ប្រវត្តិភ្លេងមហោរីខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រវត្តិភ្លេងមហោរីខ្មែរ”
អត្ថបទដកស្រង់ដោយ : ហ៊ិន ស្រីពៅ
#MJQE #AmericanInterconSchool

ប្រវត្តិបទភ្លេងមហោរី ចាប់កំណើតជាង១ពាន់ឆ្នាំហើយ មានទំនុកខុសៗគ្នាតាមសម័យកាល តែមានលក្ខណ:ទន់ភ្លន់ លន្លង់លន្លោច អណ្តែតអណ្តូងណាស់ទាក់ទងនឹងសេចក្តីស្នេហា។ មហោរី ជាភាសាសំស្ក្រឹត ក្លាយពី មនោហរា (ប្រុស) និងមនោហរី (ស្រី) កាត់នៅត្រឹម មហោរី ដែលមានន័យថា <<គួរជាទីស្រលាញ់ ឬដែលមានលម្អគួរឱ្យស្រលាញ់មិនភ្លេច>>។ យោងតាមការស្រាវជ្រាវវង់ភ្លេងមហោរី បង្កើតឡើងតាំងពីមុនសម័យអង្គរ ក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវរ្ម័នទី១ (សតវត្សរ៍ទី៨) សឹងមានសិលាចារឹកប្រាសាទប្រែរូបទុកជាភ័ស្តុតាង។ កវីនិពន្ធដ៏ល្បីឈ្មោះ មនោហរ ធ្វើការនៅក្នុងព្រះបរមរាជវាំងជាអ្នកបង្កើតមុនគេ។ បទភ្លេងមហោរី មានរឿងនិទានពីសត្វបក្សីម៉្យាងធំជាងចាប មានសម្បុរខៀវលាយក្រហមចូលចិត្តស៊ីផ្លែជ្រៃ។ កវី បានឃើញក៏យកទៅសរសេរជាទំនុកច្រៀង និងមាននាដក នាដកា រាំច្រៀងថ្វាយព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់។ ទំនុកច្រៀងនៅសតវត្សរ៍ទី៨ មិនដឹងថាម៉េចទេ ព្រោះភាសាខ្មែរ តែងឃ្លាតក្លាយតាមយុគសម័យ ប៉ុន្តែលុះចូលមកដល់សម័យលង្វែក-ឧដុង្គ ទំនុកច្រៀងងាយស្តាប់ងាយយល់ ចេញជាពាក្យសាមញ្ញដូចខាងក្រោម៖
- ឱ! សត្វមហោរីៗ យំស៊ីឱ!ផ្លែជ្រៃ ធ្វើបុណ្យឱ!ចងដៃ ឱ្យជ្រៃឱ!ផ្លែទៀត។
- កាលផ្លែពីមុនៗ ផ្លែចោលម្សៀត ឱ្យជ្រៃឱ!ផ្លែទៀតដាក់ទាន ឱ!សព្វសត្វ។

ទំនុកច្រៀងនេះ មុនដំបូងសម្រាប់តែស្រីស្នំច្រៀងថ្វាយព្រះមហាក្សត្រក្នុងពេលព្រះអង្គសោយព្រះក្រយាស្ងោយ ។ បទមហោរី សម្រាប់ច្រៀងក្នុងព្រះរាជពិធីស្តេចយាងបេះផ្កាឈូកថ្វាយព្រះផងដែរ។ នៅក្នុងរជ្ជកាលព្រះបាទហរិរក្សរាមាធិបតី ព្រះអង្គឌួង ឱ្យតែចូលដល់ថ្ងៃពេញបូណ៌មីខែស្រាពណ៍ ស្តេចត្រាស់បង្គាប់នាហ្មឺនក្រុមវាំងឱ្យរៀបចំទូកចែវ ទូកអុំ ដង្ហែព្រះអង្គ ចុះតាមបឹងនានានៅជុំវិញក្រុងឧដុង្គ ដែលសម្បូរផ្កាឈូក។ ស្តេចគង់កណ្តាលព្រះទីនាំងនាវា ដោយមានស្រីស្នំស្អាតៗអង្គុយគាល់ច្រៀងបទមហោរីកំដរ លាន់ឮគ្រលួចពេញបឹងឈូកនោះ។ ផ្កាដែលស្តេចបេះផ្ទាល់ព្រះហស្ត ត្រូវបញ្ជូនទៅបូជាព្រះពុទ្ធបដិមាក្នុងវត្តអារាមនៅក្នុងរាជធានីទាំងអស់។

សរុបទៅ បទមហោរី បង្កើតឡើងដោយកវីមនោហរ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី១ សម្រាប់ច្រៀងរាំថ្វាយស្តេច។ លុះមកដល់បច្ចុប្បន្ន បទមហោរី ត្រូវបញ្ចូលជាសាធារណ:បើកំលោះណាត្រូវស្រីសង្សាររៀបការចោល ក៏សុខចិត្តកាត់បេះដូងឱ្យប្រុសផ្សេង តែពិបាកបំភ្លេចក៏ច្រៀងបទមហោរី ទាំងទឹកភ្នែកអាល័យស្នេហ៍ចាស់។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.tnaot.com/km/m/detail/article/13064908