ធិពលខ្លាំងទៅលើសុភមង្គល និងសុខុមាលភាពរបស់យើង។ ការដឹងគោលដៅ និងអត្ថន័យនៃជីវិតដែលខ្លួនឯងចង់បាន គឺជាមូលហេតុចម្បងដែលជំរុញឱ្យអ្នកក្រោកឡើងនាពេលព្រឹកដោយភាពរីករាយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនដឹងពីគោលបំណង និងវិធីបង្កើតអត្ថន័យសម្រាប់ជីវិតខ្លួនឯងទេ អ្នកនឹងមិនអាចរស់ដោយរីករាយនោះឡើយ។

កាត់បន្ថយការគិតរឿងឥតប្រយោជន៍ និងអារម្មណ៍អវិជ្ជមាន៖ ដំណើរជីវិតចៀសមិនផុតពីបញ្ហា និងភាពតានតឹងនោះទេ។ ប្រសិនបើអ្នកព្យាយាមធ្វើជាមនុស្សរីករាយគ្រប់ពេល អ្នកអាចនឹងក្លាយជាមនុស្សវិជ្ជមានតែសម្បកក្រៅទៅវិញ (Toxic positivity)។ ជំនួសឱ្យភាពរីករាយក្លែងក្លាយ អ្នកគួរទទួលស្គាល់ការពិត និងបើកចិត្តប្រឈមមុខនឹងបញ្ហា។ លើសពីនេះ អ្នកអាចធ្វើសកម្មភាពណាមួយដែលអាចកាត់បន្ថយភាពតានតឹង ដូចជាហាត់ប្រាណ ស្តាប់ចម្រៀង សរសេរកំណត់ហេតុ ឬធ្វើសកម្មភាពផ្សេងៗជាប្រយោជន៍ជាដើម។ នៅពេលដែលអ្នកអាចរកវិធីកាត់បន្ថយភាពតានតឹង ឬអ្វីដែលជាតម្រូវការចាំបាច់ខ្លួន សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តក៏ប្រសើរឡើងផងដែរ។

ថែសុខភាពរាងកាយ៖ រលកអារម្មណ៍ និងសុខុមាលភាពរបស់មនុស្ស គឺមានទំនាក់ទំនងទៅនឹងសុខភាពរាងកាយ។ កាលណាយើងមានសុខភាពល្អ អារម្មណ៍ល្អដូចគ្នា ម្ល៉េះហើយបានជាយើងត្រូវមានរបបអាហារត្រឹមត្រូវ គេងគ្រប់គ្រាន់ និងហាត់ប្រាណជាប្រចាំ។ ជាទូទៅ មនុស្សដែលមានភាពរីករាយជាមនុស្សមានសកម្មភាពជាប្រចាំ ជាមួយគ្នានេះ ភាពសកម្មរបស់យើងគឺជាឱសថដ៏សក្តិសិទ្ធិដែលអាចកាត់បន្ថយភាពតានតឹង និងបញ្ហាថប់បារម្ភ។ មនុស្សរីករាយមានភាពស្រស់ស្រាយ ក្មេងជាងវ័យ និងអាយុវែងជាង។

រស់នៅបច្ចុប្បន្នភាព៖ មនុស្សរីករាយ ជាបុគ្គលដែលផ្តោតក្នុងការរស់នៅក្នុងពេលបច្ចុប្បន្ន។ មិនថាគេបានឆ្លងកាត់រឿងរ៉ាវអ្វី ឬអាចប្រឈមមុខនឹងបញ្ហាធំប៉ុនណានាពេលអនាគតនោះទេ គេនៅតែមានគោលជំហមួយជាក់លាក់ជានិច្ច ដោយតាំងចិត្តថា ត្រូវតែបំពេញភារកិច្ចក្នុងពេលបច្ចុប្បន្នឱ្យបានល្អបំផុត។ ជាការពិត អារម្មណ៍អវិជ្ជមាន ច្រើនតែកើតឡើងដោយសារការគិតពីអតីតកាលដែលយើងធ្លាប់ឆ្លងកាត់ និងអនាគតដែលមិនទាន់កើតឡើងថាជាឧបសគ្គ។

មិនប្រៀបធៀប៖ ការប្រកួតប្រជែង គឺជាកម្លាំងជំរុញដែលនាំឱ្យមានភាពរីកចម្រើន។  ប៉ុន្តែការប្រៀបធៀបសមត្ថភាពខ្លួនឯងនឹងអ្នកដទៃ គឺជាប្រភពនៃសេចក្ដីទុក្ខ ព្រោះថានៅក្នុងពិភពលោកនេះតែងតែមានមនុស្សដែលពូកែ ល្អជាង និងឆ្លាតជាងយើងជានិច្ច។ ម្យ៉ាងវិញទៀត ការប្រៀបធៀបក៏ជាប្រភពដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្តពោះខ្លួនឯងផងដែរ។ ហេតុនេះ ទើបនាំឱ្យមនុស្សរីករាយមិនដែលប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់។ ម្យ៉ាងទៀត គេយល់ច្បាស់អំពីផ្លូវជីវិតដែលគេត្រូវដើរ និងផ្តោតលើការអភិវឌ្ឍខ្លួនជានិច្ច។

ផ្ដោតលើអ្វីដែលគេអាចគ្រប់គ្រង៖ មនុស្សរីករាយយល់ច្បាស់ពីដំណើរជីវិត គេដឹងថា មានរឿងជាច្រើនដែលគេមិនអាចបញ្ឈប់ដំណើររបស់វាបាន។ ម្យ៉ាងវិញទៀត គេដឹងថាក្នុងដំណើរជីវិតគឺមិនអាចថាមិនជួបឧបសគ្គនោះទេ ហេតុនេះការទទួលស្គាល់ការពិត និងផ្ដោតតែលើអ្វីដែលខ្លួនឯងគ្រប់គ្រងបាន គឺជាមធ្យោបាយដែលល្អបំផុត ដើម្បីបង្កើតសេចក្ដីសុខសម្រាប់ខ្លួនឯង។

ចេះជួយយកអាសាអ្នកដទៃ៖ "ការមិនប៉ះពាល់អ្នកដទៃ" ឬ "ការផ្ដល់ឱ្យ គឺជាការទទួល” មានន័យថា នៅពេលដែលយើងផ្ដល់អ្វីមួយ ឬជួយយកអាសាអ្នកដទៃ យើងនឹងទទួលបានកាដូពិសេសត្រឡប់មកវិញ ហើយកាដូនោះគឺភាពរីករាយ និងសេចក្ដីសុខផ្លូវចិត្ត។  នៅពេលដែលយើងជួយអ្នកដទៃដោយស្មោះចេញពីចិត្ត វានឹងជំរុញឱ្យមានការផ្លាស់ប្ដូរសរីរវិទ្យាក្នុងខួរក្បាលរបស់យើង ដែលមានទំនាក់ទំនងទៅនឹងសេចក្ដីសុខផ្លូវចិត្ត៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://education.ams.com.kh