តើមុននឹងឈានចូលសាកលវិទ្យាល័យ សិស្សថ្នាក់ទី១២គួរត្រៀមអ្វីខ្លះ?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើមុននឹងឈានចូលសាកលវិទ្យាល័យ សិស្សថ្នាក់ទី១២គួរត្រៀមអ្វីខ្លះ?”
អត្ថបទដកស្រង់ដោយ : រស់ រដ្ឋា
#MJQE #AmericanInterconSchool

ជីវិតសិក្សានៅថ្នាក់មហាវិទ្យាល័យជាជំហានសិក្សាថ្មីមួយកម្រិតទៀត បន្ទាប់ពីប្អូនៗបញ្ចប់ការសិក្សាថ្នាក់ទី១២ ។ អាចនិយាយថា នេះជាដំណាក់កាលផ្ដល់ការពិបាកសម្រេចចិត្តក្នុងការជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យ ទាំងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានភាពខុសប្លែកគ្នាពីទិដ្ឋភាពសិក្សានៅថ្នាក់វិទ្យាល័យ។    ប្អូនៗគួរដឹងថាខ្លួនឯងចង់រៀនជំនាញអ្វីពិតប្រាដក ចៀសវាងការរៀនតាមគ្នាជាហេតុធ្វើឱ្យខាតបង់ពេលវេលា និងប្រាក់កាស។ ខាងក្រោមនេះ ជាបទពិសោធជីវិត៥ចំណុចដែលយុវជនអាចត្រៀមខ្លួនមុនពេលឈានជើងចូលសិក្សានៅសាកលវិទ្យាល័យ។

១. របៀបរស់នៅថ្មី : ជាក់ស្តែងអ្វីដែលងាយឃើញមុនគេគឺការប្តូរទីតាំងសិក្សា។ ត្បិតនៅកម្ពុជាមានសាកលវិទ្យាល័យ និងវិទ្យាស្ថានសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក៏ពិតមែន ប៉ុន្តែមិនប្រាកដថា មហាវិទ្យាល័យ ឬទីកន្លែងសិក្សានោះមានតម្រូវការស្របតាមការចង់បានរបស់និស្សិតឡើយ។ ជម្រើសល្អបំផុត គឺនិស្សិតត្រូវបង្ខំចិត្តចំណាកស្រុករស់នៅឆ្ងាយពីផ្ទះ និងឆ្ងាយពីសមាជិកគ្រួសារ។ គម្លាតនៃការរស់នៅនេះអាចបង្កការលំបាកជាច្រើនដល់យុវជនដែលមានជីវភាពពុំសូវធូរធារដូចជា ទីស្នាក់អាស្រ័យ ការចំណាយលើថ្លៃសិក្សា ការចំណាយលើមធ្យោបាយធ្វើដំណើរ ព្រមទាំងការចំណាយលើសេវាសុខភាពជាដើម ។  និស្សិតត្រូវត្រៀមខ្លួនជានិច្ច ប្រឈមនឹងការរស់នៅក្នុងរូបភាពចំណាកស្រុកឆ្ងាយគ្រួសារ។

២. ទំនាក់ទំនង : ទីកន្លែងសិក្សាថ្មី បរិយាកាសរស់នៅថ្មី និងទំនាក់ទំនងថ្មី គឺជារបត់ជីវិតថ្មីមួយដែលតម្រូវឱ្យនិស្សិតមានទំនាក់ទំនងថ្មីៗជាមួយមនុស្សជុំវិញខ្លួន។ ទំនាក់ទំនងថ្មីជួយឱ្យនិស្សិតបង្កើនគុណភាពជីវិត និងការប្រកួតប្រជែងផ្សេងៗក្នុងជីវិតសិក្សា។ ទំនាក់ទំនងថ្មីនេះ អាចជារឿងល្អសម្រាប់និស្សិត ប៉ុន្តែការរាប់អានគ្នា ឬការផ្តល់ទំនុកចិត្តលើទំនាក់ទំនងជាមួយបុគ្គលថ្មីៗ ទាមទារឱ្យនិស្សិតពិចារណាឱ្យបានល្អិតល្អន់ និងឈ្វេងយល់ឱ្យបានស៊ីជម្រៅពីបុគ្គល មុននឹងផ្តល់សេចក្តីទុកចិត្ត ។

៣. ហិរញ្ញវត្ថុ : រស់នៅឆ្ងាយផ្ទះចាយលុយច្រើនដើម្បីចំណេះជារឿងធម្មតាសម្រាប់អ្នកសិក្សាចំណាកស្រុកចង់បានជំនាញ។ ទំហំចំណាយនឹងកើនឡើងជាលំដាប់ទៅតាមឆ្នាំសិក្សានីមួយៗ ដោយសារតម្រូវការផ្សេងៗចេះតែកើនឡើង។ សម្រាប់អ្នកមានជីវភាពធូរធារការចំណាយមិនមែនជាបញ្ហាចោទខ្លាំងនោះទេ ប៉ុន្តែសម្រាប់អ្នកមានជីវភាពពុំសូវធូរធារ ការចំណាយនៅសាកលវិទ្យាល័យជាបន្ទុកធំមួយគ្រួសារ។ និស្សិតភាគច្រើនបានបង្ខំចិត្តរៀនផងធ្វើការផង ដើម្បីទទួលបានឱកាសសិក្សាស្របតាមគោលដៅរបស់ខ្លួន។ ដំណើរស្វែងរកប្រភពហិរញ្ញវត្ថុបន្ថែមនេះ ជាដំណាក់កាលថ្មីមួយដែលតម្រូវឱ្យនិស្សិតរៀនរស់ដោយស្វ័យភាព ឬរៀនរស់ដោយខ្លួនទីពឹងខ្លួន។ ជាមួយគ្នានេះដែរ ការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវនៅពេលសិក្សានេះ ក៏ជាមេរៀនជីវិតដ៏សំខាន់ដែលនិស្សិតគ្រប់រូបត្រូវដឹង។ និស្សិតក៏ត្រូវប្រាកដថា តើការវិនិយោគពេលវេលា និងកម្លាំងកាយក្នុងពេលសិក្សានៅមហាវិទ្យាល័យជាពរជ័យសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ដែលមិនមែនជាបន្ទុកនៅក្នុងផ្នែកណាមួយ។

៤. របៀបសិក្សា : រៀនគ្រាន់តែដឹង និងរៀនដើម្បីបានចំណេះដឹងខុសគ្នា ពីព្រោះរៀនគ្រាន់តែដឹង គឺដឹងតែរៀនកំដរថ្នាក់ និងយកវត្តមានសិក្សាតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ប្រសិនបើនិស្សិតរៀនដើម្បីទទួលបានចំណេះដឹងពិត និងមានឱកាសទទួលបានការងារល្អៗ នោះតម្រូវឱ្យនិស្សិតខិតខំប្រឹងឱ្យបានខ្លាំងក្លាបំផុត។ របៀបសិក្សានៅពេលនេះ គឺរៀនប្រកួតប្រជែងរកគុណភាពជីវិត។ ដើម្បីឱ្យជីវិតសិក្សាមានគុណភាពនិស្សិតត្រូវរៀនច្រើនរូបភាពទាំងក្នុងថ្នាក់ ទំនាក់ទំនងសិក្ខាសាលា និងកម្មវិធីសង្គមផ្សេងៗ ។

៥. គោលដៅជីវិត : គោលដៅជីវិតសិក្សានៅថ្នាក់វិទ្យាល័យ គឺចង់បានពិន្ទុខ្ពស់ និងប្រឡងជាប់និន្ទេសល្អ ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាជំនាញណាមួយនៅសាកលវិទ្យាល័យ ឬបានសិក្សាមុខជំនាញណាមួយដែលខ្លួនពេញចិត្ត។ ចំណែកគោលដៅជីវិតនៅមហាវិទ្យាល័យ គឺដំណើរនៃការរៀបចំផែនការជីវិត និងកសាងគុណភាពជីវិតឱ្យមានសុភមង្គល។ ចំណុចភ្ជាប់គ្នានេះ ការសិក្សានៅថ្នាក់វិទ្យាល័យជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ គួររំលឹកថា ជីវិតសិក្សាដែលមានគោលដៅច្បាស់លាស់ និងជួយឱ្យនិស្សិតដោះស្រាយបញ្ហាលំបាកៗ ដោយងាយស្រួល ព្រមទាំងបំប្លែងកិច្ចការស្មុគស្មាញទាំងឡាយ ឱ្យក្លាយជាឱកាសរីកចម្រើនសម្រាប់បច្ចុប្បន្ន និងអនាគត ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ 
https://education.ams.com.kh/life-education/news/5-points-to-show-life-experience-when