អត្ថបទព័ត៌មានស្តីពី៖ សុខភាព
ក្រោមប្រធានបទ៖ “វិធីសាស្ត្រ១០យ៉ាង ដើម្បីជួយការពារជំងឺទឹកនោមផ្អែមប្រភេទទី២”
អត្ថបទដកស្រង់ដោយ៖ ប៊ុត សត្យា
#MJQE #AmericanInterconSchool
អ្នកអាចជួយកាត់បន្ថយការប្រឈមនៃជំងឺទឹកនោមផ្អែមប្រភេទទី២បាន ដោយគ្រាន់តែយល់ដឹងអំពីហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម និងធ្វើការផ្លាស់ប្តូររបៀបរស់នៅ។ កត្តាដែលបង្កឱ្យមាន ហានិភ័យរួមមានការឡើងទម្ងន់ ឡើងសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត (ជាតិខ្លាញ់ក្នុងឈាម)។ ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ គឺមិនមែនជាការងាយស្រួលទេ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងរបស់ខ្លួនយើង និងដើម្បីសុខភាពយើង។ ខាងក្រោមនេះជាគន្លឹះដើម្បីជួយអ្នកក្នុងការកាត់បន្ថយការប្រឈមនៃជម្ងឺទឹកនោមផ្អែមប្រភេទទី២ រួមមាន៖
១. សូមពិនិត្យសុខភាពឱ្យបានទៀងទាត់ : នៅពេលដែលអ្នកធ្វើតេស្តឱ្យបានទៀងទាត់ អាចជួយឱ្យអ្នកដឹងពីការវិវត្តនៃជំងឺទឹកនោមផ្អែមបាន។ ពេលខ្លះយើងក៏អាចមានវិធីដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលា។
២. ការគ្រប់គ្រងទម្ងន់ : ខ្លាញ់នៅក្នុងរាងកាយច្រើនពេក ក៏អាចមានការប្រឈមខ្លាំងនឹងការកើតមាននូវជំងឺទឹកនោមផ្អែមប្រភេទទី២ បានដែរ ព្រោះវាធ្វើការរាំងស្ទះមុខងាររបស់អាំងស៊ុយលីន។
៣. ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ : ការធ្វើលំហាត់ប្រាណកម្រិតមធ្យម អាចជួយគ្រប់គ្រងទម្ងន់ កាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងគ្រប់គ្រងសម្ពាធឈាម ព្រមទាំងកូឡេស្តេរ៉ុល។
៤. របបអាហារតុល្យភាព : ការបរិភោគផ្លែឈើ បន្លែ និងអាហារដែលមានជាតិសរសៃខ្ពស់ មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែម។
៥. មិនត្រូវបរិភោគអាហារកែច្នៃ : "អាហារកែច្នៃ" គឺជាអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ដែលបង្កឱ្យធាត់ និងសម្ពាធឈាមឡើងខ្ពស់។
៦. មិនត្រូវទទួលទានគ្រឿងស្រវឹងលើសកម្រិត : ជាតិអាល់កុលច្រើនពេក អាចធ្វើឱ្យអ្នកឡើងទម្ងន់ និងអាចបង្កើនសម្ពាធឈាមខ្ពស់។
៧. ឈប់ជក់បារី : អ្នកជក់បារីមានការប្រឈមមុខខ្ពស់ជាងពីរដង នៅក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមច្រើនជាងអ្នកមិនជក់បារី។
៨. គ្រប់គ្រងសម្ពាធឈាម : វិធីសាស្រ្តដែលអាចជួយគ្រប់គ្រងសម្ពាធឈាម ដូចជាការធ្វើលំហាត់ប្រាណ របបអាហារមានតុល្យភាព និងការរក្សាទម្ងន់។
៩. កាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង : ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង មានកត្តាដែលបង្កហានិភ័យដូចគ្នា រួមមានជំងឺធាត់ និងការមិនដែលហាត់ប្រាណ។
១០. ទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាទៀងទាត់ : វាជាគំនិតល្អមួយដើម្បីពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាម សម្ពាធឈាម និងកូឡេស្តេរ៉ុលក្នុងឈាម ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ www.betterhealth.vic.gov.au