អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទៈ “ការតាំងពិព័រណ៍សត្វស្លាបកម្ពុជានៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា”
អត្ថបទដកស្រង់ដោយ : គិន លីហាក់
#MJQE #AmericanInterconSchool
លោក ស៊ុយ សេងលីម គឺជាស្ថាបនិកនៃគម្រោងអប់រំ និងអភិរក្សសត្វស្លាបនៅកម្ពុជា (BCEC) ដែលត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០១២ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីជីវិតសត្វព្រៃនិងធនធានធម្មជាតិនានា ហើយលោកក៏ជាអ្នកថតរូបដ៏ប៉ិនប្រសប់ផងដែរ។ លោកបានចូលរួមការសម្ពោធការតាំងពិព័រណ៍សត្វស្លាបកម្ពុជាដែលលោកបានចំណាយពេលថតនៅតាមទីតាំងផ្សេងៗគ្នានៃប្រទេសកម្ពុជានៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
រូបថតប្រភេទសត្វស្លាបខុសៗគ្នាជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលលោកបានចំណាយពេលថត គឺលោកបានយកទៅចែករំលែកដល់សិស្សានុសិស្ស និងប្រជាជនទូទៅដើម្បីឱ្យពួកគាត់យល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ និងប្រភេទសត្វស្លាបនៅក្នុងបរិស្ថាន។ លោកក៏បានបញ្ជាក់ពីប្រភេទសត្វស្លាបមួយចំនួនដែលត្រូវបានអភិរក្សមានដូចជា សត្វត្រយងយក្ស សត្វក្រៀល សត្វខ្សឹក និងសត្វត្មាតជាដើម។ ការដាក់តាំងបង្ហាញរូបភាពសត្វស្លាប និងជីវៈចម្រុះផ្សេងៗរបស់លោកនៅពេលនេះ គឺបានចូលរួមចំណែកលើកកម្ពស់ការថែរក្សាសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជាយើង ដោយក្នុងនោះមានរូបភាពសត្វស្លាបចំនួន២៧ប្រភេទត្រូវបានយកមកបង្ហាញក្នុងការតាំងពិព័រណ៍។ គ្រប់រូបភាពទាំងអស់នៃស្នាដៃរបស់លោកនៅពេលនេះក៏នឹងត្រូវចងក្រងជាសៀវភៅវិទ្យាសាស្ដ្រស្ដីពីជម្រក និងជីវសាស្រ្តរបស់ប្រភេទសត្វស្លាបនីមួយៗ ដែលជាឯកសារដ៏សំខាន់សម្រាប់ការចែករំលែកទៅដល់ បណ្ណាល័យ ស្ថាប័ននានា និងសាធារណជនដែលចាប់អារម្មណ៍ស្វែងយល់បន្ថែមនាពេលអនាគត។
បន្ថែមពីលើតួនាទីនៃប្រព័ន្ធអេកូឡូស៊ីរបស់វា សត្វស្លាបគឺជាភាពរីករាយដ៏ស្រស់បំព្រងរបស់ជីវិត។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកចូលចិត្តមើល និងផ្តល់ចំណីដល់សត្វស្លាប។ ពួកគេគឺជាច្រកផ្លូវសម្រាប់មនុស្សគ្រប់គ្នាក្នុងការស្វែងយល់បន្ថែមអំពីធម្មជាតិ។
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍សត្វស្លាបកម្ពុជានៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា គឺចាប់ផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញចូលរួមទស្សនាបានដោយសេរីជារៀងរាល់ម៉ោងធ្វើការនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។
អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖
- https://thmeythmey.com/?page=detail&id=136590
- https://bophana.org/events/cambodias-bird/
- https://mdc.mo.gov/wildlife/birds-7/why-should-we-care-about-birds