គន្លឹះសំខាន់ៗ៥យ៉ាង ដើម្បីបង្កើតជំនួញមួយដែលអាចទាញយកអតិថិជនយ៉ាងលឿន!

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “គន្លឹះសំខាន់ៗ៥យ៉ាង ដើម្បីបង្កើតជំនួញមួយដែលអាចទាញយកអតិថិជនយ៉ាងលឿន!”
អត្ថបទដកស្រង់ដោយ : ទី មុនីរក្ស
#MJQE #AmericanInterconSchool

ការធ្វើអាជីវកម្មមិនស្រួលដូចការគិតនោះទេ ព្រោះការលំបាកជាក់ស្តែងវាខុសពីការគិតទុក។ យ៉ាងណាក៏ដោយ បើអ្នកចេះតែចង់ធ្វើ តែខ្លាចបរាជ័យនោះ វាគ្មានថ្ងៃអាចធ្វើឱ្យក្តីស្រមៃក្លាយជាការពិតបាន       ឡើយ។ ដូច្នេះបើចង់រកស៊ី ត្រូវតែតស៊ូធ្វើវា តែបើចង់ជោគជ័យក្នុងការរកស៊ីដំបូង ដោយអាចទាញយកអតិជនបានយ៉ាងលឿននោះ ត្រូវចងចាំ និងសាកល្បងអនុវត្តគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. កំណត់គោលដៅឱ្យច្បាស់លាស់ :
មុនពេលចាប់ផ្តើមបង្កើតអាជីវកម្មណាមួយអ្នកត្រូវដឹងឱ្យច្បាស់ថា តើនរណាជាទីផ្សារ និងអតិថិជនគោលដៅរបស់អ្នក (ជាយុវវ័យ អ្នកសិក្សា ក្រុមហ៊ុន ឬអ្នកម៉ៅការសំណង់)។ កាលណាអ្នកបានកំណត់ជាស្រេចហើយ នោះអ្នកអាចចាប់ផ្តើមដំណើរការអាជីវកម្ម ដោយដើរឆ្ពោះទៅកាន់គោលដៅរបស់អ្នកបានយ៉ាងងាយស្រួលហើយ។

២. ផលិតផល ឬសេវាកម្មដែលមានលក្ខណៈពិសេស :
ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មថ្មីរបស់អ្នក ឆាប់ទាញយកអតិថិជនបានយ៉ាងរហ័សនោះ អ្នកត្រូវតែគិតឱ្យបានច្បាស់ថា គួរបង្កើតផលិតផល ឬសេវាកម្មបែបណាដែលមានលក្ខណៈប្លែកពីក្រុមហ៊ុនដទៃ។ កាលណាអ្នកចម្លងតាមតែអ្វីដែលក្រុមហ៊ុនមុនៗធ្វើនោះគឺប្រាកដណាស់ថា មិនងាយនោះឡើយ ព្រោះក្រុមហ៊ុនរបស់អ្នកគឺមកក្រោយគេនៅក្នុងទីផ្សារ។

៣. ត្រូវផ្ដោតលើគុណភាព :
ការបង្កើតនូវផលិតផល ឬសេវាកម្មថ្មីអាចនឹងឆាប់ទាញយកចំណាប់អារម្មណ៍របស់មនុស្សទូទៅ ប៉ុន្តែវាមិនស្ថិតស្ថេរទេ បើគុណភាពមិនល្អ។ ដូច្នេះហើយការផ្ដោតលើគុណភាពគឺជារឿងសំខាន់ណាស់ ព្រោះអតិថិជនគឺជាអ្នកទិញ ដូច្នេះគេត្រូវតែពិនិត្យ និងស្វែងរកអ្វីដែលល្អសម្រាប់ការប្រើប្រាស់របស់ពួកគេ។

៤. តម្លៃសមរម្យ :
ត្រូវចាំថារបស់ថ្មីមិនត្រូវដាក់លក់ក្នុងតម្លៃស្មើ ឬថ្លៃជាងផលិតផលចាស់ៗនោះទេ ទោះបីគុណភាពល្អប្រហាក់ប្រហែលគ្នាក៏ដោយ ព្រោះថាការដាក់តម្លៃឱ្យទាបជាងគូប្រជែងបន្តិចនេះ គឺជាការបើកផ្លូវមួយក្នុងការដើរចូលក្នុងទីផ្សារឱ្យបានឆាប់រហ័ស។ បើមិនអាចប្រើតម្លៃទាបជាងគេទេ អ្នកអាចប្រើវិធីផ្សេងៗទៀតដើម្បីទាញយកការចាប់អារម្មណ៍ដូចជា ការបញ្ចុះតម្លៃក្នុងរយៈពេលណាមួយ ការបន្ថែមផលិតផល ឬសេវាកម្មក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយជាដើម។

៥. ត្រូវពង្រឹងផ្នែកទីផ្សារ :
ទោះបីជាផលិតផលរបស់អ្នកល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែអតិថិជនមិនងាយនឹងស្គាល់ឡើយ បើអ្នកមិនផ្សព្វផ្សាយឱ្យគេបានដឹងយ៉ាងទូលំទូលាយទេ។ ការធ្វើទីផ្សារនេះ គឺសំខាន់ខ្លាំងណាស់ អ៊ីចឹងហើយបានជាក្រុមហ៊ុនធំៗ គេតែងជ្រើសរើសអ្នកជំនាញផ្នែកទីផ្សារដើម្បីធ្វើយ៉ាងណាឱ្យផលិតផលរបស់ពួកគេអាចទៅដល់ភ្នែករបស់មនុស្សភាគច្រើនបាន៕