ប្រវត្តិអ្នកតាកងជុំ នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី 
ក្រោមប្រធានបទ “ប្រវត្តិអ្នកតាកងជុំ នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ”
អត្ថបទដកស្រង់ដោយ : បុំាង លាងស៊ីម
#MJQE #AmericanInterconSchool


អ្នកតាកងជុំ គឺជាអ្នកតាដែលមានទីលំនៅ នៅភូមិកុមាររាជា ស្រុកបាទី ខេត្ដតាកែវ ដែលល្បីរន្ទឺថាមានបារមីខ្លាំងពូកែស័ក្ដិសិទ្ធិខាងជួយព្យាបាលជំងឺ។ កាលពីមុនអស់បងប្អូនអ្នកស្រុកអ្នកភូមិដែលមានជំងឺឈឺថ្កាត់ ហើយចូលទៅអុជធូបបួងសួង ក៏បានសេចក្ដីសុខចម្រើនដូចសេចក្ដីប្រាថ្នា។ អាស្រ័យដោយហេតុនេះហើយ ទើបអ្នកតាកងជុំ មានភាពល្បីល្បាញ និងទទួលការគោរពកោតក្រែងពីអ្នកភូមិដល់សព្វថ្ងៃនេះ។ ខាងក្រោមនេះ គឺជាដើមកំណើតរបស់អ្នកតាកងជុំ។

យោងតាមសៀវភៅប្រវត្តិអ្នកតាក្នុងប្រទេសខ្មែរ ដែលបានសិក្សាចងក្រង និងបោះពុម្ពផ្សាយឡើងវិញនៅឆ្នាំ១៩៩១ បានឱ្យដឹងថាក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ធឈ្មោះ ជុំ។ អ្នកទាំងពីរនេះតាំងពីភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាកវេទនាជាទីបំផុត។ នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាងណាស់ ដោយគិតថាម្ដេចក៏គេរកស៊ីចេះតែមានទៅៗ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ?។ គិតដូច្នេះហើយ ក៏បបួលប្ដីប្រពន្ធរត់ចេញពីស្រុកទៅព្រៃធ្វើចម្ការ ដាំដំណាំគ្រប់បែបនៅទីមួយឆ្ងាយពីគេ។ នៅកន្លែងនោះគេសង់ខ្ទមតូចមួយ គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ ។

លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្សសុចរិត ទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកម្សត់អត់ឃ្លានឯទៀតណាស់ ហៅគេឯងឱ្យមកនៅ ជាមួយផងក៏មាន។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភមាំមួនជាងគេ មានបរិវារក៏ច្រើន។ ចំណែកអ្នកដែលក្រខ្សត់ឯទៀតៗក៏តែងតែចូលទៅខ្ចីបុល ស្រូវអង្ករប្រាក់កាស អំពីឈ្មោះកង នាងជុំ គ្រប់ៗគ្នា។ អ្នកទាំងពីរនេះតាំងពីទៅនៅទីកន្លែងនោះ បានធ្វើកន្លែងមួយសម្រាប់អុជទៀនធូបបូជាដាក់នំចំណីសែន ជាធម្មតារៀងរាល់ថ្ងៃ។ អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅ អ្នកស្រុកនៅឯក្រោយក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក។ កន្លែងនោះដើមឡើយគេហៅថា ចម្ការ តាកង យាយជុំ លុះដល់មកខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតាកងជុំ រហូតមកដល់សព្វថ្ងៃនេះ ។

សព្វថ្ងៃនេះ អ្នកស្រុកតែងតែគោរពបូជា។ កាលបើស្រុកមិនស្រួលដោយមានជំងឺរាតត្បាត គេបបួលគ្នាធ្វើបុណ្យ កម្សាន្តស្រុក សុំឱ្យបានសេចក្ដីសុខសប្បាយ មាននិមន្ដព្រះសង្ឃ៨អង្គមកឆាន់ សូត្រធម៌ដារ មានធម៌កុសលាជាដើម ហើយមានរៀបធ្វើរទេះសេះ គោ ក្របី ដំរី ដោយដើមចេកផ្ទុកដោយចំណីគ្រប់មុខក្នុងនោះបញ្ជូនទៅដើម្បីឱ្យបានសេចក្ដីសុខសប្បាយ។ កាលបើធ្វើបុណ្យរួចកាលណា ក៏ឃើញស័ក្ដិសិទ្ធិប្រាកដមែន។ ម្យ៉ាងទៀត បើដល់ខែពិសាខហើយ មិនមានភ្លៀង អ្នកស្រុកបបួលគ្នាធ្វើបុណ្យបួងសួងសុំទឹកភ្លៀងដូចរៀបរាប់ខាងក្រោមនេះ៖ 

ពេលល្ងាចនិមន្ដព្រះសង្ឃ៤អង្គ សូត្រធម៌ប្រែអាកាស មានសូត្រធម៌ជ័យន្ដោជាដើម រៀងធ្វើរាជវ័តិព័ទ្ឋជុំវិញឱ្យលោកគង់ខាងក្នុង ពួកឧបាសក ឧបាសិកានៅខាងក្រៅ មានបាត្រ៤ គ្រប់លោកទាំង៤អង្គ ទឹកអប់ដាក់គ្រប់បាត្រទាំង៤ ឱ្យលោកសូត្រធម៌បាចទឹកគ្រប់ទិសទាំង៤ គេធ្វើពិធីនេះនៅចំពោះមុខអ្នកតា។

ពេលព្រឹកឡើង ទើបនិមន្ដព្រះសង្ឃច្រើនអង្គ (មិនមានកំណត់) គឺបើលោកក្នុងវត្តមានប៉ុន្មាន គេនិមន្ដទាំងអស់ទៅកន្លែងអ្នកតា មានអាចារ្យ ៣នាក់រៀបស្លាធម៌១គូ ចម្អាប១ស្ពក បង្អែម១ថាស ដាក់ចំពោះមុខអ្នកតា ហើយនាំគ្នាយកបាយមករាប់បាត្រនិមន្ដព្រះសង្ឃ សូត្រធម៌ កុសលា ជាដើម រួចប្រគេនព្រះសង្ឃឆាន់អាចារ្យនាំគ្នាអុជទៀនធូបបួងសួងសុំទឹកភ្លៀង ហើយចាប់ចម្អាប និងបង្អែមគ្រប់មុខយកមកថ្វាយអ្នកតា។ 

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://sbm.news/articles/61d7f4a1362ac8a4571d7754