អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍អប់រំ
ក្រោមប្រធានបទ “កម្មវិធីសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដែលរៀបចំដោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន”
អត្ថបទដោយ : ឡោ ណាវុធ
#MJQE #AmericanInterconSchool
ដើម្បីផ្តល់នូវវេទិកាដល់អ្នកអប់រំ ដើម្បីចូលរួមក្នុងការសន្ទនាប្រកបដោយអត្ថន័យ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំកម្មវិធីសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដែលនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខនេះ។
សន្និសីទការបង្រៀនថ្នាក់ជាតិនេះនឹងបើកជាសាធារណៈដែលមានការចូលរួមពីវាគ្មិនកិត្តិយសទាំងជាតិ និងអន្តរជាតិ ជាមួយនឹងប្រធានបទដែលមានភាសាខ្មែរ អង់គ្លេស ចិន និងថៃ។ សន្និសីទនេះមានការចូលរួមពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាលារៀន ឬស្ថាប័នអប់រំសាធារណៈ និងឯកជន អង្គការ សាកលវិទ្យាល័យ និងក្រុមហ៊ុនបោះពុម្ពផ្សាយ ដែលមានអ្នកតំណាងចូលរួម ដើម្បីធ្វើបទបង្ហាញពីប្រធានបទទាក់ទងនឹងសិក្សាធិការគរុកោសល្យដល់អ្នកចូលរួមរាប់ពាន់នាក់។
គោលបំណងនៃកម្មវិធីនេះ គឺរៀបចំឡើងដើម្បីចូលរួមចែករំលែកទាក់ទងនឹងសិក្សាធិការ គរុកោសល្យនៃភាសាផ្សេងៗគ្នា។ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវវេទិកាបើកចំហ សម្រាប់ការផ្លាស់ប្តូរ បទពិសោធនៃវិធីសាស្រ្តបង្រៀន និងគន្លឹះថ្មីៗដែលសមស្របទៅនឹងបរិបទនៃបរិវត្តកម្មឌីជីថល ដែលអាចជាជំនួយបន្ថែមដល់លោកគ្រូ អ្នកគ្រូក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព និងសាធារណៈជនទូទៅដែលចង់ស្វែងយល់បន្ថែមពីការវិវត្តនៃការអប់រំ និងបំណិនសតវត្សទី២១។
គួរបញ្ជាក់ផងដែរថា កម្មវិធីសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ “ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យា៖ ឧបករណ៍ក្នុងការកែទម្រង់ការអប់រំ” នឹងប្រពឹ្រត្តទៅនាថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២៤ ដែលមានរយៈពេលមួយថ្ងៃកន្លះ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ចូលរួមកម្មវិធីសន្និសីទនៃការបង្រៀនថ្នាក់ជាតិ ដើម្បីផ្លាស់ប្តូរការយល់ដឹង យុទ្ធសាស្រ្ត និងការអនុវត្តដ៏ល្អៗ ដែលបង្កើតទិដ្ឋភាពនៃការអប់រំទំនើប!