អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “សម្រាន្តក្នុងទីងងឹត ចម្រើនដល់សុខភាព”
អត្ថបទដកស្រង់ដោយ : អ៊ិន ឆាយ
#MJQE #AmericanInterconSchool
ពន្លឺសិប្បនិម្មិត ទោះបីជាខ្សោយយ៉ាងណាក៏រំខានដល់ដំណេក និងមកពន្យឺតភាពងងុយរបស់យើងដែរ។ ផ្ទុយទៅវិញ ការសម្រាន្តយប់ក្នុងបន្ទប់ងងឹតឈឹង គ្មានពន្លឺសោះ មិនត្រឹមតែជួយឱ្យយើងឆាប់លង់លក់យ៉ាងស្កប់ស្កល់ទេ តែថែមទាំងអាចផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាពល្អ។ ហេតុអ្វី? តើអ្នកវិទ្យាសាស្ត្រពន្យល់យ៉ាងដូចម្តេច?
លោកអ្នកមានបញ្ហាដំណេកមែនទេ? សូមសាកល្បង ពន្លត់ភ្លើង បិទអំពូល បិទវាំងនន បិទទូរសព្ទ ទូរទស្សន៍... កុំទុកឱ្យមានសល់ពន្លឺនៅក្នុងបន្ទប់គេង សាកលមើល៎។ បើតាមលទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រការសម្រាន្តក្នុងបន្ទប់ងងឹតឈឹង គ្មានពន្លឺសោះ នឹងធ្វើឱ្យអ្នកឆាប់ងងុយ និងលង់លក់យ៉ាងស្កប់ស្កល់ខ្លាំង។ យើងធ្លាប់ឮនិយាយច្រើនអំពីការរំខានរបស់សំឡេង ដូចជាថ្លង់ពេកគេមិនលក់ គេមិនបានជាដើម។ មែន! សំឡេងរំខានខ្លាំងណាស់ អាចដាស់ បង្អាក់ដំណេក។ អ្នកមានដំណេកស្រាល អាចភ្ញាក់ដោយគ្រាន់តែឮសំរិបអ្វីបន្តិច ប៉ុន្តែពន្លឺក្នុងពេលយប់ ក៏ជាប្រភពបំពុលបរិយាកាសដំណេកដ៏ចម្បងដែលជះឥទ្ធិពលអវិជ្ជមាន ដោយស្ងប់ស្ងាត់ និងដោយគេពុំសូវលើកមកនិយាយទេ។ តែដោយពិតជាក់ស្តែងទៅនោះ ពន្លឺជាការរំខានដំណេកមនុស្សលោកខ្លាំងណាស់។ នៅប្រទេសបារាំង មួយភាគបួននៃប្រជាពលរដ្ឋ រស់ប្រឈមនឹងពន្លឺអំពូលភ្លើងសាធារណៈ ។
តើពន្លឺបង្កបញ្ហាដល់ដំណេកយ៉ាងដូចម្តេច?
ទោះបីជាខ្សោយ និងភ្លឺតិចយ៉ាងណាក៏ដោយ ក៏ពន្លឺអាចប៉ះពាល់ដល់យន្តការដំណេកដែរ។ ដើម្បីងងុយ និងលង់លក់ សរីរាង្គកាយមនុស្សត្រូវការអ័រម៉ូនម្យ៉ាង ដែលផលិតតែនៅពេលយប់ គឺអ័រម៉ូន មេឡាតូនីន។ នៅក្នុងការសិក្សារបស់អ្នកវិទ្យាសាស្ត្រអូស្ត្រាលី ទើបចេញផ្សាយក្នុងពេលថ្មីៗ បានបង្ហាញឱ្យឃើញថា ពន្លឺក្នុងកម្រិតដ៏ខ្សោយបំផុត ប៉ុនកូនពន្លឺគ្រឿងអេឡិចត្រូនិកបិទហើយសោះ អាចពន្យឺតយន្តការផលិតអ័រម៉ូនមេឡាតូនីនប្រមាណ២០នាទី និងពន្យឺតភាពងងុយ និងការលង់លក់ប្រមាណ២០នាទីដែរ។ មានន័យថា ពន្លឺរំខានដល់ចង្វាក់ធម្មជាតិរបស់មនុស្ស ដោយអាចបង្ខិត ឬរំកិលចង្វាក់ដំណេក។ បើសរីរាង្គមានដំណើរការខុសចង្វាក់យូរៗទៅ ផលវិបាកសុខភាពនឹងលេចឡើង។ ពោលគឺបើសរីរាង្គដើរខុសចង្វាក់ជីវសាស្ត្រ ប្រព័ន្ធមេតាបូលិក ប្រព័ន្ធការពារខ្លួន ក៏ត្រូវដើរខុសដែរ ដែលជាហេតុធ្វើឱ្យមានហានិភ័យធ្លាក់ខ្លួនឈឺ នូវជំងឺមេតាបូលិកជាច្រើនដូចយ៉ាង ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក។ ពន្លឺអាចមានឥទ្ធិពលអវិជ្ជមាន យ៉ាងនេះក៏ដោយសារថា គ្រប់ប្រព័ន្ធដំណើរការរបស់សរីរាង្គកាយ (ប្រព័ន្ធអរម៉ូន ប្រព័ន្ធកម្តៅ ...) សុទ្ធតែគ្រប់គ្រងចាត់ចែងទៅតាមចង្វាក់ថ្ងៃយប់ នៃវដ្តដែលមាន២៤ម៉ោង ហើយធ្វើសមកាលកម្មដោយពន្លឺ។ដោយសារតែខុសចង្វាក់ធម្មជាតិដំណេកនេះហើយ បានជាការសិក្សាជាច្រើនទៀតរកឃើញថាមានកំណើនគ្រោះហានិភ័យកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ ដោយការប្រឈមនឹងពន្លឺនៅយប់។
កាលពីឆ្នាំ២០២២ ការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកបានអះអាងអំពីចំណងទំនាក់ទំនងរវាងការប្រឈមនឹងពន្លឺច្រើននៅពេលយប់ និងគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ឥឡូវអ្នកជំនាញផ្នែកដំណេកអូស្ត្រាលី លោក អ៊ីនឌ្រូ ហ្វីលីព បានអនុម័តសម្មតិកម្មនោះ និងបានចេញផ្សាយក្នុង ទស្សនាវដ្តីសុខភាពអឺរ៉ុបដ៏ល្បីល្បាញជាទីទុកចិត្តបំផុតថា គ្រោះកើតជំងឺទឹកនោមផ្អែម ដោយហេតុតែសម្រាន្តយប់ដោយទុកភ្លើងមានកម្រិតពន្លឺត្រឹមអំពូលទូរទស្សន៍បិទហើយ បានកើនឡើង២៩%-៣៩% និងដល់៥៣%បើអំពូលភ្លឺខ្លាំង។ នៅពេលសម្រាន្ត ទោះបីជាយើងបិទភ្នែកជិតឈឹងក៏ដោយ ក៏ពន្លឺនៅតែអាចជ្រៀតចាំងចូលតាមត្របកភ្នែកបានដែរ។ យើងអាចមានអារម្មណ៍ថាសម្រាន្តពេលយប់លក់ស្រួលគ្មានអ្វីរំខានមែន តែពន្លឺការបើកទូរទស្សន៍ ទុកអំពូលភ្លើងឱ្យនៅឆេះចោលពេលដេកយប់ មិនមែនជាទម្លាប់ល្អទេ។ ការសិក្សាពន្យល់ថា នៅពេលដេកក្នុងទីភ្លឺ សរីរាង្គកាយយើងស្ថិតក្នុងស្ថានភាពប្រុងត្រៀមតែរហូត ហើយទៅបំប៉នប្រព័ន្ធប្រសាទឱ្យនៅស្វាហាប់ជានិច្ច។ ជាហេតុធ្វើឱ្យបេះដូងប្រឹងលោតញាប់ដដែល ដែលជាទូទៅចង្វាក់បេះដូងត្រូវលោតរង្វើលនៅពេលយប់ និងជាហេតុធ្វើឱ្យចំណាត់ការចែកចាយជាតិស្ករក្នុងឈាមមិនបានល្អ ដែលអាចជាចំណុចចាប់ផ្តើមនៃជំងឺទឹកនោមផ្អែម និងជាទម្លាប់អាក្រក់ ធ្វើឱ្យខ្លួនប្រាណ និងសរីរាង្គកាយទាំងមូលលែងមានសណ្តាប់។ នេះជាសាររំលឹកអំពីភាពចាំបាច់ ដែលយើងត្រូវចេះស្តាប់សេចក្តីត្រូវការរបស់សរីរាង្គកាយ និងគោរពរក្សាចង្វាក់ធម្មជាតិដែលមានពីដំណាក់កាលឆ្លាស់គ្នា គឺពេលថ្ងៃសកម្ម និងពេលយប់សម្រាក ហើយសម្រាកដោយត្រឹមត្រូវ ដោយគ្មានពន្លឺរំខាន។