អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “រមណីយដ្ឋានស្ទឹងភេ”
អត្ថបទដកស្រង់ដោយ : គុណ ប៊ុន្ថា
#MJQE #AmericanInterconSchool
នៅក្នុងខេត្តកំពត យើងដឹងហើយថានៅតំបន់នោះសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើនកន្លែង មិនថាតំបន់ជាប់សមុទ្រ ឬជើងភ្នំទេ។ នៅក្នុងចំណោមតំបន់ទាំងនោះមានតំបន់មួយដែលជាកន្លែងធម្មជាតិមួយដែលគេឱ្យឈ្មោះហៅថា “ស្ទឹងភេ”។ បច្ចុប្បន្នតំបន់នេះក៏បានទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តតាមបែបធម្មជាតិយ៉ាងច្រើនកុះករដោយសារទីនោះ មានទឹកល្ហល្ហេវមើលឆ្លុះដល់បាតដី អមជាមួយសោភ័ណភាពស្រស់ត្រកាលនៃព្រៃភ្នំខៀវស្រងាត់។
រមណីយដ្ឋានស្ទឹងភេ គឺជាអាងស្តុកទឹកដ៏សំខាន់មួយសម្រាប់បម្រើដល់វិស័យកសិកម្ម ហើយទំនប់ស្ទឹងភេនេះ បានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជិតឆ្ងាយឱ្យមកលំហែកម្សាន្ត ជាមួយទេសភាពដ៏ស្រស់បំព្រង តាមបែបធម្មជាតិក្នុងតំបន់ចុងកាត់មាត់ញក។ ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនោះ អាច ទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច ជិះទូក ដើរទស្សនាកសិដ្ឋាន ស្ទូចត្រី ម្ហូប និងរៀបចំអាហារដោយខ្លួនឯងបានថែមទៀតផងដែរ។
នៅតាមដងផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ទំនប់ស្ទឹងភេ ភ្ញៀវទេសចរក៏បានគយគន់ចម្ការដំណាំអ្នកភូមិ យ៉ាងជក់ចិត្តជាមួយនឹងផ្លូវគមនាគមន៍យ៉ាងល្អទៀតផង។ បន្ថែមពីនេះ ពេលភ្ញៀវទេសចរទៅដល់អាងទំនប់ស្ទឹងភេ នឹងទទួលបានអារម្មណ៍រីករាយ ដោយបានស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ ជាមួយនឹងការដើរលំហែលើស្ពានឫស្សីប្រវែងជាង២០០ម៉ែត្រ និងបានផ្តិតយករូបភាព ទុកជាអនុស្សាវរីយ៍ក្នុងខ្យូសលើផ្ទៃទឹកថ្លាឆ្វង់។ លើសពីនោះ ភ្ញៀវបានអង្គុយគយគន់ទេសភាពបណ្តើរ ញ៉ាំអាហារបណ្តើរ ដោយខ្លះបានបោះតែនតិ៍សម្រាករង់ចាំមើលថ្ងៃរះ និងថ្ងៃលិចនៅលើខ្នងភ្នំ ក្រោមពន្លឺរស្មីក្រហមព្រឿងៗ បង្កប់នូវអារម្មណ៍ស្រស់ស្រាយ បាត់អស់ក្តីកង្វល់។
តំបន់ទេសចរណ៍ស្ទឹងភេ មានទីតាំងស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងមានចម្ងាយប្រហែល៦១គីឡូម៉ែត្រពីរង្វង់មូលទុរេន។ សម្រាប់ការធ្វើដំណើរទៅកាន់ទីតាំងរមណីយដ្ឋាន ស្ទឹងភេកំពត មានភាពងាយស្រួល ព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងឆ្លងទឹក ឬជិះទូកឡើយ។ រមណីយដ្ឋានស្ទឹងភេនេះ ស្ថិតក្នុងប្រភេទបឹង ឬស្រះ និងបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដែលមក ទល់ពេលនេះ គឺមានអាយុកាលជាងប្រហែល៤ឆ្នាំហើយ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.information.gov.kh/articles/121641