អត្ថបទព័ត៌មានស្តីអំពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្ត្រងាយៗដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូង”
អត្ថបទដកស្រង់ដោយ : ទូច បញ្ញា
#MJQE #AmericanInterconSchool
ជំងឺបេះដូង គឺជាជំងឺមួយដ៏គ្រោះថ្នាក់ដែលអាចសម្លាប់មនុស្សបានយ៉ាងងាយ។ ការស្រាវជ្រាវថ្មីបានរកឃើញថា ជាងពាក់កណ្តាលនៃមនុស្សពេញវ័យមិនដឹងថា ជំងឺបេះដូងគឺជាមូលហេតុចម្បងនៃការស្លាប់នោះទេ។ យ៉ាងណាមិញ ទោះបីជាយើងមិនអាចផ្លាស់ប្ដូរកត្តាហានិភ័យមួយចំនួនដូចជា ប្រវត្តិគ្រួសារ ភេទ ឬអាយុ យ៉ាងណាក្ដី ប៉ុន្តែយើងក៏អាចសាកល្បងវិធីសាស្ត្រងាយៗមួយចំនួនដើម្បីបញ្ចៀស ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺបេះដូងនេះបានផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាមញ្ញចំនួន6 ដែលអ្នកអាចជួយកាត់បន្ថយហានិភ័យរបស់អ្នកពីជំងឺបេះដូង៖
1. ការដឹងពីហានិភ័យរបស់អ្នក : ការដឹងពីហានិភ័យអាចជាជំហានដំបូងដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យជំងឺបេះដូង។ កម្រិតកូឡេស្តេរ៉ុល ប្រវត្តិគ្រួសារ ភេទ ឬអាយុ និងកត្តាហានិភ័យផ្សេងទៀតដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការជក់បារីអាចជាហានិភ័យនៃជំងឺបេះដូងរបស់អ្នក។ ការធ្វើតេស្តដ៏សាមញ្ញ និងមានតម្លៃថោកដែលហៅថា ការស្កែនកាល់ស្យូមសរសៃឈាម អាចជួយពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀតក្នុងការវាយតម្លៃហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
2. ញ៉ាំអាហារដែលមានសុខភាពល្អ : ប្រហែលជានឹងមិនមានការភ្ញាក់ផ្អើលច្រើនទេដែលថាការទទួលទានឱ្យបានល្អអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ របបអាហារដែលមានសុខភាពល្អសម្រាប់បេះដូងមានអាហារមិនទាន់កែច្នៃដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែជាដើម។ កត្តាដ៏សំខាន់មួយទៀតផងដែរ គឺការកំណត់ខ្លាញ់ឆ្អែតដែលមាននៅក្នុងអាហារកែច្នៃ និងចៀនជាដើម។ អ្នកក៏អាចកាត់បន្ថយការទទួលទានខ្លាញ់ឆ្អែត និងបង្កើនការទទួលទានអាហារដែលមានជាតិខ្លាញ់ “ល្អ” ដូចជាប្រេងដែលចម្រាញ់ចេញពីបន្លែ គ្រាប់ធញ្ញជាតិ និងត្រីជាដើម។
3. រក្សាទម្ងន់ដែលមានសុខភាពល្អ : ភាពធាត់គឺជាកត្តាហានិភ័យដ៏ខ្លាំងក្លានៃជំងឺបេះដូង ព្រោះវាបង្កើនកត្តាហានិភ័យសុខភាពបេះដូងផ្សេងទៀតផងដែរ។ សម្ពាធឈាមខ្ពស់ និងកូឡេស្តេរ៉ុលមិនល្អខ្ពស់ (LDL) ដើរទន្ទឹមគ្នា ហើយជាទូទៅត្រូវបានគេឃើញកើតមានឡើងចំពោះអ្នកមានជំងឺធាត់។ ជំងឺទឹកនោមផ្អែមប្រភេទទី2 ត្រូវបានគេឃើញផងដែរតែងតែកើតចំពោះអ្នកជំងឺធាត់ដោយសារតែការកើនឡើងនៃភាពធននឹងអាំងស៊ុយលីន។ ការទទួលទានរបបអាហារដែលមានសុខភាពល្អ និងទម្លាប់នៃការធ្វើលំហាត់ប្រាណជាប្រចាំនឹងជួយអ្នករក្សានូវទម្ងន់ដែលមានសុខភាពល្អ។
4. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ : សកម្មភាពរាងកាយមានសារៈសំខាន់ណាស់សម្រាប់ការថែរក្សា និងកែលម្អសុខភាពសរសៃឈាមបេះដូង។ ការធ្វើលំហាត់ប្រាណទៀងទាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការថយចុះហានិភ័យជំងឺបេះដូង។ ការហាត់ប្រាណកម្រិតមធ្យមទៀងទាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលមិនល្អ LDL។ វាក៏អាចគ្រប់គ្រងជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងទម្ងន់ឱ្យមានសុខភាពល្អផងដែរ។ អ្នកជំនាញបានណែនាំឱ្យយើងហាត់យ៉ាងហោចណាស់រយៈពេល150នាទីក្នុងមួយសប្ដាហ៍ វាអាចកាត់បន្ថយសម្ពាធឈាម កូឡេស្តេរ៉ូល និងទម្ងន់ខ្លួនរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។
5. ឈប់ជក់បារី : យើងទាំងអស់គ្នា សុទ្ធតែបានដឹងហើយថា ការជក់បារីបង្កគ្រោះថ្នាក់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរ។ វាមិនត្រឹមតែបង្កើនសម្ពាធឈាមប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យឈាមរបស់យើងប្រែទៅជាកក និងអាចបណ្ដាលឱ្យមានជំងឺសរសៃឈាមខួរក្បាលថែមទៀតផង។ ប៉ុន្តែ ប្រសិនបើយើងឈប់ជក់បារី ឱកាសនៃការកើតជំងឺបេះដូងនឹងចាប់ផ្ដើមធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងក្រោយពីឈប់ជក់បារី។
6. បន្ថយភាពតានតឹង (ស្ត្រេស) : ស្រ្តេសគឺជាធម្មជាតិនៃពិភពដ៏មមាញឹកដែលយើងរស់នៅ ប៉ុន្តែភាពតានតឹងខ្លាំងពេកអាចជះឥទ្ធិពលដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក ហើយថែមទាំងបង្កើន ហានិភ័យនៃជំងឺបេះដូងទៀតផង។ របៀបរស់នៅដែលមានភាពតានតឹងខ្ពស់ មិនថាមកពីការងារផ្ទាល់ខ្លួន ឬកត្តាសេដ្ឋកិច្ចសង្គមជាដើម អាចបង្កើនសម្ពាធឈាម ការរលាក និងហានិភ័យនៃជំងឺបេះដូងដើរខុសប្រក្រតីផងដែរ។ វាពិបាកក្នុងការលុបបំបាត់ភាពតានតឹងទាំងស្រុង ប៉ុន្តែអ្នកអាចស្វែងរកវិធីដើម្បីគ្រប់គ្រងវាបានប្រសើរជាងមុន។ ការបំបាត់ភាពតានតឹងអាចមានលក្ខណៈសាមញ្ញដូចជា ការធ្វើលំហែ កម្សាន្ត ការសរសេរពីការព្រួយបារម្ភ និងការភ័យខ្លាចរបស់អ្នក ឬចែករំលែកវាជាមួយមិត្តដែលជឿទុកចិត្តជាដើម។ ការស្វែងរកចំណង់ចំណូលចិត្តដែលផ្តល់នូវការបន្ធូរបន្ថយភាពតានតឹងគឺមានប្រយោជន៍ជាពិសេស។ ការធ្វើចលនាជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក វាមិនត្រឹមតែល្អសម្រាប់កត្តាហានិភ័យដូចជា ការលើសទម្ងន់ និងការមានកម្រិតកូឡេស្តេរ៉ុលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនាំឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្តផងដែរ។ បច្ចេកទេសគ្រប់គ្រងភាពតានតឹងផ្សេងទៀតមានដូចជា ការធ្វើសមាធិ យូហ្គា លំហាត់ប្រាណដកដង្ហើមវែងៗជាដើម។
ជំងឺបេះដូងអាចជាមូលហេតុចម្បងនៃការស្លាប់ ប៉ុន្តែជាសំណាងល្អ មានរឿងសាមញ្ញៗជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យរបស់អ្នកដូចជា ការធ្វើលំហាត់ប្រាណទៀងទាត់ ញ៉ាំអាហារឱ្យបានល្អ ឈប់ជក់បារី និងគ្រប់គ្រងភាពតានតឹងជាដើម៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
- https://www.eurekalert.org
- www.healthline.com
- https://hellokrupet.com