ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត 
ក្រោមប្រធានបទ៖ “ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី”
អត្ថបទដកស្រង់ដោយ : តាប់ សោភ័ណ្ឌ
#MJQE #AmericanInterconSchool

ដើម្បីរក្សានូវកេរមរតកដូនតាខ្មែរយើង និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរ ដែលដូនតាយើងបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្នុងន័យផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយ រួមនិងភ្ញៀវទេសចរបរទេសបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលមួយនេះ។

ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី អាចចូលរួមប្រកួតបង្ហើរបានដោយគ្រាន់តែទៅទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

គួរបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរីនេះ គឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត និងមានរៀបចំកម្មវិធីមួយចំនួនដូចជា៖ 
១. កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប។
 ២. កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគំតន្ត្រីបុរាណ និងសម័យនាពេលរាត្រី។
៣. កម្មវិធីបង្ហាត់បង្ហាញអំពីរបៀបនៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្ត
សៀមរាប៕