គន្លឹះ១០យ៉ាងជួយលើកទឹកចិត្តកុមារឱ្យចូលចិត្តក្នុងការអានសៀវភៅ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ៖ “គន្លឹះ១០យ៉ាងជួយលើកទឹកចិត្តកុមារឱ្យចូលចិត្តក្នុងការអានសៀវភៅ”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE #AmericanInterconSchool

ដើម្បីលើកទឹកចិត្តកុមារឱ្យចេះជ្រើសរើសសៀវភៅ ឬប្រភេទអំណានដោយខ្លួនឯង អ្នកអាណាព្យាបាលគប្បីគាំទ្រពួកគេតាមរយៈការឱ្យតម្លៃចំពោះប្រភេទសៀវភៅដែលកុមារជ្រើសរើស។ យោងតាមគេហទំព័រ OXFORDOWL កត្តាដែលអាចបំផុសទឹកចិត្ត និងជាការផ្តល់អំណាចពេញបរិបូរទៅកាន់កុមារបាន សូមប្រើប្រាស់គន្លឹះសាមញ្ញៗ១០ចំណុចក្នុងការយកទៅសាកល្បងអនុវត្តន៍ក្នុងនោះរួមមាន៖

១. ជ្រើសពេលដែលល្អ : មានន័យថា លោកឪពុកអ្នកម្តាយគ្រាន់តែប្រើប្រាស់ពេលវេលាខ្លីៗ ចន្លោះពី១៥ ទៅ៣០នាទីក៏បាន ក្នុងការបង្កើត និងរក្សាទម្លាប់អាន តាមរយៈការអនុញ្ញាតឱ្យកុមារជាអ្នកជ្រើសរើសអានសៀវភៅ ឬអត្ថបទអ្វីក៏បាន និងសង្កេតថា តើពេលណាមានប្រសិទ្ធភាពសម្រាប់កុមារ ហើយអ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាឱ្យពួកគេអានបានជាប្រចាំ។

២. អានដោយខ្លួនឯង : លោកឪពុក និងអ្នកម្តាយត្រូវបង្ហាញឱ្យកុមារឃើញថា អ្នកក៏មានទម្លាប់អានដូចគ្នា ហើយអានដោយមិនមានសម្ពាធ អានដោយរីករាយ ដោយមិនមែនអានដើម្បីតែបំពេញកាតព្វកិច្ចជាគំរូសម្រាប់កុមារនោះទេ។

៣. អានឱ្យគ្នាស្តាប់ទៅវិញទៅមក : ប្រសិនបើកុមារមិនចង់អានដោយខ្លួនឯងនោះទេ ដូច្នេះគឺលោកឪពុក និងអ្នកម្តាយត្រូវបង្កើតបរិយាកាសមួយ គឺអានឱ្យគ្នាស្តាប់ទៅវិញទៅមក។ ប្រសិនបើលោកអ្នកអានមួយទំព័រចប់ សូមទុកឱ្យពួកគេអានមួយទំព័រដែរ ឬក៏អានសាច់រឿង និងការសន្ទនាណាមួយឱ្យចប់ចុងចប់ដើមតែម្តង។ ហើយដើម្បីអង្រួនចិត្តកុមារឱ្យកាន់តែចង់អាន អ្នកអាណាព្យាបាលក៏ត្រូវមានសិល្បៈ និងភាពក្លាហានគ្រប់គ្រាន់ទៅអានបែបជាសំឡេងដែលមានភាពខុសប្លែកពីធម្មជាតិនៃខ្លួនឯង ធ្វើយ៉ាងណាបង្កភាពរីករាយ និងភាពខុសប្លែកគ្នា។

៤. ឱ្យតម្លៃចំពោះប្រភេទសៀវភៅដែលកុមារជ្រើសរើស : មូលហេតុដែលយើងត្រូវឱ្យតម្លៃទៅកាន់ការជ្រើសសៀវភៅគ្រប់ប្រភេទរបស់ក្មេងៗ គឺជាការជំរុញទឹកចិត្តក្មេងៗឱ្យមោះមុតជ្រើសអ្វីដែលពួកគេពេញចិត្ត ហើយរាល់សៀវភៅនីមួយៗ គឺតែងតែបង្កប់នូវគុណតម្លៃរបស់វា គ្រាន់តែមានលក្ខណៈខុសគ្នា ដូច្នេះលោកអ្នកគួរតែលៃលករកសៀវភៅដែលបង្កប់នូវខ្លឹមសារអប់រំល្អៗ មិនប្រើពាក្យពិបាកយល់ ឬពិបាកក្នុងការអានឱ្យក្មេងអាននោះ        ឡើយ។

៥. អានជាមួយបងប្អូនដែលមានវ័យស្របាលគ្នា : មិនថាអានជាមួយកូនបង ឬកូនប្អូននោះទេ ឱ្យតែមានសមាជិកក្នុងផ្ទះដែលមានវ័យប្រហាក់ប្រហែកគ្នាក្នុងការកំដរគ្នាអាន គឺជាចំណែកដើម្បីពង្រឹងទៅដល់ការកសាងទំនុកចិត្ត ភាពកក់ក្ដៅ រួមទាំងបង្កើនជំនាញទំនាក់ទំនងយ៉ាងសំខាន់ក្នុងគ្រួសារញ៉ាំងឱ្យកូនៗមានភាពស្និទ្ធស្នាល។

៦. កំណត់កត្តាប្រឈម និងការរំពឹងទុក : មុនពេលកុមារឈានផុតអាយុ១០ឆ្នាំ តើកូន ឬក្មេងក្នុងបន្ទុករបស់អ្នកអាចអានបញ្ចប់សៀវភៅបានយ៉ាងច្រើនប៉ុន្មានក្បាលដែរ? តើប្រភេទសៀវភៅដែលពួកគេអាចអានបានមានប្រភេទអ្វីខ្លះ? មិនថាសៀវភៅកម្សាន្ត ចំណេះទូទៅ ព័ត៌មាន កំប្លែង វិទ្យាសាស្ត្រ វប្បធម៌ ឬបុរាណ ឬសៀវភៅ     ផ្សេងៗទៀតនោះទេ អ្នកអាណាព្យាបាលត្រូវដឹងអំពីប្រភេទសៀវភៅ និងកម្រិតនៃការអានរបស់ក្មេងៗ ព្យាយាមកំណត់ការយល់ដឹងរបស់កូន និងប្រើកម្រិតសៀវភៅឱ្យទៅតាមវ័យលូតលាស់កូនជាការចាំបាច់។

៧. សៀវភៅសំឡេង : ការអនុញ្ញាតឱ្យកុមារទទួលបានបទពិសោធនៃការពង្រឹងស្មារតីតាមរយៈការស្តាប់សៀវភៅជាសំឡេង ឬការជ្រើសរើសដោយខ្លួនឯង វាឆ្លើយតបនឹងកម្រិតសមត្ថភាពរបស់ពួកគេ ហើយក៏ផ្តល់ភាពងាយស្រួលក្នុងការចែករំលែកសៀវភៅចំពោះគ្នាទៅវិញទៅមក ដែលជាដំណើរមួយមានភាពទំនើប និងងាយស្រួល។ ការស្តាប់ទៅកាន់សាច់រឿងម្តងហើយម្តងទៀត ធ្វើឱ្យកុមារវិវឌ្ឍន៍នូវការប្រើប្រាស់ពាក្យពេចន៍ និងយល់ដឹងកាន់តែស៊ីជម្រៅទៅៗ ចំពោះអំណាន និងបានបណ្ដុះគំនិតឱ្យក្មេងចង់អាននូវអ្វីថ្មីៗដើម្បីបន្តការរីកចម្រើនរបស់ពួកគេ។

៨. អានក្នុងកម្មវិធីប្រកួត ឬកម្មវិធីសប្បុរសធម៌ : ការជំរុញ ឬនាំកុមារឱ្យចូលរួមក្នុងព្រឹត្តិកាណ៍ណាមួយដើម្បីរៃអង្គាសថវិកា ឬក៏ការប្រកួតប្រជែងគ្នាជាក្រុម ដើម្បីបណ្តុះភាពក្លាហាន និងស្មារតីក្នុងការអានបង្កជាបរិយាកាសនៅទីសាធារណៈឱ្យក្មេងមានឱកាសលើកយកសមត្ថភាពរបស់គេមកបង្ហាញ។

៩. ប្រើប្រាស់ផ្ទាំងទស្សនីយភាព : ប្រើប្រាស់ប្រភេទកម្មវិធីវីដេអូ ដែលពាក់ព័ន្ធនឹងការអាន ឬក៏រឿងកុនទាំងឡាយណាដែលមានផ្ទាំងទស្សនីយភាពនាំផ្លូវកុមារឱ្យខិតទៅរកការអាន ពិសេសនាំកុមារទៅបណ្ណាគារជាញឹកញាប់ គឺជាចំណែកមួយជួយឱ្យពួកគេរកឃើញសៀវភៅដែលខ្លួនពេញចិត្ត ។

១០. នាំកុមារចូលរួមក្លឹបសៀវភៅ : បង្រៀនកុមារឱ្យស្រឡាញ់ការអាន និងចេះជ្រើសអ្វីដែលគេចង់បាន គឺចាំបាច់ណាស់ក្នុងការនាំកុមារឱ្យចូលរួមក្លឹបសៀវភៅទាំងក្នុងតំបន់ដែលខ្លួនរស់នៅ និងក្រៅតំបន់ ពីព្រោះវាជាកត្តាក្នុងការនាំស្មារតីកុមារភ្ជាប់ទៅនឹងសៀវភៅ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ 
https://education.ams.com.kh/children-education/news/ten-suggestions-to-help-kids-select-books-on-their-own