ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង បើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ដោយនាំយកមកនូវកម្មវិធីសិក្សាថ្មីៗ បន្ថែមជាច្រើនទៀត ដើម្បីពង្រឹងដល់ការអប់រំនៅក្នុងសាលារៀន ជាពិសេស គឺដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស និងធ្វើឱ្យពួកគាត់ ឆាប់ចាប់យកចំណេះវិជ្ជាបានលឿន និងតាមទាន់បច្ចុប្បន្នភាព នៃបច្ចេកវិទ្យាដែលកំពុងតែជឿនលឿនទៅមុខជារៀងរាល់ថ្ងៃ។
ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះសាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ចូលកម្មវិធីសិក្សាថ្មីមួយចំនួន ដល់សិស្សានុសិស្សដូចជា កុំព្យូទ័រ ចំណេះដឹងហិរញ្ញវត្ថុ និងអប់រំសុខភាព។ បន្ថែមពីនេះក៏មានកម្មវិធីប្រកួតប្រជែងផ្សេងៗទៀតជាច្រើន ដូចជាគូរគំនូរ បាល់ទាត់ និងបច្ចេកវិទ្យាជាដើម ដែលមានលក្ខណៈខុសប្លែកពីការប្រកួតប្រជែងនានា ពោលគឺជាការប្រកួតប្រជែងបែបមិត្តភាព ដែលសិស្សានុសិស្សអាចរៀនសូត្រពីគ្នាទៅវិញទៅមកបាន ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងគ្នានិងគ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សាលា ក៏មានការបង្កើតកម្មវិធីសិក្សាក្រៅថ្នាក់ជាច្រើនថែមទៀត ដើម្បីឱ្យសិស្សានុសិស្ស មានឱកាសសិក្សានៅខាងក្រៅ និងទទួលបានបទពិសោធថ្មីៗ។
សាលារៀន អន្តរទ្វីប អាមេរិកាំង មានចក្ខុវិស័យជាមូលដ្ឋានគ្រឹះ នោះគឺការកសាងទម្លាប់ និងអត្តចរិតល្អដល់សិស្សានុសិស្ស ព្រោះសាលាមើលឃើញថា ដើម្បីឱ្យមានធនធានមនុស្សបានល្អប្រសើរ ហើយជាប្រយោជន៍ដល់សង្គមជាតិ និងមានលក្ខណៈគ្រប់គ្រាន់ លុះត្រាតែពួកគាត់ មានទម្លាប់ល្អ និងអត្តចរិតល្អជាមុនសិន ក្នុងអំឡុងពេលនៃការសិក្សារបស់ពួកគាត់។ ដូច្នេះ ប្រសិនបើមាតាបិតាកំពុងស្វែងរកសាលារៀនឱ្យបុត្រធីតា គួរជ្រើសរើសសាលាណាដែលព្យាយាមកសាងបុត្រធីតារបស់អ្នកអាណាព្យាបាល ឱ្យមានទម្លាប់ល្អ អត្តចរិតល្អ និងមានគុណធម៌ល្អ ហើយដើរព្រមគ្នាជាមួយចំណេះដឹង នោះសិស្សានុសិស្ស នឹងទទួលបានចំណេះវិជ្ជាពេញលេញ និងប្រកបដោយសមត្ថភាពគ្រប់គ្រាន់។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកដំណើរការអស់រយៈពេល១៩ឆ្នាំមកហើយ ដោយបច្ចុប្បន្នមានចំនួន១២សាខា  ក្នុងនោះ ចំនួន១០ សាខាស្ថិតនៅក្នុងរាជធានីភ្នំពេញ មួយសាខាទៀតស្ថិតនៅក្នុងខេត្តសៀមរាប រីឯមួយសាខាទៀត​ ស្ថិតនៅក្នុងខេត្តតាកែវ។  ក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង មានការរំពឹងទុកយ៉ាងមុតមាំថា សិស្សានុសិស្ស នឹងមកចុះឈ្មោះចូលរៀន ដើម្បីសិក្សា ក្នុងចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់។