អត្ថបទព័ត៌មានស្តីអំពីសុខភាព
ក្រោមប្រធានបទ “សារប្រយោជន៍ នៃការទទួលទានទឹកដោះគោ”
អត្ថបទដកស្រង់ដោយ : ហ៊ិន ស្រីពៅ
#MJQE #AmericanInterconSchool
ទឹកដោះគោ គឺជាប្រភេទភេសជ្ជៈម្យ៉ាងដែលផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ច្រើនរាប់មិនអស់នៅក្នុងទម្រង់ផ្សេងៗរបស់វា។ មិនថា យើងស្ថិតនៅក្នុងអាយុកាលប៉ុនណាក៏ដោយ ទឹកដោះគោនៅតែរួមចំណែកនៅក្នុងសុខភាពរបស់យើងរាល់ដំណាក់កាលនីមួយៗនៅក្នុងជីវិតអ្នក។ វាគឺជាអាហារដ៏ចាំបាច់បំផុតដែលមិនអាចចៀសវាងបានសម្រាប់ទារក និងកុមារតូចៗ។ មនុស្សភាគច្រើនគឺបានដឹងពីអត្ថប្រយោជន៍ជាទូទៅរបស់វាហើយ។ តែទោះជាយ៉ាងណាក៏ដោយ វានៅមានគុណសម្បត្តិជាច្រើនផ្សេងៗទៀតដែលយើងគួរតែធ្វើការសិក្សាស្រាវជ្រាវបន្ថែម។ ខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួនដែលយើងនឹងអាចទទួលបានពីការផឹកទឹកដោះគោជាប្រចាំ៖
១. ទឹកដោះគោគឺផ្ទុកទៅដោយសារជាតិចិញ្ចឹម :
ទឹកដោះគោ មានរួមបញ្ចូលគ្នារវាងសារធាតុជាច្រើនមានដូចជា ប្រូតេអ៊ីន ឡាក់តូស កាល់ស្យូម វីតាមីន D វីតាមីន A វីតាមីន B12 និងសារជាតិ riboflavin ។ ដោយសារតែជាតិប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោ ទើបបានជាធ្វើឱ្យវាក្លាយជាអាហារមួយដ៏ពេញលេញបានដោយមិនចាំបាច់ត្រូវការការរួមបញ្ចូលនូវអាហារផ្សេងទៀតធ្វើជាប្រភពដើម។ សម្រាប់អ្នកដែលតមសាច់ វាគឺជាប្រភពដ៏ល្អបំផុត នៃសារជាតិប្រូតេអ៊ីនចំពោះពួកគេ។ វីតាមីន A ជំរុញដល់ប្រព័ន្ធភាពស៊ាំ ការពារដល់ការចុះខ្សោយនៃការមើលឃើញ និងភាពពិការភ្នែក។ ជាតិកាល់ស្យូមដែលមានវត្តមាននៅក្នុងទឹកដោះគោ គឺអាចពង្រឹងទៅដល់សុខភាពឆ្អឹង ការពារបាននូវការបាត់បង់ឆ្អឹង និងជួយឱ្យឆ្អឹងរឹងមាំ ជាពិសេសនៅពេលយើងឈានចូលមជ្ឈិមវ័យ។
២. ទឹកដោះគោលើកស្ទួយដល់ថាមពល និងមុខងាររបស់រាងកាយ :
សារធាតុផ្សំដែលមាននៅក្នុងទឹកដោះគោជួយនៅក្នុងការផលិតថាមពល ធ្វើឱ្យប្រព័ន្ធប្រសាទមានដំណើរការបានត្រឹមត្រូវល្អ ការពារបេះដូង ដោយការរក្សានូវសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតល្អ។
៣. ទឹកដោះគោមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ស្ត្រី :
ស្ត្រីត្រូវធ្វើការផឹកទឹកដោះគោឱ្យបានច្រើនជាពិសេស ដើម្បីរក្សាបាននូវកំហាប់ឆ្អឹង និងសុខភាពទូទៅក្នុងរយៈពេលយូរ។ ស្ត្រីដែលមិនសូវបានទទួលទានទឹកដោះគោគឺងាយនឹងទទួលរងនូវបញ្ហាទាក់ទងនឹងឆ្អឹងមានដូចជា ជំងឺពុកឆ្អឹងនៅក្នុងដំណាក់កាលក្រោយនៃជីវិតរបស់ពួកគេ។ ដោយសារតែស្ត្រី គឺហាក់នឹងងាយរងឱកាសនូវការប្រឈមទៅនឹងជំងឺមហារីកច្រើនជាង បើធ្វើការប្រៀបធៀបនឹងបុរស ដូច្នេះការទទួលទានទឹកដោះគោឱ្យបានជាប្រចាំ ត្រូវបានគេណែនាំជាពិសេសចំពោះស្ត្រី ដើម្បីកាត់បន្ថយបាននូវឱកាសនៃការកើតមានជំងឺមហារីកសុដន់ និងជំងឺមហារីកពោះវៀន។
៤. ទឹកដោះគោគឺល្អប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូនដោយទឹកដោះ :
ក្នុងអំឡុងពេល និងក្រោយពេលនៃការមានផ្ទៃពោះ ស្ត្រីត្រូវការផឹកទឹកដោះគោក្នុងបរិមាណកំណត់ មួយដើម្បីទទួលបាននូវសារជាតិកាល់ស្យូមគ្រប់គ្រាន់ ចំពោះទាំងម្តាយ និងទារក។ ម្តាយដែលបំបៅដោះកូន ត្រូវការទទួលនូវជាតិទឹកដោះគោក្នុងទម្រង់ផ្សេងៗគ្នាដើម្បីអាចបង្កើនបរិមាណនៃការបញ្ចេញទឹកដោះឱ្យបានគ្រប់គ្រាន់សម្រាប់ទារក។
ទឹកដោះគោអាចត្រូវបានគេយកមកទទួលទានក្នុងទម្រង់ជាធម្មជាតិរបស់វា ឬក្នុងលក្ខណៈនៃការកែច្នៃផ្សេងៗទៀតមានដូចជា ទឹកដោះគោយ៉ាអួ ឬហ្វ្រូម៉ាស់ជាដើម។ វាសម្បូរទៅដោយសារជាតិចិញ្ចឹមបំប៉ន និងមានតុល្យភាពជាពិសេស ជាមួយនឹងកាបូអ៊ីដ្រាត និងប្រូតេអ៊ីន។ ទឹកដោះមិនត្រឹមតែអាចជួយរក្សាឱ្យអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែវាពិតជាល្អបំផុតសម្រាប់សុខភាពស្បែក និងសក់របស់យើងផងដែរ។
អត្ថបតដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.health.com.kh/archives/381909