អត្ថបទព័ត៌មានស្តីអំពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យា Cloud Computing ”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE #AmericanInterconSchool
សព្វថ្ងៃនៅក្នុងជីវភាពប្រចាំថ្ងៃ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បម្រីឱ្យសកម្មភាពទូទៅរបស់មនុស្សពិតជាមានសារៈសំខាន់ណាស់។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធ្វើឱ្យមានភាពងាយស្រួល ចំណេញពេលវេលា បង្កើតការងារ ជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។ បើយោងតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា “ជំនាញបច្ចេកវិទ្យាឌីជីថល មានលក្ខណៈទូលំទូលាយ ហើយកំពុងវិវត្តជាបន្ត បន្ទាប់។ លោកបានគូសបញ្ជាក់ថា នៅក្នុងជំនាញនេះគឺមានវិទ្យាសាស្រ្តកុំព្យូទ័រ, បច្ចេកវិទ្យា Cloud computing, ការអភិវឌ្ឍ Software, វិទ្យាសាស្រ្តទិន្នន័យ, សន្តិសុខ Cyber, បច្ចេកវិទ្យា Blockchain, អ៊ីនធើណេតនៃវត្ថុ, បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), បច្ចេកវិទ្យាសិប្បនិម្មិត, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិច, ទូរគមនាគមន៍ និងបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល”។
ក្នុងនោះបច្ចេកវិទ្យា Cloud computing គឺជាសេវាកម្មនៃប្រព័ន្ធបច្ចេកវិទ្យានៅលើប្រព័ន្ធអ៊ីនធើណេតដែលមាន ម៉ាស៊ីនកុំព្យូទ័រ (Server) អង្គផ្ទុកទិន្នន័យ (File Storage & Database) បណ្តាញកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ ការវិភាគទិន្នន័យ និងប្រព័ន្ធវ័យឆ្លាតផ្សេងៗជាដើម ដែលផ្តល់ភាពងាយស្រួល ពិសេសដល់អង្គភាពដែលមានការវិវឌ្ឍខ្លាំង ដែលតម្រូវឱ្យមានការពង្រីកប្រព័ន្ធបណ្តាញកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ និងមុខងារថ្មីៗសម្រាប់ឆ្លើយតបនឹងតម្រូវការ។ វាជាប្រព័ន្ធបណ្តាញកុំព្យូទ័រ (Data Center) ដែលបានរៀបចំរួចជាស្រេច ហើយមានទាំងរចនាសម្ព័ន្ធបណ្តាញ (Infrastructure) ទម្រង់គ្រប់គ្រង់បណ្តាញ (Platform) និងកម្មវិធីគ្រប់គ្រងទិន្នន័យ (Software)។ ដោយប្រើប្រាស់ Cloud computing អង្គភាពមិនចាំបាច់រៀបចំដំឡើង គ្រប់គ្រង និងដោះស្រាយបញ្ហាផ្សេងៗនៃប្រព័ន្ធបណ្តាញកុំព្យូទ័រដោយខ្លួនឯងឡើយ ពោលគឺភ្នាក់ងារដែលផ្តល់សេវាកម្មបច្ចេកវិទ្យា Cloud computing នឹងទទួលខុសត្រូវលើការងារទាំងអស់នេះយ៉ាងមានប្រសិទ្ធភាព និងរហ័សបំផុត។
នៅប្រទេសកម្ពុជាយើងអ្នកជំនាញបច្ចេកទេសវិទ្យានៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបទៅប្រទេសជិតខាងដែលគេមានចំនួនអ្នកជំនាញបច្ចេកវិទ្យាច្រើនជាង។ សិស្ស និងនិស្សិតយើងគួរចាប់យកជំនាញបច្ចេកវិទ្យាឱ្យបានច្រើន និងច្បាស់លាស់ ព្រោះប្រទេសយើងមានតម្រូវការខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនធំៗ។ ជារៀងរាល់ឆ្នាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្ដល់អាហារូបករណ៍ប្រមាណជាង២ម៉ឺនកន្លែងជូនដល់សិស្ស-និស្សិត ចូលរៀនតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។ ការរៀនជំនាញបច្ចេកទេស ក៏ជួយឱ្យសិស្សានុសិស្សមានឱកាសការងារទាំងក្នុង និងក្រៅប្រទេសតាមបណ្តា ក្រុមហ៊ុនធំៗផងដែរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1342264#utm_campaign=onpage