សិស្សនិស្សិតគួរឈ្វេងយល់ពីមុខជំនាញ STEM ចំនួន៥ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ : “សិស្សនិស្សិតគួរឈ្វេងយល់ពីមុខជំនាញ STEM ចំនួន៥ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា”
អត្ថបទដកស្រង់ដោយ : ប៉ែន វិរៈ
#MJQE #AmericanInterconSchool   
                    
សិស្សនិស្សិតនាពេលបច្ចុប្បន្ន ដែលមានបំណងចង់សិក្សាជំនាញ STEM គួរសិក្សាឈ្វេងយល់ពីមុខជំនាញផ្នែកនេះឱ្យបានច្បាស់ និងដឹងពីទីផ្សារការងារឱ្យបានទូលំទូលាយ។
ពាក្យថា STEM គឺសំដៅដល់ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ក្នុងនេះផងដែរ យើងសូមលើកយកមុខជំនាញផ្នែក STEM ចំនួន៥ ដើម្បីឱ្យអ្នកសិក្សាគ្រប់រូបបានដឹងពីអត្ថប្រយោជន៍នានា និងទីផ្សារការងារដូចខាងក្រោមនេះ៖ 

១. មុខជំនាញវិស្វកម្មគីមី និងបច្ចេកវិទ្យាអាហារ៖ ជាជំនាញមួយដែលផ្តោតសំខាន់ទៅលើផ្នែកគីមីអាហារ និងការវេចខ្ចប់អាហារ ការថែទាំ និងគុណភាពនៃអាហារប្រកបដោយសុវត្ថិភាព។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតទទួលបានចំណេះដឹងផ្សេងៗដូចជា ការកែច្នៃអាហារក្នុងកម្មវិធីផ្សេងៗ និងប្រភេទរបស់អាហារ វិភាគពីគុណភាពផលិតផលអាហារ យល់ដឹងពីអាហារូបត្ថម្ភសម្រាប់មនុស្ស និងសុខភាព។

ចំពោះទីផ្សារការងារ គឺទូលំទូលាយខ្លាំង អ្នកសិក្សាអាចស្វែងរកការងារនៅក្រសួងកសិកម្ម វិទ្យាស្ថានប៉ាស្ទ័រ នាយកដ្ឋានកាំកុងត្រូល អាចក្លាយជាសាស្ត្រាចារ្យលើជំនាញគីមី និងអាហារ។ អ្នកបច្ចេកទេសថែរក្សា និងការវេចខ្ចប់ បម្រើការក្នុងក្រុមហ៊ុនផលិតអាហារ ឬភេសជ្ជៈផ្សេងៗ ឬជាអ្នកស្រាវជ្រាវផ្នែកអាហារ និងការងារផ្សេងៗទៀត។

២. ជំនាញវិស្វកម្មជីវសាស្ត្រ ឬបច្ចេកវិទ្យាជីវសាស្ត្រ៖ ជាផ្នែកមួយក្នុងវិស្វកម្ម ដែលផ្តោតសំខាន់លើដំណើរការគីមី និងជីវសាស្រ្ត ដើម្បីផលិតផល និងបច្ចេកទេសសម្រាប់ប្រើប្រាស់លើវិស័យដូចជា វិស័យសុខាភិបាល វិស័យកសិកម្ម និងបរិស្ថាន និងឧស្សាហកម្មចំណីអាហារ។  វិស្វកម្មជីវសាស្ត្រ គឺជាជំនាញថ្មីមួយដែលរួមបញ្ចូលវិស័យវិស្វកម្មជាច្រើនដូចជា វិស្វកម្មគីមី អេឡិចត្រូនិក និងមេកានិក។
និស្សិតក៏អាចចូលបំម្រើការនៅតាមក្រសួងពាក់ព័ន្ធដូចជា ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម ឬតាមស្ថាប័នផ្សេងៗ។ និស្សិតមានឱកាសក្លាយជាអ្នកត្រួតពិនិត្យគុណភាព អ្នកជំនាញផ្នែកពិសោធន៍។ល។

៣. បច្ចេកវិទ្យាវិស្វកម្មមេកានិក៖ គឺសិក្សាទៅលើមូលដ្ឋាននៃគោលការណ៍វិស្វកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការបង្កើតផលិតផល ដែលមានប្រយោជន៍ និងគ្រឿងម៉ាស៊ីន។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹងដូចជា ជួសជុលម៉ាស៊ីនចំហេះក្នុង មានដូចជាម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនម៉ូតូ និងម៉ាស៊ីនត្រាក់ទ័រជាដើម។ រចនាប្លង់ និងដំឡើងប្រព័ន្ធទឹកទាំងក្នុង និងក្រៅអគារ ហើយដឹងពីការប្រើប្រាស់រង្វាស់មេកានិក ចេះជួសជុល និងថែទាំឧបករណ៍មេកានិក និងការរៀបចំប្រព័ន្ធម៉ាស៊ីន ក្នុងស្ថាប័នផ្សេងៗ ព្រមទាំងចំណេះដឹងផ្សេងៗទៀត។

បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចបង្កើតអាជីវកម្មដោយខ្លួនឯង ក្លាយជាអ្នកបច្ចេកទេសជួសជុលម៉ាស៊ីនទូទៅ អ្នកដំឡើងប្រព័ន្ធទឹក និងម៉ាស៊ុនត្រជាក់។ និស្សិត ក៏មានឱកាសក្លាយជាបុគ្គលិកគ្រប់គ្រងមេកានិកនៅតាមបណ្តាសហគ្រាស និងស្ថាប័នផ្សេងៗ ជាមួយនឹងឱកាសការងារជាច្រើនទៀត។

៤. ក្រាហ្វិក ឌីហ្សាញ៖ ជំនាញនេះ ស័ក្តិសមចំពោះអ្នកចូលចិត្តផ្នែករចនាបទផ្សេងៗដូចជា ផ្ទាំងរូបភាព គំនូរជីវចល សិល្បៈគំនូរ និងរូបភាពសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ។ ជំនាញនេះ គឺទាមទារឱ្យអ្នកសិក្សាមានគំនិតច្នៃប្រតិដ្ឋខ្ពស់ មានជំនាញផ្នែកកុំព្យូទ័រខ្លាំង ព្រមទាំងដើរទាន់សម័យកាលជានិច្ច។ ក្រាហ្វិក ឌីហ្សាញត្រូវមានភាពអត់ធ្មត់ខ្លាំង និងព្យាយាមរកអ្វីដែលថ្មី និងទាក់ទាញជារៀងរាល់ថ្ងៃ ព្រោះរាល់ការរចនារូបភាពនីមួយៗត្រូវមានភាពទាក់ទាញ និងមានអត្ថន័យជានិច្ច។

ជំនាញមួយនេះ គឺអ្នកត្រូវនៅជាមួយនឹងបច្ចេកវិទ្យាជាប់រហូត ហើយត្រូវស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត ដូចជាព្យាយាមរកអ្វីថ្មីៗនៅតាមប្រព័ន្ធ Internet ឬតាម YouTube ក៏ដូចជាសិក្សាតាមរយៈវីដេអូរបស់ជនបរទេសបន្ថែមទៀត ទើបមានការអភិវឌ្ឍឆាប់រហ័ស។ ក្រោយពីអ្នកសិក្សាមានជំនាញច្បាស់លាស់ ពួកគេអាចបើកអាជីវកម្មជាខ្លួនឯង ចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ឬឯកជននានា។

៥. មុខជំនាញព័ត៌មានវិទ្យា៖ ជាជំនាញមួយដែលមនុស្សទូទៅស្គាល់ថាជាជំនាញ IT។ IT គឺជាជំនាញមួយដែលតម្រូវឱ្យនិស្សិតសិក្សាទៅលើ Hardware និង Software និងមូលដ្ឋានគ្រឹះផ្សេងៗរបស់កុំព្យូទ័រក្នុងឆ្នាំមូលដ្ឋានជាមុនសិន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និស្សិតនឹងចាប់ផ្តើមសិក្សាពីជំនាញតម្រង់ទិសសំខាន់ៗដូចជា ការសិក្សាលើការសរសេរកូដ ការរៀបចំប្រព័ន្ធទិន្នន័យ ទំនាក់ទំនងទិន្នន័យ និងមានជាការរចនាបទពីវេបសាយ ព្រមទាំងបង្កើតកម្មវិធីនៅលើវេបសាយ ក៏មានការសិក្សាទាក់ទងជាមួយនឹងការរចនាក្រាហ្វិក និងមុខវិជ្ជាផ្សេងៗទៀត។
ក្រោយពីបញ្ចប់ការសិក្សា អ្នករៀនជំនាញ IT មានឱកាសការងារច្រើន ទូលំទូលាយ និងប្រាក់ខែខ្ពស់ ហើយពួកគាត់អាចចូលបម្រើការងារនៅតាមក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ធនាគារ ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ រចនារូបភាព ការដំឡើង និងបង្កើតកម្មវិធីលើកព្យូទ័រ ការកាត់តរូបភាព និងវីដេអូជាដើម។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://www.kampucheathmey.com/local-news/475284