ឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទៈ "ឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំ”
អត្ថបទដកស្រង់ដោយ :  អ៊ី ប៊ុនលី
#MJQE #AmericanInterconSchool      

បញ្ញាសិប្បនិម្មិត (Artificial Intelligence) ឬហៅថា AI គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀន គិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ននេះ AI ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គមដូចជា វិស័យសុខាភិបាល វិស័យអប់រំ សេវាសាធារណៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក បច្ចេកវិទ្យាម្ហូបអាហារ សេវាកម្មធនាគារ និងហិរញ្ញវត្ថុ សន្តិសុខបច្ចេកវិទ្យា        ភស្ដុភារកម្ម និងដឹកជញ្ជូន ការធ្វើដំណើរ អចលនទ្រព្យ ការកម្សាន្ត និងហ្គេម ផលិតកម្ម វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។ល។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាស្នូលជំរុញឱ្យមានបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយបច្ចេកវិទ្យាឌីជីថលធំៗនាពេលបច្ចុប្បន្នដែលបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ចម្បងរបស់ AI រួមមាន ទិន្ន័យធំ (Big Data), ឧបករណ៍ចាប់សញ្ញា,    អ៊ីនធឺណេតនៃវត្ថុ, ម៉ាស៊ីនសិក្សា និងបច្ចេកវិទ្យាពិភពពិតបន្ថែមដោយរូបភាពនិម្មិត (AR) ឬបច្ចេកវិទ្យារូបភាពនិមិ្មត (VR) ជាដើម។ 

បើយោងតាមប្រសាសន៍ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងបាឋកថាពិសេស ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត និងការអប់រំនៅ     កម្ពុជា” កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជនត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាដោយប្រើប្រាស់បច្ចេកវិទ្យា។ បច្ចេកវិទ្យា AI នេះ ក៏ជួយស្រាវជ្រាវព័ត៌មានដ៏ច្រើនដែលមានលើអ៊ីនធឺណេត ដោយធ្វើការសង្ខេប និងឆ្លើយសំណួរផង      ដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងពង្រឹងយ៉ាងមុតមាំក្នុងការអភិវឌ្ឍចំណេះដឹង និង  បំណិនស្រាវជ្រាវរបស់យុវសិស្សទៅលើបច្ចេកវិទ្យា (AI) ឱ្យបានទូលំទូលាយ។

នៅក្នុងរបត់សង្គមឌីជីថលដែលឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) អាចគ្របដណ្ដប់ស្ទើរគ្រប់វិស័យ ចាំបាច់តម្រូវសង្គមនោះសម្បូរទៅដោយយុវជនឌីជីថលដែលឆ្នើម ចេះវិភាគ ថ្លឹងថ្លែងមើលពីគុណប្រយោជន៍ និងគុណវិបត្តិបញ្ញាសិប្បនិម្មិត ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយនេះ និងផ្ដល់ភាពរីកចម្រើនលើគ្រប់វិស័យ។ នៅពេលចូលដល់យុគសម័យមួយដែលមានព័ត៌មានច្រើនលើសលប់ ការគ្រាន់តែដឹងរឿងមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺយុវជនត្រូវតែមានចំណេះដឹងពិតប្រាកដ ត្រូវតែមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហា ការវិនិច្ឆ័យថា តើព័ត៌មានខុស ឬត្រូវ មុនប្រើប្រាស់នូវព័ត៌មានទាំងនេះ ដើម្បីសម្រេចគោលដៅអ្វីមួយរបស់ខ្លួន។  «មានន័យថា ដើម្បីបណ្ដុះឱ្យយុវជនមានគុណភាពពិតប្រាកដ យុវជនត្រូវតែមានសមត្ថភាព និងមានបំណិនសតវត្សរ៍ទី២១ មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍខ្លួនឯង ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ»៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/educationupdate/national/news/the-influence-of-artificial-intelligence-ai-in-education