អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “សុខភាពរបស់អ្នកល្អ នោះឱកាសជោគជ័យរបស់អ្នកកាន់តែច្រើន”
អត្ថបទដកស្រង់ដោយ : ឥន សូហ្វីយ៉ា
#MJQE #AmericanInterconSchool
នៅពេលដែលអ្នកមានសុខភាពល្អ នោះអ្នកនឹងមានគ្រប់យ៉ាងបាន!
តើយើងមិនអាចព្យាករណ៍ពីសុខភាពយើងទេ មែនទេ?
តាមរយៈបណ្តាញសង្គម និងតាមដងផ្លូវ ចំនួននៃអ្នកជិះកង់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពួកគាត់ជិះដើម្បីសប្បាយផង និងដើម្បីសុខភាពផង។ សុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ព្រោះថាបើមិនមានសុខភាពល្អទេ យើងក៏នឹងមិនអាចសម្រេចសមិទ្ធិផលអ្វីបានឡើយ។ ដោយសារតែលក្ខខណ្ឌសុខភាពល្អនាពេលបច្ចុប្បន្ន យើងអាចនឹងរស់នៅដោយគិតថា គ្មានអ្វីធ្ងន់ធ្ងរអាចកើតឡើងលើរូបយើងឡើយ។ តែការពិតនោះ មិនប្រាកដទេថាថ្ងៃស្អែកយើងគ្រប់គ្នាអាចងើបពីដំណេកជាមួយនឹងសុខភាពល្អដូចថ្ងៃនេះនោះទេ។ បើដឹងថាសុខភាពរបស់យើងនឹងមិនស្ថិតស្ថេរដូចថ្ងៃនេះ អ្នកនៅមិនយកចិត្តទុកដាក់ពីសុខភាពអ្នកទៀតឬយ៉ាងណា? មុនថ្ងៃស្អែកចូលមកដល់ និងបន្ទាប់ពីអានអត្ថបទនេះរួច យើងសង្ឃឹមថាថ្ងៃនេះជាថ្ងៃចុងក្រោយដែលអ្នកព្រងើយកន្តើយនឹងផែនការថែរក្សាសុខភាពរបស់អ្នក ដោយសារតែសុខភាពរបស់យើងម្នាក់ៗមិនស្ថិតស្ថេរទេ។
មហារីក :
តាមរយៈការសិក្សាមួយបានឱ្យដឹងថា នៅក្នុងខ្លួនរបស់យើងម្នាក់ៗមានកោសិកាជាង៣០សែនកោដិ។ កោសិកាខ្លះបានស្លាប់ ខ្លះក៏កើតឡើងវិញ ហើយខ្លះទៀតបានផ្លាស់ប្តូររូបរាង។ ប្រសិនបើកោសិការបស់យើងបន្តកកើតឡើង យើងនឹងមានសុខភាពល្អ ហើយមុខងាររាងកាយនឹងដំណើរការល្អធម្មតា។ ប៉ុន្តែបើកោសិការបស់យើងចាប់ផ្តើមផ្លាស់ប្តូររូបរាង នោះបញ្ហាសុខភាពនឹងកើតមានឡើង។ នេះមិនមែនជាកំហុសរបស់យើងទេ។ វាក៏មិនមែនមកពីតំណពូជ ឬទម្លាប់អាក្រក់ដែលយើងមិនបានថែទាំរាងកាយឡើយ តែវាជាជំងឺមហារីក។
ទម្លាប់របស់យើង :
ប្រសិនបើយើងបន្តបណ្តែតបណ្តោយខ្លួនឯង ជាមួយនឹងទម្លាប់អាក្រក់ដែលបំផ្លាញសុខភាពរបស់យើង នោះអ្វីដែលយើងអាចរំពឹងទុកបានគឺជាផលវិបាកផ្នែកសុខភាពដូចគ្នា។ ជំងឺដែលគំរាមកំហែងដល់អាយុជីវិតដូចជា ជំងឺគាំងបេះដូង ជំងឺសួត មហារីក ឬខ្សោយក្រលៀន (តម្រងនោម) គឺជាជំងឺដែលអាចកើតមានឡើងដោយសារការជក់បារី ការទទួលទានអាហារមិនល្អ ឬការទទួលទានគ្រឿងស្រវឹងច្រើនជាដើម។
ភាពចៃដន្យ :
ជួនកាលកោសិកាក្នុងខ្លួនរបស់យើងដំណើរការបានល្អធម្មតា ហើយយើងក៏បានបង្កើតទម្លាប់ល្អៗ ដើម្បីធ្វើឱ្យមានសុខភាពល្អ ប៉ុន្តែយើងនៅតែអាចឈឺ ដោយប្រការចៃដន្យដូចជា ការឆ្លងមេរោគ ឬទទួលរងនូវផលប៉ះពាល់ពីជំងឺរាលដាលជាសកលដូចជា ជំងឺសារ ឬកូវីដ-១៩ ជាដើម។
តើយើងអាចត្រៀមខ្លួនបានដោយរបៀបណា?
ទោះបីសុខភាពរបស់យើងមិនស្ថិតស្ថេរមែន ក៏មិនមែនបានន័យថា យើងត្រូវតែអង្គុយគិត ដេកគិត និងខ្វាយខ្វល់ថាតើកោសិការបស់យើងនឹងផ្លាស់ប្តូររូបរាងឬទេ ឬព្យាយាមទាយទុកនូវប្រការចៃដន្យនានានោះដែរ។ ការខ្វាយខ្វល់ច្រើនពេកក៏នឹងមិនធ្វើឱ្យស្ថានការណ៍បានល្អប្រសើរឡើយ ហើយថែមទាំងខាតពេលវេលា និងកម្លាំងទៀតផង។ ក្នុងករណីដែលមានជំងឺធ្ងន់ធ្ងរ យើងត្រូវចំណាយលុយច្រើន និងគិតគូរថាត្រូវព្យាបាលនៅពេទ្យណាទៀត។ សូមចាំថាគ្មានអ្វីសំខាន់ជាងសុខភាពយើងឡើយ៕