សាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមលើកតម្កើងវប្បធម៌ខ្មែរ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមលើកតម្កើងវប្បធម៌ខ្មែរ”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE #AmericanInterconSchool

សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាចំណេះដឹងទូទៅពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិន័យ និងសេវាកម្ម ក្នុងនោះផងដែរគណៈកម្មការបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរួមចំណែកការងារសង្គម បរិស្ថាន បណ្តុះស្មារតីស្រឡាញ់ វប្បធម៌ អរិយធម៌ជាតិ...។ ដូចដែលធ្លាប់បានឃើញនូវសុភាសិតពីបុរាណកាល ក៏ដូចជាដាក់ជាការបកស្រាយទៅដល់សិស្សានុសិស្សជារឿយៗថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» នេះជាសុភាសិតដែលមានអត្ថន័យ ប្រសិនបើឃើញនូវអត្ថន័យ តែអត់បានចូលរួមចំណែកពីពលរដ្ឋគឺមិនអាចរក្សាបាននោះទេ។ អាស្រ័យហេតុនេះគណៈកម្មការបានគិតគូរពីការចូលរួមចំណែកលើកតម្កើងវប្បធម៌ខ្មែរតាមរយៈសកម្មភាពអនុវត្តជាច្រើនដូចជា៖

១. ប្រារព្ធទិវាវប្បធម៌ប្រចាំឆ្នាំ : ជារៀងរាល់ឆ្នាំតែងតែមានការរៀបចំទិវាវប្បធម៌ ដើម្បីបណ្តុះស្មារតីគោរពឱ្យតម្លៃវប្បធម៌ខ្មែរ រក្សានូវអ្វីដែលដូនតារក្សាទុក បន្តដល់កូនខ្មែរជំនាន់ក្រោយ។ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកអាណាព្យាបាលចូលរួមលេងល្បែងប្រជាប្រិយ ស្លៀកពាក់បែបប្រពៃណីទំនើបនិយមសមស្រមតាមសម័យកាល ការសម្តែងឧបករណ៍តន្តី្រ កីឡា ចម្រៀងបទប្រពៃណី តាំងលក់នំ អាហារខ្មែរជាដើម។

២. លើកទឹកចិត្តដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ រក្សានូវទម្រង់សម្លៀកបំពាក់បែបប្រពៃណីខ្មែរអមនូវគំនិតច្នៃប្រតិដ្ឋតាមសម័យកាលទំនើបនិយមនាពេលបច្ចុប្បន្ន នៅរៀងរាល់ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ ដោយមិនរឹតត្បិតជ្រុល តែរក្សាបាននូវតម្លៃ ភាពស្រគត់ស្រគំ ទន់ភ្លន់ ម៉ឺងម៉ាត់ សក្តិសមជាគំរូដ៏ប្រពៃសម្រាប់ជនជាតិខ្មែរ។

៣. បង្កើតគណៈកម្មការស្រាវជ្រាវ និងលើកកម្ពស់កិច្ចការវប្បធម៌ : លោកគ្រូ អ្នកគ្រូ ផ្សព្វផ្សាយបញ្ជ្រាបពីតួនាទីរបស់វប្បធម៌ ប្រពៃណីជាតិ ជ្រើសរើសអត្ថបទដកស្រង់ដែលស្តីពីវប្បធម៌ជាតិដើម្បីចុះផ្សាយ ជំរុញសិស្សបង្កើតទម្លាប់ល្អៗ (ការសំពះ ពាក្យសម្តី ឥរិយាបថ...) លើកទឹកចិត្តសិស្សចូលរួមសិក្សាជំនាញ គំនូរ សិល្បៈ តន្រ្តី មុខវិជ្ជាគេហកិច្ចត្រូវដាក់កិច្ចការឱ្យសិស្សតាមបែបផែនប្រពៃណី ទំនៀមទម្លាប់ សិស្សបង្ហាញសមត្ថភាពទេព  កោសល្យគ្រប់កម្មវិធីរបស់សាលា។  គណៈកម្មការស្រាវជ្រាវ និងលើកកម្ពស់វប្បធម៌ នឹងសហការជាមួយលោកគ្រូ អ្នកគ្រូរួមជាមួយ MJQTV ដើម្បីធ្វើបទយកការណ៍ចុះផ្សាយនៅក្នុងបណ្តាញសង្គម។

៤. បង្កើតកម្មវីធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េលី ជេ. គួច : គណៈកម្មការបានចងក្រងកម្រងសំណួរ-ចម្លើយរាប់ពាន់សំណួរដែលទាក់ទងនឹងវប្បធម៌-អរិយធម៌ខ្មែរ តម្រូវឱ្យបេក្ខជនមានចំណាប់អារម្មណ៍ចុះឈ្មោះយកកម្រងសំណួរ-ចម្លើយទាំងនោះទៅអានត្រៀមលក្ខណៈចាប់ឱកាសក្នុងការប្រកួតប្រជែង ស្វែងយល់ពីអត្តសញ្ញាណជាតិ ពង្រីកចំណេះដឹងស្តីពីវប្បធម៌-អរិយធម៌កាន់តែទូលំទូលាយ និងអាចទទួលបាននូវ អាហារូបករណ៍ផងដែរ។

៥. ដំណើរទស្សនកិច្ច និងកម្មសិក្សា : គណៈកម្មការបានសិក្សា និងរៀបចំដំណើរទស្សនៈកិច្ចសិក្សាដល់សិស្សានុសិស្ស ដោយជ្រើសរើសទីតាំងដែលពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត វប្បធម៌-អរិយធម៌ជាតិដូចជា ប្រាសាទបុរាណខ្មែរ សារមន្ទីរជាតិ ព្រះបរមរាជវាំង... អមដោយមគ្គុទេ្ទសក៍ជំនាញ និងមានកម្រងសំណួរផ្សេងៗដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ស្រាវជ្រាវបន្ថែម។

ទាំងអស់ខាងលើគឺជាការអនុវត្តគោលដៅក្នុងការចូលរួមចំណែកលើកតម្កើងវប្បធម៌-អរិយធម៌ខ្មែររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ «ការចូលរួមលើកតម្កើងវប្បធម៌ខ្មែរផ្តើមចេញពីយើងទាំងអស់គ្នា!»