ផលវិជ្ជមាន៧យ៉ាង សម្រាប់អ្នកដែលតែងតែគេងថ្ងៃបន្ទាប់ពីបាយថ្ងៃត្រង់

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “ផលវិជ្ជមាន៧យ៉ាង សម្រាប់អ្នកដែលតែងតែគេងថ្ងៃបន្ទាប់ពីបាយថ្ងៃត្រង់”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE #AmericanInterconSchool

ការគេងពេលថ្ងៃបន្ទាប់ពីញុំាបាយរួចមានសារៈសំខាន់ណាស់ដែលជួយឱ្យមានសុខភាពល្អ  ហើយពុំមែនជាទម្លាប់អាក្រក់នោះទេ តែផ្ទុយទៅវិញ វាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ តែការគេងថ្ងៃត្រឹមតែមួយស្របក់ កន្លះម៉ោង ឬត្រឹម១ម៉ោងគឺគ្រប់គ្រាន់ហើយ មិនគួរគេងលើសពី១ម៉ោងនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ទម្លាប់រស់នៅប្រចាំថ្ងៃ ប៉ះពាល់ដល់ដំណេកយប់ឡើង ថែមទាំងខាតពេលវេលាធ្វើកិច្ចការផ្សេងៗនៅថ្ងៃរសៀលថែមទៀតផង។   ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការគេងថ្ងៃ៖ 

១. បេះដូង :
ធ្វើឱ្យបេះដូងមានសុខភាពល្អ និងមិនងាយប្រឈមបញ្ហាសុខភាពទាក់ទងនឹងបេះដូង។

២. ឡើងទម្ងន់ :
បើអ្នកគេយប់មិនគ្រប់គ្រាន់ អ្នកគួរតែគេងថ្ងៃបន្ថែម ព្រោះវាជួយទប់ស្កាត់បញ្ហាឡើងទម្ងន់។ អ្នកត្រូវដឹងថា បើយប់នេះអ្នកគេងមិនបានគ្រប់គ្រាន់ ហើយស្អែកឡើងមិនបានគេងថ្ងៃ និងធ្វើការហត់ថែមទៀត នោះអ្នកច្បាស់ជាឡើងទម្ងន់ដោយមិនដឹងខ្លួន ហើយការឡើងទម្ងន់បែបនេះពុំល្អចំពោះសុខភាពឡើយ។

៣. ខួរក្បាល :
បង្កើនសមត្ថភាពចងចាំ និងជំនួយដល់ភាពវ័យឆ្លាតនៃខួរក្បាល។ ការស្រាវជ្រាវបានឱ្យដឹងថា អ្នកគេងថ្ងៃមានការចងចាំល្អជាងអ្នកពុំបានគេងថ្ងៃ។  

៤. ពង្រឹងស្មារតី និងភាពច្នៃប្រតិដ្ឋនៅថ្ងៃរសៀល :
បង្កើនស្មារតីគិតវិជ្ជមាន មានភាពច្នៃប្រតិដ្ឋ អារម្មណ៍ស្រស់ស្រាយឡើងវិញ និងមានការប្រុងប្រយ័ត្នខ្ពស់។ ចំពោះអ្នកដែលធ្វើការងារទាំងងងុយគេង និងអ្នកធ្វើការដែលគេងថ្ងៃគ្រប់គ្រាន់ គឺមានលទ្ធផលការងារមិនដូចគ្នានោះទេ ដោយភាគច្រើនអ្នកធ្វើការដែលគេងថ្ងៃគ្រប់គ្រាន់ ទទួលបានលទ្ធផលល្អជាង។ ជាពិសេសក្នុងអំឡុងពេលបើកបរ គឺមិនងាយប្រឈមគ្រោះថ្នាក់ចរាចរណ៍។
  
៥. សរសៃឈាម និងសម្ពាធឈាម :
សម្រួលដល់សរសៃឈាម និងបន្ថយសម្ពាធឈាមរបស់លោកអ្នកជាប្រចាំថ្ងៃ។

៦. ប្រសើរជាងផឹកកាហ្វេ :
ទម្លាប់មនុស្សមួយចំនួនដែលតែងតែទទួលទានកាហ្វេនៅពេលដែលងងុយដេកថ្ងៃដើម្បីឱ្យស្វាង គឺពុំមែនជាទម្លាប់ល្អនោះទេ ផ្ទុយទៅវិញការគេងថ្ងៃនៅពេលដែលយើងងងុយគេងថ្ងៃ គឺជាទម្លាប់ដែលត្រូវបានណែនាំឱ្យអនុវត្ត។
 
៧. បង្កើនថាមពល :
បង្កើនថាមពលដល់រាងកាយឡើងវិញ បន្ទាប់ពីរាងកាយបានបំពេញការងារមួយព្រឹក ឬហត់ពីយប់ (គេងមិនគ្រប់គ្រាន់) ជាដើម។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://sokhakrom.com/kh/healthtip/detail/1005/