អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ៖ “ជះទឹក ប៉ាតម្សៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរបន្ថយតម្លៃវប្បធម៌ជាតិ និងធ្លាក់ចុះសីលធម៌សង្គមខ្មែរ”
អត្ថបទដកស្រង់ដោយ : ជុំ ស៊ីធាន់
#MJQE #AmericanInterconSchool
បុណ្យចូលឆ្នាំខ្មែរ ជាទំនៀមទម្លាប់ ប្រពៃណីដ៏ផូផង់របស់ជាតិខ្មែរ។ បុណ្យនេះ គេច្រើនប្រារព្ធឡើងនៅចន្លោះថ្ងៃទី១៣-១៤ ដល់១៥ ឬ១៤-១៥ ដល់១៦ ខែមេសា ជារៀងរាល់ឆ្នាំ តាមក្បួនមហាសង្ក្រាន្ត ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទីមួយជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទីពីរជាថ្ងៃវារៈវ័នបត និងថ្ងៃទីបីជាថ្ងៃឡើង ស័ក។ តាមជំនឿបង្ហាញថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីចម្រើនជោគជ័យ ត្បិតជាថ្ងៃកាត់ផ្ដាច់ចង្រៃឧបទ្រពក្នុងឆ្នាំចាស់ ដើម្បីទទួលយកសព្វសាធុកាពរក្នុងឆ្នាំថ្មី។ ឱកាសនេះ ប្រជាពលរដ្ឋខ្មែរតែងជួបជុំក្រុមគ្រួសារកម្សាន្តសប្បាយ។
ប៉ុន្តែប៉ុន្មានឆ្នាំនេះ តាមបណ្ដាខេត្តក្រុងនានា យុវជនបែរជាជួបជុំគ្នាលេងជះទឹក ប៉ាតម្សៅយ៉ាងគគ្រឹកគគ្រេងដោយពុំខ្វាយខ្វល់ ចាប់អារម្មណ៍នឹងសេចក្ដីថ្លៃថ្នូរបុគ្គល និងជាតិមាតុភូមិ។ បញ្ហានេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់សីលធម៌សង្គម និងឈានទៅរកការគំរាមកំហែងដល់វប្បធម៌ជាតិខ្មែរ។ ល្បែងជះទឹក បាញ់ទឹក ប៉ាតម្សៅ មិនមែនជាការប្រោះព្រំដូចស្រង់ព្រះនៅវត្ត ឬស្រង់ព្រះរស់ទេ កុំយល់ច្រលំ។ សកម្មភាពទាំងនេះ មិនបានចំណេញដល់វប្បធម៌ខ្មែរឡើយ មានតែការខាតបង់ ព្រោះវាពុំមែនជាវប្បធម៌ជាតិខ្មែរ វាជាវប្បធម៌នៃប្រទេសជិតខាង។ ការលេងជះទឹក ប៉ាតម្សៅ ផ្ដល់ការប្រមាថដល់តម្លៃស្រ្តីខ្មែរ បំពានកេរ្តិ៍ខ្មាសស្រ្តីខ្មែរ ត្បិតជនខិលខូចមួយចំនួនឆ្លៀតឱកាសបន្លំឱប ថើប និងលូកលាន់លើស្ត្រី។ យុវវ័យខ្លះទៀតយកឱកាសនេះប្រព្រឹត្តរំលងបវេណីផងដែរ ដែលនាំឱ្យបាត់បង់តម្លៃស្ត្រីខ្មែរ និងប៉ះពាល់ដល់សីលធម៌សង្គម។
ហេតុនេះផ្នែកពាក់ព័ន្ធ ពិសេស្សអាជ្ញាធរមានសមត្ថកិច្ច គួរគប្បីចាត់វិធានការម៉ឺងម៉ាត់ និងហ្មត់ចត់ រារាំងយុវជនបញ្ឈប់ការលេងល្បែងកម្សាន្តបែបនេះបន្តទៀត ព្រោះនាំភាពអាប់ឱនកិត្តិយសជាតិ ខូចប្រយោជន៍សង្គម។ យុវជនត្រូវរួមគ្នាលើកស្ទួយសីលធម៌សង្គមដែលកំពុងធ្លាក់ចុះ និងបង្កើនតម្លៃកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ការប្រើកាំភ្លើងបាញ់ទឹក ជះទឹក គប់ទឹក និងស្ទាក់ម៉ូតូ ឡានប៉ាតម្សៅ មិនត្រឹមតែបង្ខូចដល់សណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះទេ វាថែមទាំងបង្កឱ្យមានជាសកម្មភាពចោរកម្ម ការលួចបន្លំ និងអាចបង្កគ្រោះថ្នាក់ គ្រោះថ្នាក់ចរាចរណ៍ ខូចខាតទ្រព្យសម្បត្តិ អាយុជីវិត ឬបញ្ហាណាមួយជាយថាហេតុផងដែរ៕