អត្ថបទព័ត៌មានស្តីអំពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យាសំខាន់ៗចំនួន៥ កំពុងជួយដោះស្រាយបញ្ហាពិភពលោកនៅក្នុងឆ្នាំ២០២៣”
អត្ថបទដកស្រង់ដោយ : គិត សុភ័ក្រ្ត
#MJQE #AmericanInterconSchool
ភាពរីកចម្រើននៃបច្ចេកវិទ្យា មានឥទ្ធិពលយ៉ាងធំធេងក្នុងការបង្កើតឱ្យមានភាពរីកចម្រើន និងដំណោះស្រាយឆ្លាតវៃសម្រាប់វិបត្តិធំៗ ដែលកំពុងកើតមានក្នុងពិភពលោក។ ទន្ទឹមនឹងល្បឿននៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា មនុស្សក៏កំពុងប្រឈមបញ្ហាជាច្រើនផងដែរ ខណៈហានិភ័យមួយចំនួនសឹងតែមិនអាចគ្រប់គ្រងបាន។ វិបត្តិភូមិសាស្ត្រនយោបាយ ភាពពហុប៉ូលនៃពិភពលោក និងវិបត្តិអាកាសធាតុ សុទ្ធសឹងតែអាចនាំឱ្យមនុស្ស និងពិភពលោកធ្លាក់ក្នុងគ្រោះថ្នាក់។ បញ្ហាទាំងនេះ តម្រូវឱ្យអ្នកដឹកនាំត្រូវប្រើបច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយវិជ្ជមានសម្រាប់មនុស្ស។ ជាមួយគ្នានេះ គេសង្កេតឃើញបច្ចេកវិទ្យាចំនួន៥ដែលមានសន្ទុះរីកចម្រើនខ្លាំង។
១. បច្ចេកវិទ្យាបៃតង៖ យោងតាមការប៉ាន់ស្មានរបស់ McKinsey Digital ការផ្លាស់ប្តូរពីប្រើឥន្ធនៈហ្វូស៊ីល ទៅជាថាមពលកកើតឡើងវិញ នឹងជួយសេដ្ឋកិច្ចសន្សំប្រាក់ចំនួន១២ពាន់លានដុល្លារនៅទូទាំងពិភពលោកនាឆ្នាំ២០៥០។ រដ្ឋាភិបាល និងរោងចក្រឧស្សាហកម្ម នឹងផ្តោតលើការធ្វើមាត្រដ្ឋានបច្ចេកវិទ្យាបៃតងដែលមានស្រាប់ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីចាប់ពីឆ្នាំ២០២៣ ក្នុងគោលដៅរក្សាការឡើងកម្ដៅផែនដីឱ្យនៅទាបជាង ១,៥អង្សាសេ។ បច្ចេកវិទ្យាដែលរំពឹងថានឹងមានការរីកចម្រើនខ្លាំងគឺ អ៊ីដ្រូសែនបៃតង (Green Hydrogen) ដែលជាប្រភពថាមពលស្អាតថ្មី អនុញ្ញាតឱ្យថាមពលពីការកកើតឡើងវិញអាចចាប់យក និងដឹកជញ្ជូនបានចម្ងាយឆ្ងាយ ពីតំបន់ដែលមានធនធានថាមពលខ្យល់ ឬថាមពលពន្លឺព្រះអាទិត្យច្រើនទៅទីតាំងដែលត្រូវការថាមពល។
២. បច្ចេកវិទ្យា Hyper-connectivity និង Cyber–resilience៖ បញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកំពុងជំរុញសកលភាវូបនីយកម្មនៃពិភពលោកមានការថមថយ និងបង្កើតឱ្យមានការបែកខ្ញែកនៃបណ្តាញអ៊ីនធឺណេត រួមជាមួយនឹងការប្រកួតប្រជែងឥទ្ធិពលនយោបាយទៅតាមប្លុក។ យ៉ាងណាក៏ដោយ វឌ្ឍនភាពបច្ចេកវិទ្យាកំពុងឆ្ពោះទៅរកការតភ្ជាប់កាន់តែច្រើន។ យោងតាម WE Forum ឧបករណ៍ចំនួន១៥ពាន់លាន នឹងត្រូវបានភ្ជាប់ទៅក្នុង Internet of Things (IoT) ក្នុងពេលបច្ចុប្បន្ន ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។ ការរីកចម្រើនដ៏ឆាប់រហ័សនេះ បាននាំឱ្យមានការវាយប្រហារតាមអ៊ីនធឺណេតកាន់តែច្រើនឡើង។ ស្របនឹងបញ្ហានេះ រដ្ឋាភិបាល និងនិយតករនៅតាមប្រទេសនីមួយៗ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាឧបករណ៍ដែលបានតភ្ជាប់អនុលោមតាមស្តង់ដាសុវត្ថិភាពអ៊ីនធឺណេតចុងក្រោយបំផុត។
៣. បច្ចេកវិទ្យា Quantum R&D៖ បច្ចេកវិទ្យា Quantum computing ដែលប្រើភាគល្អិត subatomic ដើម្បីបង្កើតវិធីថ្មីនៃការដំណើរការ និងរក្សាទុកព័ត៌មាន ទំនងជានឹងក្លាយជាបច្ចេកវិទ្យានាពេលអនាគត។ ជាមួយនឹងដំណើរការតាមលំដាប់លំដោយលឿនជាងដំណើរការនាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យា quantum នឹងជួយដោះស្រាយបញ្ហាស្មុគស្មាញដោយប្រើពេលកាន់តែខ្លី។ ទោះបីជាបច្ចេកវិទ្យា quantum នៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែការវិនិយោគរបស់រដ្ឋាភិបាល និងឧស្សាហកម្មដ៏ធំមានន័យថា យើងទំនងជានឹងឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងផ្នែក Hardware និង Software ក្នុងរយៈពេលដ៏ខ្លី ហើយផលិតផល quantum ចាប់ផ្តើមចូលទីផ្សារ។
៤. បច្ចេកវិទ្យាកែហ្សែន (Gene editing)៖ រហូតមកដល់ពេលថ្មីៗនេះ CRISPR-Cas9 ជាបច្ចេកវិទ្យាកែហ្សែន ដែលបានឈ្នះពាន់រង្វាន់ណូបែលគីមីវិទ្យាឆ្នាំ២០២០ ត្រូវបានគេប្រើជាបច្ចេកវិទ្យាជំនួយសម្រាប់ការស្រាវជ្រាវ ស្វែងយល់ពីសារៈសំខាន់នៃហ្សែនជាក់លាក់ និងការបង្កើតថ្នាំថ្មីៗ។ ចាប់តាំងពីមនុស្សទីមួយបានទទួលការព្យាបាលដោយកែប្រែហ្សែនជោគជ័យកាលពី៣ឆ្នាំមុន បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដើម្បីព្យាបាលពិការភ្នែកពីកំណើត ជំងឺបេះដូង និងជំងឺកោសិកាជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ យោងតាមការស្រាវជ្រាវថ្មីៗនេះ ជំងឺវង្វេង (Alzheimer’s) និងការឈឺចាប់រ៉ាំរ៉ៃ ក៏អាចព្យាបាលដោយប្រើ CRISPR ដែរ។
៥. បញ្ញាសិប្បនិម្មិត (AI)៖ បច្ចុប្បន្នយើងសង្កេតឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវគេឃើញនៅគ្រប់ទីកន្លែងទាំងអស់ក្នុងទិដ្ឋភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ យើងមិនគួរភ័យខ្លាចខ្លាំងហួសហេតុចំពោះការរីកចម្រើននៃបច្ចេកវិទ្យានេះទេ ប៉ុន្តែយើងគួរព្យាយាមសម្របទៅនឹងការរីកចម្រើននេះ និងសិក្សាបន្ថែមពីវត្តមានរបស់វា។ ការដាក់ចេញនូវបច្ចេកវិទ្យាថ្មីៗក្នុងកម្រិតមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក គឺជាកត្តាចាំបាច់ដ៏អស្ចារ្យនៃសម័យកាល និងសម័យរបស់យើង។ ប្រសិនបើបច្ចេកវិទ្យាទាំងនេះអាចជួយមនុស្សឱ្យដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក អ្វីដែលយើងទទួលបាន គឺការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
- https://www.google.com/
- https://education.ams.com.kh/education-update/international/news/five-key-technologies-are-helping-to-solve-global-problems-in-2023/