អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “ចំណុចទាំង១០ ដែលអ្នកគួរតែពិចារណាមុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #AmericaninterconSchool
ការចាប់ផ្ដើមអាជីវកម្ម ឬជំនួញផ្ទាល់ខ្លួននីមួយៗ ទោះធំក្ដី ឬតូចក្ដីគឺសុទ្ធតែត្រូវការដាក់ផែនការច្បាស់លាស់ និងវាយតម្លៃ វិភាគពីទីផ្សារច្បាស់លាស់ ព្រមទាំងគម្រោងការផ្សព្វផ្សាយផងដែរ ដើម្បីប្រាកដចិត្តថាជំនួញរបស់អ្នកនោះ នឹងដើរកាន់តែរលូន។ ខាងក្រោមនេះ គឺជាចំណុចទាំង១០ ដែលអ្នកគួរតែពិចារណាមុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន៖
១. ស្វែងរកពាក្យស្លោក :
ជាទូទៅ ជំនួញទាំងតូចទាំងធំ ត្រូវការពាក្យស្លោកមួយសម្រាប់ទាក់ទាញអតិថិជន ដូច្នេះអ្នកគួរតែរកនឹកថា ហេតុអ្វីបានជាអតិថិជនត្រូវមកទិញ ឬប្រើប្រាស់សេវាកម្មរបស់អាជីវកម្មអ្នក? តើអាជីវកម្មអ្នកមានអ្វីលេចធ្លោលើសពីអ្នកដទៃ?
២. យល់ដឹងពីទីផ្សារច្បាស់លាស់ និងតម្រូវការអតិថិជន :
ការសិក្សាពីទីផ្សារ និងតម្រូវការអតិថិជន ជួយឱ្យអ្នកបានយល់ដឹងពីអ្វីដែលពួកគេចង់បាន ហើយអ្នកត្រូវដឹងពីទម្លាប់នៃការជាវរបស់ពួកគេ ហើយក្រៅពីនោះក៏ត្រូវឃ្លាំមើលដៃគូប្រកួតប្រជែងដទៃ ឬជជែកជាមួយអ្នកដែលមានអាជីវកម្មដូចគ្នា និងចូលរួមសិក្ខាសាលានានាជាដើម។
៣. ចាប់ផ្ដើមពីតូចៗទៅ :
អ្វីក៏ដោយត្រូវចាប់ផ្ដើមពីតូចៗទៅ និងយឺតៗ កុំទាន់អាលបង្ខំដោយចាប់ផ្ដើមពីទុនបន្តិចបន្តួចផ្ទាល់ខ្លួន ហើយពេលជំនួញរបស់អ្នកលូតលាស់សឹមខ្ចីប្រាក់ពីធនាគារដើម្បីពង្រីកវា។
៤. យល់ដឹងពី ចំណុចខ្លាំង ចំណុចខ្សោយ ជំនាញ និងការគ្រប់គ្រង :
អ្នកត្រូវសិក្សាពីចំណុចខ្លាំងផង និងចំណុចខ្សោយផងរបស់ខ្លួន ដើម្បីវិភាគមើលថាគួរសង្កត់ធ្ងន់ទៅលើអ្វី ហើយពង្រឹងទៅលើផ្នែកអ្វី? ជាងនេះទៅទៀត អ្នកក៏គួរដឹងពីវិធីនៃការគ្រប់គ្រងការងារ គ្រប់គ្រងបុគ្គលិក ជាដើម។
៥. រៀនសូត្រពីអ្នកដទៃ :
គ្មានអ្នកណាកើតមានល្អឥតខ្ចោះទេ ដូច្នេះអ្នកត្រូវតែរៀនសូត្រពីអ្នកជំនួញល្បីៗ ឬដៃគូប្រកួតប្រជែងរបស់អ្នក ដើម្បីឱ្យអាជីវកម្មអ្នកកាន់តែរីកចម្រើន និងចូលរួមសិក្ខាសាលានានាដើម្បីទទួលបានពាក្យណែនាំកាន់តែច្រើន។
៦. ជួលអ្នកប្រឹក្សាយោបល់ :
បើសិនជាអ្នកគិតថាអ្នកនៅមានចំណុចខ្វះខាត និងចង់ពង្រឹងបន្ថែម សូមស្វែងរកអ្នកជំនាញ ឬទីប្រឹក្សាយោបល់ ដើម្បីអភិវឌ្ឍជំនួញរបស់អ្នកឱ្យកាន់តែរីកចម្រើន។
៧. មានគម្រោងអាជីវកម្មច្បាស់លាស់ :
ការចាប់ផ្ដើមអាជីវកម្មនីមួយៗ ត្រូវតែមានគម្រោងអាជីវកម្មច្បាស់លាស់ ដូចជាអាជីវកម្មរបស់អ្នកគឺជាប្រភេទអ្វី។
៨. ដឹងពីតួលេខរបស់ក្រុមហ៊ុនអ្នក :
តាមដានពីតួលេខរបស់ក្រុមហ៊ុនអ្នក មិនថាចំណូល ឬចំណាយ ឬតួលេខខាតបង់ និងត្រូវវាយតម្លៃពីតួលេខដែលយើងត្រូវបណ្ដាក់ទុនបន្ថែម ដើម្បីវាយតម្លៃពីអាជីវកម្មនេះបន្តទៀត។
៩. មានភាពងប់ងល់នឹងការងាររបស់អ្នក :
មិនថាអាជីវកម្មរបស់អ្នកតូចក្ដី ឬធំក្ដី អ្នកត្រូវតែស្រលាញ់អាជីវកម្មរបស់អ្នក និងមានភាពងប់ងល់ដើម្បីធ្វើវា ព្រោះបើសិនជាអ្នកមិនស្រលាញ់អាជីវកម្មរបស់អ្នកទេ អ្នកប្រាកដជាគ្មានទឹកចិត្តនឹងបន្តឡើយ។
១០. កុំធ្វើវាតែឯងបើមិនច្បាស់លាស់
បើសិនជាក្នុងកាលៈទេសៈណាមួយដែលអ្នកទ័លគំនិត សូមកុំបណ្ដាក់ទុន ឬធ្វើវាដោយឯកឯង គឺត្រូវស្វែងរកការពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ ឬក៏មនុស្សដែលមានចំណេះដឹងផ្នែកអាជីវកម្មជ្រៅជ្រះជាងអ្នក៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://www.khmerload.com