អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ពិធីបុណ្យសំពះព្រះខែ និងអកអំបុក”
អត្ថបទដកស្រង់ដោយ : អ៊ុក ម៉ារីណា
#MJQE #AmericanInterconSchool
ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ លើកលែងតែនៅក្នុងរបបខ្មែរក្រហម។ នេះជាព្រះរាជពិធីមួយដែលប្រារព្ធនៅក្នុងព្រះរាជវង្ស។ ចំណែកពលរដ្ឋសាមញ្ញ ក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន និងតាមទីវត្តអារាម។
ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញរង្វង់មូល ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដោយបានផ្សារភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប។ តើពិធីបុណ្យសំពះព្រះខែ និងអកអំបុក មានអត្ថន័យយ៉ាងណា?
ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះត្រូវបានពលរដ្ឋក្នុងប្រទេសកម្ពុជា ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ពិធីបុណ្យអកអំបុក ជាការថ្វាយដល់ព្រះចន្ទ ដែលកំពុងរះពេញវង់នូវភោគផលកសិកម្ម ដែលប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត។ កសិករ បានយកស្រូវទុំថ្មីៗទៅលីង ហើយបុក រួចអុំយកអង្កាមចេញស្អាត ដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ ដើម្បីសម្ដែងការដឹងគុណទេវតាដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាល ហើយទទួលផលកសិកម្មបានច្រើន៖ «អកអំបុក និងសំពះព្រះខែនេះឯង គឺយើងនិយាយទៅ គឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គយោងយកកំណើតជាសត្វទន្សាយនៅក្នុងហ្នឹង ជាព្រះចន្ទអ៊ីចឹងទៅ បានខ្មែរយើងតំណមកធ្វើអកអំបុក សែនព្រះខែ ដើម្បីនឹកទៅដល់គុណព្រះចន្ទដែលមានគុណមកលើសត្វយើងទាំងអស់ ដែលយើងបានកើតនៅក្នុងលោកយើងនេះឯង»។
ពាក់ព័ន្ធនឹងពិធីអកអំបុកនេះដែរ ពេលដល់រដូវកាលម្តងៗ ពលរដ្ឋនៅតាមជនបទ ស្រែចម្ការ បាននាំគ្នាប្រមូលផលស្រូវថ្មី មានដំណើប ឬខ្សាយ យកមកលីងដាល់ជាអំបុកដោយរួមគ្នាជាក្រុមក្នុងភូមិរៀងៗខ្លួន និងនៅតាមទីវត្តអារាម ដោយពុំសូវមានគេលក់ដូរនោះទេ។ ប៉ុន្តែបច្ចុប្បន្ន អំបុកមានការធ្វើអាជីវកម្មលក់ដូរនៅតាមទីប្រជុំជន ជាពិសេសនៅទីក្រុងភ្នំពេញ។ ពលរដ្ឋមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង យកអំបុកមកលក់នៅផ្សារក្នុងក្រុងភ្នំពេញ ដោយខ្លះច្រកបាវ ខ្លះដាក់ចានដែក ចោលក្លិនស្រូវថ្មីក្រអូបប្រហើរ។