វិធីសាស្រ្តជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូនៗ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “វិធីសាស្រ្តជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូនៗ" 
អត្ថបទដកស្រង់ដោយ :  សេង ម៉ាលីណា
#MJQE #AmericanInterconSchool      

ការរាប់អានមិត្តភក្ដិថ្មីៗ និងបង្កើតទំនាក់ទំនងថ្មីៗជាមួយអ្នកដទៃ គឺមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហើយចំណែកក្មេងៗវិញ អាចនឹងមានអារម្មណ៍ថា នោះជារឿងដ៏លំបាកមួយ។ អ៊ីចឹងហើយ ដើម្បីជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន ប៉ាម៉ាក់គួរចាប់ផ្តើមបង្រៀនកូនតាំងពីនៅវ័យក្មេង ទើបជាការប្រសើរ។   ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអាចជួយអភិវឌ្ឍន៍ជំនាញទំនាក់ទំនងក្នុងសង្គមដល់កូនៗបាន៖

១. លើកទឹកចិត្តឱ្យកូនចេះសម្លឹងមើលភ្នែកដៃគូ :
វិធីសាស្ត្រដ៏សាមញ្ញមួយនេះ អាចជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន ពីព្រោះវាបង្ហាញថា យើងកំពុងតែស្តាប់ការសន្ទនា ហើយក៏កំពុងចូលរួមនៅក្នុងបរិយាកាសសង្គមដូចគ្នា។ មួយវិញទៀត ការធ្វើបែបនេះ អាចបង្ហាញពីទំនុកចិត្តចំពោះខ្លួនឯង ក៏ដូចជាការឱ្យតម្លៃដល់ដៃគូម្ខាងទៀតផងដែរ។

២. រៀនសួរសំណួរ :
អំឡុងពេលសន្ទនា ការសួរសំណួរ អាចជួយកូនភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ។ បន្ថែមពីនេះ ប៉ាម៉ាក់គួរបង្រៀនកូនឱ្យចេះសួរសំណួរបើក ជាជាងសួរសំណួរដែលមានតែចម្លើយបាទ ឬចាស។

៣. ស្គាល់ពីដែនកំណត់របស់កូន :
ចំពោះកុមារដែលចូលចិត្តភាពស្ងប់ស្ងាត់ អាចនឹងឆាប់មានអារម្មណ៍នឿយណាយ នៅពេលដែលស្ថិតនៅកន្លែងអ៊ូអរ និងមានមនុស្សច្រើន។ ដូច្នេះហើយ ប៉ាម៉ាក់មិនគួរបង្ខំកូនឱ្យព្យាយាមសម្របខ្លួនទៅក្នុងបរិយាកាសសង្គមដែលកូនមិនពេញចិត្តឡើយ ដោយគួរទុកឱកាស និងពេលវេលាឱ្យកូនអាចចាប់ផ្តើមបន្តិចម្តងៗ ទៅតាមសមត្ថភាពផ្ទាល់ខ្លួន។

៤. លើកទឹកចិត្តឱ្យកូនត្រៀមខ្លួនសម្រាប់ជំនាញសង្គមកម្រិតខ្ពស់ :
ជំនាញសង្គមកម្រិតខ្ពស់ដូចជា ការចរចា ដំណោះស្រាយជម្លោះ និងការនិយាយជាសាធារណៈ នឹងមានសារៈសំខាន់នៅពេលដែលកូនកាន់តែធំ ដូច្នេះហើយប៉ាម៉ាក់គួរចាប់ផ្តើមបង្ហាត់បង្រៀនកូនតាំងពីវ័យក្មេងទៅតាមរយៈការលើកទឹកចិត្តឱ្យកូននិយាយរឿង និងនិយាយក្នុងចំណោមក្រុមមិត្តភក្ដិ ឬសាច់ញាតិ ព្រមទាំងបញ្ចេញភាសាកាយវិការនៅពេលធ្វើការទំនាក់ទំនង។

៥. ធ្វើជាគំរូល្អដល់កូន :
ជាមួយគ្នានេះដែរ ដើម្បីពង្រឹងជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន ប៉ាម៉ាក់ក៏ចាំបាច់ត្រូវធ្វើជាគំរូដ៏ល្អ ផងដែរ ដូចជាការមានទំនួលខុសត្រូវ យកចិត្តទុកដាក់ក្នុងការស្តាប់ បង្ហាញពីជំនាញទំនាក់ទំនងល្អ និងចេះគោរព ក៏ដូចជាឱ្យតម្លៃដល់ដៃគូ។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com