អត្ថបទព័ត៌មានពីការអប់រំ
ក្រោមប្រធានបទ “តើគួរបង្រៀនកូនបែបណាដើម្បីពួកគេស្រឡាញ់ការអាន?”
អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ
#MJQE #AmericanInterconSchool
គន្លឹះក្នុងការជំរុញកុមារឱ្យមានទម្លាប់ក្នុងការអានសៀវភៅ គឺចាប់ផ្តើមពីការអានតាំងពីវ័យក្មេងជំហានដំបូងដើម្បីឱ្យកុមារចាប់អារម្មណ៍ក្នុងការអានសៀវភៅនោះ អ្នកត្រូវបង្កើតបរិយាកាសអានដោយមានភាពសប្បាយរីករាយជាមួយកុមារ ដើម្បីជំរុញទឹកចិត្តកុមារក្នុងការអាន។ ទោះយ៉ាងណាក៏ដោយកុមារទាំងអស់មានដំណាក់កាលនៃការរៀនអានសៀវភៅផ្សេងៗគ្នា។ នេះមានន័យថា កុមារខ្លះអាចស្រលាញ់ការអានសៀវភៅតាំងពីកំណើត ហើយកុមារខ្លះទៀតប្រហែលជាមិនចូលចិត្តអាននោះទេ។
ដូច្នេះអ្នកត្រូវប្រើវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនដែលអ្នកអាចធ្វើបានដើម្បីលើកទឹកចិត្តកូនអ្នកឱ្យអាន។
ដំបូងអ្នកចាំបាច់ត្រូវស្វែងយល់ពីមូលហេតុដែលកូនរបស់អ្នកមិនចូលចិត្តអានជាមុនសិន។
មូលហេតុខ្លះៗដែលកុមារមិនចូលចិត្តអានរួមមាន៖
• កុមារមានអារម្មណ៍ថាការអាន គឺជាសំពាធ។
• កុមារអាចមានបញ្ហាក្នុងការអាន។
• កុមារងាយនឹងធុញទ្រាន់ក្នុងការអាន។
• កុមារមិនទាន់រកឃើញសៀវភៅដែលគេចូលចិត្តអាន។
នៅពេលដែលអ្នកដឹងពីមូលហេតុដែលកូនរបស់អ្នកមិនចូលចិត្តអានសៀវភៅ អ្នកអាចដោះស្រាយបញ្ហាបានឆាប់ និងជួយកុមារចាប់ផ្តើមការអានកាន់តែមានភាពរីករាយ។ សាកល្បងវិធីងាយៗទាំង៨នេះដើម្បីលើកទឹកចិត្តកុមារឱ្យមានទម្លាប់អាន និងមានភាពរីករាយត្រូវអនុវត្តដូចខាងក្រោម៖
១. រៀបចំទីកន្លែងសមរម្យ : ត្រូវរៀបចំទូសម្រាប់តាំងសៀវភៅឱ្យបានត្រឹមត្រូវ ឬបន្ទប់រៀបចំ
តាមចំណង់ចំណូលចិត្តរបស់កុមារ និងមិនមានសំឡេងរំខានខ្លាំង។
២. លើកទឹកចិត្ត និងអនុញ្ញាតឱ្យពួកគេអានសៀវភៅតាមចំណាប់អារម្មណ៍របស់ពួកគេ : ជាជាង បង្ខំឱ្យកុមារអានអ្វីដែលអ្នកចូលចិត្ត ផ្ទុយទៅវិញជំរុញឱ្យពួកគេអានអ្វីដែលពួកគេចាប់ អារម្មណ៍ នេះគឺជាការអភិវឌ្ឍទម្លាប់នៃការអានកុមារ។ ស្វែងរកប្រភេទសៀវភៅផ្សេងៗ ដូចជា រឿងនិទានអាថ៌កំបាំង រឿងប្រតិដ្ឋបែបវិទ្យាសាស្ត្រ សៀវភៅកំប្លែង និងរឿងជាច្រើនទៀត។
៣. គំរូរបស់អ្នក : ប្រសិនបើអ្នកជាមនុស្សចូលចិត្តអានសៀវភៅ កូនរបស់អ្នកទំនងជាចាប់យកចំណង់ចំណូលចិត្ត និងធើ្វតាមគំរូរបស់អ្នក។ លើកទឹកចិត្តកូនរបស់អ្នកអាចជាមួយអ្នក ដោយរៀនអានជាមួយសៀវភៅផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលអ្នកកំពុងអាន។
៤. តភ្ជាប់ការអានទៅនឹងជីវិតពិត : ជួយកូនអ្នកឱ្យអនុវត្តអ្វីដែលគាត់កំពុងអានក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជា សារប្រយោជន៍នៃការអានតាមរយៈអនុវត្ត ការអានបញ្ជីមុខម្ហូប ឈ្មោះខ្សែរភាពយន្ត សញ្ញាសំគាល់ផ្លូវ ការណែនាំអំពីល្បែងសិក្សា និងអ្វីៗជាច្រើនទៀត។
៥. នាំកុមារទៅបណ្ណាល័យ : ចំណាយពេលនាំកុមារទៅបណ្ណាល័យផ្តល់ឱ្យកុមារនូវឱកាសដើម្បីអភិវឌ្ឍទម្លាប់នៃការអានល្អ។ ដូច្នេះត្រូវប្រាកដថាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ធ្វើដំណើរទៅបណ្ណាល័យ។
៦. ជជែកជាមួយកូនរបស់អ្នកបន្ទាប់ពីអាន : បន្ទាប់ពីកូនរបស់អ្នកអានសៀវភៅរួចរាល់ ហើយនិយាយពីអ្វីដែលបានកើតឡើងក្នុងសៀវភៅ បន្ទាប់មកសួរថា តើផ្នែកណាដែលពួកគេចូលចិត្ត។ នេះនឹងជួយបង្កើនជំនាញការយល់ដឹងរបស់កូនអ្នក និងធ្វើឱ្យការអានមានភាពរីករាយ និងស្និទ្ធស្នាល។
៧. ផ្តល់ការគាំទ្រដល់កូនរបស់អ្នក : ប្រសិនបើអ្នកសង្កេតឃើញកូនរបស់អ្នកមានការលំបាកក្នុងការអាន សូមជជែកជាមួយគ្រូរបស់កូនអ្នក ឬអ្នកជំនាញ ហើយដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៨. អានជាមួយកូនរបស់អ្នកជារៀងរាល់យប់ : បង្កើតទម្លាប់អានជាមួយកូនៗជារៀងរាល់យប់។ ទម្លាប់នេះជួយឱ្យកូនអ្នករៀនផ្សារភ្ជាប់ជាមួយការអាននឹងការសម្រាកលំហែខួរក្បាលជាមួយភាពរីករាយក្នុងសៀវភៅ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://www.khsearch.com/qna/3086