ដើរកម្សាន្តជាវិធីសាស្ត្រជួយបង្កើនថាមពលជីវិតដ៏អស្ចារ្យ

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត 
ក្រោមប្រធានបទៈ “ដើរកម្សាន្តជាវិធីសាស្ត្រជួយបង្កើនថាមពលជីវិតដ៏អស្ចារ្យ" 
អត្ថបទដកស្រង់ដោយ :  សៀម ភេម
#MJQE #AmericanInterconSchool

ការរៀបចំដំណើរកម្សាន្តផ្ទាល់ខ្លួន ដំណើរកម្សាន្តជាក្រុម ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ជាឱកាសដ៏អស្ចារ្យមួយដែលមនុស្សអាចបង្កើនថាមពលផ្លូវចិត្ត។ ទម្លាប់រៀបចំដំណើរកម្សាន្តមិនមែនជាការខ្ជះខ្ជាយពេលវេលា និងថវិកានោះទេ ផ្ទុយទៅវិញដំណើរកម្សាន្តនឹងផ្តល់នូវភាពរីករាយ បង្កើតភាពស្និទ្ធស្នាល ស្នាមញញឹម អនុស្សាវរីយ៍ ចំណេះដឹង និងការអប់រំសម្រាប់ដំណើរជីវិតរបស់យើង។ ប្រជាជននៅប្រទេសអភិវឌ្ឍន៍តែងមានទម្លាប់ដើរកម្សាន្ត ឬទេសចរណ៍ទៅកាន់តំបន់នានាដែលជាគោលបំណងរបស់ពួកគេ និងបានចាត់ទុកជាវិស្សមកាលជីវិតដ៏ស្រស់ត្រកាល។

បើយោងតាមការសិក្សាបានបង្ហាញថា នៅពេលដែលបុគ្គលម្នាក់មានអាការៈតានតឹងចិត្ត ឬស្ត្រេសកើតឡើងបណ្តាលឱ្យគុណភាពជីវិតធ្លាក់ចុះ ដំណើរកម្សាន្តវិធីសាស្ត្ររំដោះខ្លួនចេញពីសម្ពាធផ្លូវចិត្តដ៏ល្អបំផុត ដើម្បីឱ្យមនុស្សចេះទុកពេលវេលាឱ្យខ្លួនឯងពិចារណារឿងរ៉ាវល្អ និងបង្កើតដំណោះស្រាយថ្មីៗយកឈ្នះលើបញ្ហាប្រឈម។ ប្រសិទ្ធភាពនៃថាមពលជីវិតអាស្រ័យដោយមនុស្សជាអ្នកកំណត់ ហើយទន្ទឹមគ្នានេះមានហេតុផល៤ចំណុចដែលមនុស្សគួរពង្រឹងគុណភាពជីវិតចេញពីការដើរកម្សាន្ត។

១. ដំណើរកម្សាន្តជួយបង្កើតភាពរីករាយ៖ 
ដើរកម្សាន្តឱ្យចិត្តរីករាយ និងទទួលបានទិដ្ឋភាពជីវិតប្លែកៗ ដែលជាគោលដៅសំខាន់បំផុតរបស់ទេសចរ ។ មិនថាតែដំណើរកម្សាន្តនោះជិតផ្ទះ ឆ្ងាយពីផ្ទះ រយៈពេលវែង ឬរយៈពេលខ្លីនោះទេ ប្រសិនបើមនុស្សចេះរៀបចំផែនការដំណើរកម្សាន្តនៃថ្ងៃសម្រាកពីការងាររបស់ខ្លួនបានល្អ នោះកម្មវិធីនានាក្នុងដំណើរកម្សាន្តកាន់តែមានអត្ថន័យ ព្រមទាំងទទួលបានភាពរីករាយបំផុត។ ដើម្បីឱ្យដំណើរកម្សាន្តបែបនេះកាន់តែគុណប្រយោជន៍សម្រាប់ជីវិត គួរប្រមូលព័ត៌មានឱ្យបានច្រើនពីទីតាំងដែលយើងមានបំណងទៅពីអ្នកជំនាញ ឬព័ត៌មាននានា។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រាកដថា កន្លែងដែលអ្នកនឹងទៅនោះ ជាទីតាំងដែលសមស្របនឹងចិត្តគំនិតរបស់អ្នក និងមានឥទ្ធិពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត ។

២. ដំណើរកម្សាន្តជួយឱ្យមនុស្សពិចារណាស៊ីជម្រៅ៖ 
គុណតម្លៃមួយដែលទេសចរគ្រប់រូប ឬអ្នកចូលចិត្តដើរកម្សាន្តទទួលបានពីដំណើរកម្សាន្តផ្ទាល់ខ្លួន គឺដឹងពីបទពិសោធជីវិតសហគមន៍ដែលពួកគេបានទៅដល់ទីនោះ។ គេអាចនិយាយថា “ដើរច្រើនមនុស្សអាចរៀនសូត្របានច្រើន” ហើយក៏អាចយល់ច្រើនពីភាពខុសប្លែកគ្នាក្នុងដំណើរជីវិតមនុស្សម្នាក់ៗ។ ពេលខ្លះបញ្ហាជីវិតទាំងឡាយ មិនមែនកើតឡើងចំពោះយើងតែម្នាក់នោះទេ តែក៏កើតលើមនុស្សឯទៀតដែលប្រហាក់ប្រហែលនឹងយើង។ ដូច្នេះបរិស្ថានសង្គមដែលយើងបានជួបទាំងនោះ នឹងក្លាយជាកម្មវត្ថុសម្រាប់ការពិចារណាដ៏ស៊ីជម្រៅមួយដើម្បីពង្រឹងគុណភាពជីវិតរបស់យើង។

៣. ដំណើរកម្សាន្តជួយឱ្យបង្កើតអនុស្សាវរីយ៍៖ ស្ទើរគ្រប់ទីន្លែងកម្សាន្តទាំងអស់សុទ្ធសឹងបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនដល់អ្នកទេសចរ។ ថ្វីបើដំណើរកម្សាន្តនោះរយៈពេលខ្លី ឬឆាប់ក៏ដោយ ក៏មនុស្សអាចដឹងពីរបៀបរបបរស់នៅរបស់មនុស្ស ស្គាល់ចរឹកលក្ខណៈរបស់មនុស្ស យល់ពីកម្រិតវប្បធម៌ និងឥរិយាបថប្រាស្រ័យទាក់ទងនានាក្នុងសហគមន៍។ គ្រប់ទំនាក់ទំនងដែលបានកើតឡើង ជាបទពិសោធថ្មីដែលជំរុញឱ្យចិត្តមានមេត្តា ក្តីស្រឡាញ់ និងជួយអ្នកដទៃដោយភាពរីករាយ ។ ឧទាហរណ៍ បុគ្គលម្នាក់មិនមានបទពិសោធរស់នៅតំបន់ជនបទ រូបគេពុំធ្លាប់ឃើញការលំបាករបស់កុមារជនបទពេលទៅសាលារៀន នោះគេនឹងចាប់អារម្មណ៍ខ្លាំងលើភាពខុសគ្នានៃបទពិសោធផ្ទាល់ខ្លួន និងជីវិតកុមារជនបទ។ ការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនទៅនឹងជីវភាពសហគមន៍ នោះក៏ជាវិធីសាស្ត្រមួយដែលជួយឱ្យផ្លូវចិត្តរឹងមាំ និងរស់នៅពោរពេញដោយក្តីសង្ឃឹមដែរ។

៤. ដំណើរកម្សាន្តចេះជួយគ្នាទៅវីញទៅមក៖ 
គោលដៅសំខាន់បំផុតនៃដំណើរកម្សាន្ត គឺបង្កើនថាមពលចិត្ត ឬបំពេញបន្ថែមដល់ភាពខ្វះចន្លោះនៃចិត្ត និងការគិតរបស់មនុស្ស។ ផ្នែកមួយនៃការជួយខ្លួនឯងឱ្យមានស្ថានភាពផ្លូវចិត្តល្អប្រសើរ គឺចេះជួយអ្នកដទៃដោយចិត្តស្មោះ។ ការជួយអ្នកដទៃវាមិនអាក្រក់នោះទេ ប្រសិនបើយើងដឹង និងស្គាល់ច្បាស់ថាបុគ្គលនោះពិតជាត្រូវការជំនួយ ដោយជំនួយដែលអាចធ្វើបានល្អបំផុតនោះគឺការផ្តល់ព័ត៌មានត្រឹមត្រូវដល់អ្នកដទៃ ការផ្តល់អាហារ និងទឹកដល់អ្នកដទៃ ព្រមទាំងចេះលើកទឹកអ្នកដទៃដែលធ្វើដំណើរជាមួយគ្នាឱ្យរីករាយនៅក្នុងដំណើរកម្សាន្ត ។

គួរបញ្ជាក់ថា ដំណើរកម្សាន្តសម្រាប់មនុស្សម្នាក់ៗតែងប្រព្រឹត្តិទៅខុសៗគ្នា ហើយចំណង់ចំណូលចិត្តជ្រើសរើសទីតាំងដើម្បីដើរកម្សាន្តក៏ខុសគ្នាដែរ។ ប្រសិនបើបុគ្គលយល់ថា ខ្លួនកំពុងទទួលរងសម្ពាធចិត្តអ្វីមួយ ឬចង់រំដោះខ្លួនពីអាការៈសុញគំនិតនោះ ការដើរកម្សាន្តជាជម្រើសល្អបំផុត ហើយវាប្រសើរជាងជម្រើសនៅស្ងៀមមួយកន្លែង ឬសំងំខ្លួននៅតែក្នុងបន្ទប់។ ដើរកម្សាន្តគួរធ្វើជាក្រុមទើបរីករាយ ព្រោះវាជាឱកាសដែលអាចទទួលបានការចែករំលែកគំនិតល្អៗដល់គ្នាទៅវិញទៅមក និងអាចជួយយកអាសាគ្នាផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
 https://education.ams.com.kh/life-education/news/traveling-is-a-great-way-to-increase-your-life-energy\