អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “តើខ្លាញ់ចេញពីរាងកាយយើងដោយរបៀបណាខ្លះ?”
អត្ថបទដកស្រង់ដោយ : សុង សេរីនាថ
#MJQE #AmericanInterconSchool
តើមានអ្វីកើតឡើងចំពោះខ្លាញ់ក្នុងខ្លួននៅពេលអ្នកស្រកទម្ងន់?
ចម្លើយគឺវាអាចរលាយចេញបានតាមរយៈការបែកញើស ការបទជើងតូច និងការដកដង្ហើមចេញ។
តើការរំលាយខ្លាញ់នេះអាចកើតឡើងបានដោយរបៀបណា?
អ្នកជំនាញផ្នែកក្រពេញបញ្ចេញក្នុង លោក Bartolome Burguera, MD, PhD មានប្រសាសន៍ថា "ថាមពលដែលលើសក្នុងរាងកាយរបស់មនុស្សយើងត្រូវបានរក្សាទុកក្នុងកោសិកាខ្លាញ់"។ ប្រសិនបើអ្នកលើសទម្ងន់ មានន័យថាអ្នកបានទទួលថាមពលតាមរយៈការទទួលទានអាហារ (កាឡូរីគឺជាឯកតានៃថាមពល) ច្រើនជាងថាមពលដែលអ្នកបានបញ្ចេញ។ លោកវេជ្ជបណ្ឌិត Burguera មានប្រសាសន៍ថា "ថាមពលដែសលើសត្រូវបានផ្ទុកនៅក្នុងជាលិកា adipose ជុំវិញរាងកាយរបស់អ្នកក្នុងទម្រង់ជា triglycerides (សារធាតុខ្លា្ញញ់) " និងបរិមាណថាមពលតិចតួចទៀតត្រូវបានរក្សាទុកនៅក្នុងថ្លើម និងសាច់ដុំរបស់អ្នកជា glycogen (គ្លីកូហ្សែន)។
តើរាងកាយរបស់អ្នកប្រើថាមពលយ៉ាងដូចម្តេច?
• នៅពេលអ្នកសម្រាក : បេះដូងរបស់អ្នកត្រូវការថាមពលដើម្បីបញ្ជូនឈាមទៅផ្នែកផ្សេងៗនៃសារពាង្គកាយ ចំណែកសួតត្រូវដំណើរការដើម្បីដកដង្ហើម ហើយខួរក្បាលត្រូវដំណើរការដើម្បី គិត។ ទាំងនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀតដែលត្រូវការថាមពលយកមកប្រើប្រាស់។
• នៅពេលអ្នកបញ្ចេញសកម្មភាពច្រើន : សាច់ដុំរបស់អ្នកត្រូវការថាមពលជានិច្ច មិនថាសកម្មភាពស្រាលៗដូចជា ពេលអ្នកក្រោកឈរ ឬសកម្មភាពដែលត្រូវចំណាយកម្លាំងច្រើនដូចជាការរត់ម៉ារ៉ាតុងជាដើម។
• នៅពេលអ្នកញ៉ាំ : ប្រព័ន្ធរំលាយអាហាររបស់អ្នកត្រូវការថាមពលដើម្បីបំបែក និងរក្សាទុកអាហារ។
តើមានអ្វីកើតឡើងចំពោះខ្លាញ់ក្នុងខ្លួនពេលអ្នកតមអាហារ?
នៅពេលអ្នកតមអាហារ អ្នកទទួលទានកាឡូរីតិចជាងតម្រូវការរាងកាយរបស់អ្នក។ ដោយសារតែថាមពលដែលអ្នកទទួលបានពីការញុំាមិនគ្រប់គ្រាន់ រាងកាយអ្នកនឹងទៅធ្វើការបំប្លែងខ្លាញ់ដែលលើសឱ្យទៅជាថាមពលវិញ។
រាងកាយរបស់អ្នកធ្វើការដុតរំលាយខ្លាញ់តាមរយៈដំណើរការស្មុគស្មាញជាច្រើនដំណាក់កាល។
ខ្លាញ់ត្រូវបានរំលាយចេញពីរាងកាយក្នុងរូបភាពផ្សេងៗដូចជា៖
• ក្នុងសណ្ឋានជាទឹក (នៅពេលអ្នកបែកញើស) និងតម្រងនោមរបស់អ្នក (នៅពេលអ្នកបត់ជើងតូច) ។
• ក្នុងសណ្ឋានជាកាបូនឌីអុកស៊ីត (CO2) តាមរយៈសួតរបស់អ្នក (នៅពេលអ្នកដកដង្ហើមចេញ) ។
• ក្នុងសណ្ឋានជាកម្តៅសម្រាប់រក្សាសីតុណ្ហភាពរាងកាយឱ្យធម្មតា។
អំពីការហាត់ប្រាណ និងការសម្រកទម្ងន់ :
បើយោងតាមលោកវេជ្ជបណ្ឌិត Burguera មានប្រសាសន៍ថា "លំហាត់ប្រាណគឺជាគន្លឹះក្នុងការសម្រកទម្ងន់ និងដើម្បីរក្សាទម្ងន់ដែលសម្រកបានឱ្យមានស្ថេរភាព"។ គួរបញ្ជាក់ផងដែរថាការឆ្លើយតបរបស់មនុស្សម្នាក់ៗចំពោះការធ្វើលំហាត់ប្រាណអាចមានភាពខុសគ្នា អ្នកខ្លះស្រកទម្ងន់ អ្នកខ្លះទៀតរក្សាវា ហើយអ្នកខ្លះអាចឡើងទម្ងន់ទៅវិញ។ ទាំងនេះវាអាស្រ័យលើហ្សែន និងរបបអារហារប្រចាំថ្ងៃផងដែរ។ ជាទូទៅ មនុស្សដែលស្រកទម្ងន់ដោយជោគជ័យ និងរក្សាទម្ងន់ដែលស្រកឱ្យនៅថេរបាន ភាគច្រើនមានសកម្មភាពរាងកាយរហូតដល់មួយម៉ោងក្នុងមួយថ្ងៃ។ អ្នកជំនាញបានណែនាំឱ្យគ្រប់គ្នាចូលរួមធ្វើសកម្មភាពរាងកាយក្នុងទម្រង់នៃការធ្វើលំហាត់ប្រាណផ្សេងៗឱ្យបានយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖
https://health.clevelandclinic.org/where-does-body-fat-go-when-you-lose-weight