កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះគណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានសហការជាមួយមន្ទីរព្យាបាលធ្មេញអប្សរា បានរៀបចំសិក្ខាសាលាស្តីពី សុខភាពមាត់-ធ្មេញ និងការថែទាំ ជូនសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ ដោយទន្តបណ្ឌិត ភឹម សុខិតា និងទន្តបណ្ឌិត ប៉ូច រ័ត្នពិសិដ្ឋ ដែលវាគ្មិនមកពីមន្ទីរព្យាបាលធ្មេញអប្សរា បានមានប្រសាសន៍លើកឡើងថាសុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវដុសសម្អាតធ្មេញឱ្យបានញឹកញាប់ ដោយត្រូវដុសធ្មេញយ៉ាងតិច២ ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញ ក្រោយពេលបរិភោគចំណីអាហាររួចរាល់។ លើសពីនេះយើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ដង ក្នុង១ឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងធ្វើការត្រួតពិនិត្យក្រែងមានបញ្ហាផ្សេងៗ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើន ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។ ទន្តបណ្ឌិតបានបង្ហាញទៀតថា ធ្មេញមានមុខងារសំខាន់ៗខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ តែបើយើងមិនបានថែរក្សាឱ្យបានល្អទេ នោះធ្មេញនឹងក្លាយជាពុកផុយ ឬខូចជាមិនខាន។ ដូច្នេះ ត្រូវជ្រើសរើសរបបអាហារញ៉ាំឱ្យបានត្រឹមត្រូវ និងពិនិត្យធ្មេញឱ្យបានទៀងទាត់ ព្រមទាំងស្ដាប់តាមវេជ្ជបញ្ជានៃគ្រូពេទ្យជំនាញ។ លើសពីនេះ វាគ្មិនក៏បានបង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំធ្មេញឱ្យមានសុខភាពល្អជូនដល់សិស្សានុសិស្ស និងបង្ហាញពីវិធីសាស្រ្តងាយៗក្នុងការថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។