គុណតម្លៃ និងអត្ថប្រយោជន៍នៃការអានសៀវភៅ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គុណតម្លៃ និងអត្ថប្រយោជន៍នៃការអានសៀវភៅ”
អត្ថបទដកស្រង់ដោយ : ជុំ ស៊ីធាន់
#MJQE #AmericanInterconSchool

ពីសម័យកាលមួយទៅសម័យកាលមួយ វត្តមានសៀវភៅតែងដើរទន្ទឹមគ្នាជាមួយការកសាងសង្គម   ជាតិ។ ពិព័រណ៍សៀវភៅ មិនត្រឹមតែជាសក្ខីកម្មមួយនៃការចូលរួមលើកស្ទួយមរតកអក្សរសាស្ត្រជាតិប៉ុណ្ណោះទេ ថែមទាំងជាចំណែកសំខាន់ និងចាំបាច់មិនអាចខ្វះបានក្នុងដំណើរស្ថាបនិកបញ្ញាជន     កម្ពុជា ទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាជាពលរដ្ឋពេញលេញ។

ដោយមើលឃើញសារសំខាន់ខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយបណ្ណាល័យ ជាតិ រៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០ឡើង ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” កាលពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅកោះពេជ្រ ក្នុងគោលបំណងជំរុញពលរដ្ឋមានទម្លាប់អាន និងយល់គុណតម្លៃនៃសៀវភៅ។ តាមការប៉ាន់ប្រមាណ មានអ្នកចូលរួមទស្សនាពិព័រណ៍ប្រហែល១៨ម៉ឺននាក់។ បើយោងតាមអត្ថបទយកការណ៍របស់ក្រសួងព័ត៌មាន បានឱ្យបញ្ជាក់ថា ឆ្នាំនេះមានស្តង់សៀវភៅហូតដល់ទៅ២២៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រហូតដល់១៥២ស្ថាប័ន។ ក្នុងនោះសៀវភៅដាក់តាំងបង្ហាញមាន៖ សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជា និងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនា និងសិល្បៈជាដើម។ ទឡ្ហីករណ៍នៃកម្មវិធី គឺលើកកម្ពស់ស្មារតីពលរដ្ឋក្នុងការអាន ដូច្នេះហើយបានជាតាមស្ដង់នីមួយៗ មានការលក់បញ្ចុះតម្លៃពិសេសរហូត៥០% និងមានការចែកជូនសៀវភៅដោយឥតគិតថ្លៃដល់មិត្តអ្នកអានទៀតផង។

ជារួមមកការបណ្ដុះទម្លាប់អានតាំពីតូច គឺស្មើនឹងការត្រៀមខ្លួនចាប់យកចំណេះ និងជំនាញនាពេល    អនាគត។ ត្បិតអំណានក្នុងយុគសម័យបច្ចេកវិទ្យា គឺអានដើម្បីកសាងបំណិនសតវត្សរ៍ទី២១ គឺបំណិនត្រិះរិះពិចារណា បំណិនដោះស្រាយបញ្ហា បំណិនធ្វើការងារជាក្រុម ដើម្បីគិតហើយអានរួមគ្នា ហើយអានដើម្បីចេះវិភាគស្នាដៃ គឺការអានចេះវិភាគទស្សនៈអ្នកនិពន្ធ ចេះបូកសរុប ចេះដោះស្រាយបញ្ហា និងចេះធ្វើការងារជាក្រុម។ ហើយអានដើម្បីលើកកម្ពស់សហគ្រិនភាព អានដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ អានផង និងចាប់យកនូវជំនាញបច្ចេកវិទ្យាផង។ ព្រោះតែការអានផ្ដល់គុណតម្លៃ និងអត្ថប្រយោជន៍ដ៏ច្រើនមហិមាយ៉ាងនេះហើយ កូនខ្មែរគ្រប់រូប សូមកសាងទម្លាប់អាន ប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួន ការសាងសុខុដុមនៃគ្រូសារ ចូលរួមបេសកកម្មវឌ្ឍនភាពកម្ពុជរដ្ឋ ក៏ដូចជាចូលរួមលើកស្ទួយមត៌កអក្សរសាស្ត្រជាតិ ស្របទិសស្លោក “អក្សរសាស្ត្ររលត់ ជាតិរលាយ អក្សរសាស្ត្រពណ្ណរាយជាតិថ្កើងថ្កាន”។

សៀវភៅជាបណ្ដុំចំណេះដឹង គតិបណ្ឌិត ឃ្លាំងពុទ្ធិ និងជាបរមគ្រូនៃកម្មសិក្សាការី!